កណ្ដាលៈ លោក​នា​យក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ម្សិល​មិញ​បាន​ជំរុញ​ឱ្យសហ​ជីព​ដែល​​រង​បណ្តឹង​បញ្ជួន​ឯកសារ​សំណូម​ពរតាមរយៈ​ក្រសួង​ការ​ងារ​​ទៅក្រសួង​យុត្តិ​ធម៌​ធ្វើការ​ជា​មួយ​តុលា​ការ​ដើម្បីពន្លឿន​​នីតិវិធី​ថា​តើ​ត្រូវ​ជម្រះ​ឬ​ទម្លាក់​បទ​ចោទ​ ឬ​ តម្កល់​មិន​ចាត់​ការ​នៃ​សំណុំ​រឿង​ទាំងនោះ ​ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ឆ្នាំ​នេះ​ទេ​។​

ការ​ថ្លែង​ដូច​នេះ​ បាន​ធ្វើឡើ​ង នៅ​ពេល​លោក​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មក​រជិត​ ១៨​ ០០០​ នាក់​មក​ពី​រោង​ចក្រសហ​គ្រាស​ចំនួន​ ១២​ នៅ​ខេត្ត​កណ្តាល​ ដោយ​លោក​ផ្ដោត​លើ​​សិទិ្ធ​របស់​កម្មករ​និង​សេរី​ភាព​ការ​ងារ​បស់​សហ​ជីព។​

នេះជា​លើក​ទី២ហើយដែលលោកលើកឡើងក្នុងខែវិច្ឆិកាពីករណីនេះជា​អ្វី​ដែល​លោក​ទំនង​ជា​ចង់​ជួយ​ចូល​រួមសម្រាល​សម្ពាធ​ពី​សហ​ជីព​ដែល​រង​បណ្ដឹង​និង​កំពុង​ស្ថិត​ក្នុង​សមត្ថ​កិច្ច​នៅ​តុលា​ការ​​។

លោក​នាយ​ករដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​បាន​ប្រគល់​ឱ្យ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ ​ឥឡូវ​សុំ​តាមរយៈ​នេះ​​អំពាវ​នាវ​គ្រប់​សហជី​ព​ទាំងអ​ស់​ដែល​ជាប់​ពាក្យ​បណ្តឹង​ទាំង​ឡាយ​សុំ​បញ្ជួន​សំណើ​នោះ​ទៅរ​ដ្ឋមន្រ្តី​ក្រសួង​ការងារ​​​ ដើម្បី​ធ្វើកា​រងារ​ហ្នឹង​ជា​មួយ​ក្រសួង​យុត្តិ​ធម៌​និងផ្នែក​តុលា​ការ​។​ រឿង​ខ្លះអត់​ទាន់​មាន​ការ​ស៊ើ​ប​អង្កេត​ទេ​ ឥឡូវ​តាម​ដឹង ​បន្ទាប់​ពី រ​ដ្ឋ​ម​ន្រ្តីក្រ​សួ​​ងយុ​តិ្ត​​ធម៌ធ្វើកា​រ​ តុលា​ការ​បាន​កំពុង​ពន្លឿន​ការ​ស៊ើបអ​ង្កេត​ដើម្បី​បិទ​បញ្ចប់​ស៊ើប​អង្កេត»។

​«បើ​តុលា​ការ​​ស​ន្និដ្ឋា​ន​​ឬមួយ​យក​ទៅ​ជម្រះ​ ហើយ​បើ​យក​ក៏​យក​ជម្រះ​ឱ្យ​រហ័ស​ ឬ​មួយ​គេ​ទម្លាក់​ចោល​ តម្កល់​ទុក​ គេ​មិន​ចា​ត់ការ​កុំឱ្យ​ដូច​ស្ថាន​ភាព​សព្វ​ថ្ងៃ»​។​

លោក​នាយ​ករដ្ឋមន្រ្តី​ ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​ មេស​ហជីព​ខ្លះ​មិន​ទាន់​មាន​សិទិ្ធ​សេរី​ភាព​ពេញ​លេ​ញ​បម្រើកម្មករទេ​ខណៈ​ខ្លះ​កំពុង​ធ្វើ​ការ​នៅ​ក្រោមឥ​ទិ្ធពល​នៃ​ពាក្យ​បណ្តឹង​​ដែលជា​រឿង​មិន​ល្អ ​ប៉ុន្តែ​លោក​សើ្នឱ្យ​ម្ចា​ស់រោ​ច​ក្រ​ និង​​កម្ម​ករ​គោរ​ពច្បាប់​។

លោក​បាន​បន្ថែម​ថា៖« ដើម្បី​ចៀស​វាង​នូ​វកូដកម្ម​បាតុក​ម្ម ​ដែល​វា​មិន​ចាំបាច់​ គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​កា​រសន្ទនា​គ្នា​ដោយ​ការ​យោគ​យោល់​ ជម្រើស​បណ្តេញ​កម្មករ​ចេញ​ សហ​ជីព​ចេញ​ មិន​មែនជ​ម្រើសល្អ​ទេ។​នេះ​គ្រា​ន់តែ​ជា​កា​រ​បង្កើត​ភាព​តាន​តឹង​ឱ្យ​មាន​ការ​មិន​សប្បា​យ​ចិត្ត។​ដូច្នេះ​មាន​រឿង​តូច​តាច​ក្តី​ ប្រញប់​ប្រញល់​ដោះ​ស្រា​យជា​មួ​យ​គ្នា​»​។​

លោក​បាន​កត់​សម្គាល់​ថា​៖« មេ​សហ​ជីព​ពេល​ខ្លះ​កំពុង​ធ្វើការ​នៅ​ក្រោម​ឥទិ្ធពល​នៃ​ពាក្យ​បណ្តឹង​នេះ ​វា​ជា​រឿង​មិន​ល្អទេ​​។​លំហ​សេរី​ភាព​នៃ​ការ​ធ្វើការ​របស់​សហ​ជីព​ ​មិន​ទាន់​ទទួល​បាន​ពេញ​លេញ​ទេ​ អ៊ីចឹង​សូម​ឱ្យ​ក្រសួង​ការងារ​តាមរ​យៈ​ក្រសួង​យុត្តិ​ធម៌ធ្វើការ​ជា​មួយ​តុលាកា​រ​ដើម្បី​បិទ​បញ្ចប់​សំណុំ​រឿង​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​សកម្ម​ភាព​របស់​សហ​ជីព...​។​ នេះ​ជា​ផ្នែ​ក​មួយ​នៃ​ការ​ធានា​សិទ្ធិ​ការ​ងារ​ សិទិ្ធ​នយោបា​យ​ របស់​សហ​ជីព​ និង​កម្មករ​​ របស់​យើង​ ផង​ដែរ»​។​

យ៉ាង​ណាក្ដី ​លោក ​ហ៊ុន សែន បាន​ស្នើកុំ​ឱ្យ​មាន​សំណុំរឿ​ងនេះ​ទៅដ​ល់​ឆ្នាំ​​២០១៩​​ ដោយ​ត្រូវ​ធ្វើ​ឱ​ប្រញា​ប់​។​

លោក​បាន​បញ្ជា​ក់ទៀត​ថា​៖«​ដូច​ច្នេះ​សុំ​ប្រញប់។​​អាត់​ធន់​បាន​ដាក់​មក​ហើយ ​ប៉ុន្តែ​ អាត់ ​ធន់​ មិន​មែន​ជា​ម្ចាស់​សំណុំរឿង​នៃ​សហ​ជីព​ដទៃ​ទេ។​សុំឱ្យ​សហ​ជីព​ទាំង​ឡាយ​ដែល​មាន​ពាក្យ​បណ្តឹង​នៅ​តុលា​ការ​ សុំដាក់​សំណូម​ពរនេះ​មក​ក្រសួង​ការងា​រ​នេះ​ជាកា​រ​ប្រ​គល់​​ដោយចំ​ហ… ​»។​ ​

លោក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័​ន្ធ​ស​ហ​ជីព​ក​ម្ពុ​ជា​បាន​ថ្លែង​ថា ​លោកស្រី​នឹ​ង​ផ្ញើឯ​ក​សារ​​សំណុំ​រឿ​ង​ទៅ​ក្រ​សួង​កា​រងា​រ​ នៅ​ថ្ងៃនេះ​​​ ខណៈ​មាន​ប្រធាន​សហ​ជីព​តាម​រោង​ច​ក្រ ​និង​ក្រុ​ម​ហ៊ុន​រ​ប​ស់លោ​កស្រី​ចំ​នួ​ន​​៤​​ត្រូ​វ​​បាន​ប្តឹង​ពីប​ទ​ញុះញ​ង់​ឱ្យ​មាន​ហិង្សា​ជា​ដើម​។ ប៉ុន្តែ​ លោក​ស្រី​សា​ទរ​ដែល​លោក​នាយ​ក​រដ្ឋមន្រ្តី​ទទួល​ស្គាល់​ពី​ការ​រង​ស​ម្ពាធ​របស់​ក្រុម​សហ​ជីព​ដែល​បាន​ការពារ​សិទិ្ធ​កម្មក​រ​ ។​

លោក​ស្រី ប​ញ្ជាក់ថា​៖ «ប្រ​ហែល​ជាគា​ត់​គិត​ឃើញ​ថា​ ពួក​ខ្ញុំ​បម្រើ​ការ​ងារ​រា​ល់​ថ្ងៃ ​​វា​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពិត​ប្រាក​ដ​។ ពី​ព្រោះ​ពួក​ខ្ញុំដើរ​តួនាទី​ក្នុង​ការ​ចរ​ចាប្រាក់​ឈ្នួល ​ជជែក​ជាស​មូ​ហ​ភាព​ ជា​មួយ​និយោ​ជក ។​ ប៉ុន្តែ​ពេលច​រចា​​យើង​សិ្ថត​ក្នុង​បណ្តឹង​ អ៊ីចឹង​គីឡូ​អត់​ស្មើគ្នា​។​ពួក​ខ្ញុំច​រ​ចា​ស្ថិត​ក្នុ​ងគំ​នាប​អ៊ីចឹងសួ​រថា​ ឥ​ទិ្ធពល​នៃ​ការ​ចរចា​វា​យ៉ាង​ម៉េចវិ​ញ​…?​»។

លោកស្រី​បន្ថែ​ម​ថា៖ ​«វា​ជា​គំនិត​ល្អដែរ ​ដែល​ពួកគាត់​ចង់ឱ្យ​សហជីព​រួច​ផុត​ពីបណ្តឹង​​ ហើយ​អនុវត្ត​សិទិ្ធ​សើ្មគ្នា។​

ទាក់​ទឹននឹ​ង​ប​ញ្ហានេះ​ កា​ល​ពី​ដើម​ខែមុន​ មាន​សមាគម​អាមេរិក​ចំនួន​ ២ ​ ​បាន​សរសេរ​លិខិត​រួមគ្នា​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ បន្ទាប់ពី​ពួក​គេ​បាន​ជួប​ជា​មួយ​ក្រសួង​នេះ​ដើម្បី​ពិភា​ក្សា​អំពី​សិទ្ធិ​ការងារ​ និង​សេរី​ភាព​សហ​ជីព​។

លោក​ ឃុន ​ថារ៉ូ​ នាយក​រង​កម្មវិធី​របស់​អង្គការ​សង់​ត្រាល់ ក៏​បានស្វា​គ​ម​ន៍កា​រ​លើ​កឡើ​ង​រ​ប​ស់​លោក​នា​យ​ក​រ​ដ្ឋម​ន្រ្តី​ផ​ងដែ​រ ប៉ុ​ន្តែ​​លោក​សូ​មឱ្យ​កា​រ​អនុ​គ្រោះ​និ​ង​ទ​ម្លា​ក់​បទ​ចោ​ទ​នោះ ត្រូ​វ​មា​ន​ចំ​ពោះ​ប្រ​ធា​នស​ហជី​ព​មូល​ដ្ឋា​នតាម​​រោង​ច​ក្រ​និ​ង​ក្រុម​ហ៊ុ​ន​មិន​មែន​ត្រឹ​មតែ​ថ្នា​ក់​ដឹក​នាំ​ស​ហ​ជីព​ល្បីៗ​នោះ​ទេ​​ ។

លោក​បញ្ជាក់​ថា​៖ «ការ​បន្ត​ប្រើប្រា​ស់​​​តុលា​ការ​ក្នុង​ការ​បៀត​បៀន​តំណាង​ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យ​ ជា​ពិសេស​ថ្នាក់​ក្រោម​កាន់​តែ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ​ទៅ​លើ​សេរី​ភាព​កម្ម​ករ ​ក្នុង​ការ​ជួ​បជុំ​»​។

លោក​ ជិន ម៉ាលីន​​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែងថា​ តុលា​ការ​រាជធា​នី​-ខេត្ត​ កំពុង​សិក្សា​ករណី​នីមួយៗ​។

លោក​ថា៖​«​យើង​កំពុង​តែ​ត្រួត​ពិនិត្យ​ទៅ​តាម​យន្ត​ការ​តុលា​ការ​គ្រប់​រាជ​ធានី​ខេត្ត​ឱ្យគាត់​សើរើមើ​ល​ថា ​តើ​ពាក្យ​បណ្តឹង​សំណុំ​រឿង​ទាក់​ទង​សហ​ជីព​មាន​សំណុំ​រឿង​អី​គេ​ខ្លះ​ សំណុំ​រឿង​មួយ​គាត់​ប្តឹងគ្នាឯង ​សំណុំ​រឿងមួ​យ​គាត់វិវា​ទឯកជ​ន សុំណុំរឿង​មួយ​រវាង​សហ​ជីព​ជាមួយ​សហជីព ។​ អ៊ី​ចឹងទេ ​ឥឡូវ​យើង​កំពុង​សិក្សា​មើល​ទៅលើ​សំណុំរឿង​នីមួយៗ។​សំណុំរឿងខ្លះ​ស្ថិតនៅ​តំណាង​អយ្យការកំពុងចោទ ​ហើយ​សំណុំរឿង​ខ្លះ​កំពុង​នៅចៅក្រម​ស៊ើប​សួរ​ ...»​៕