ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ​គ្រប់រូប​បន្ថែម​ការយក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​លើ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ខណៈ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​មាន​ការថយចុះ​គួរ​ឱ្យ​កត់សម្គាល់​។

ការក្រើន​រំឭក​បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​សារលិខិត​អបអរសាទរ​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​ ៦ ក្រោម​ប្រធានបទ «​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺជា​ជម្រើស​ដ៏ប្រសើរ​សម្រាប់​អភិវឌ្ឍ​មូលធន​មនុស្ស និង​សេដ្ឋកិច្ចជាតិ​» ដែល​តែង​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី​ ៦ ខែ​វិច្ឆិកា ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារលិខិត​នោះ​ថា ទិវា​ជាតិ​អាហារូបត្ថម្ភ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលបំណង​អប់រំ និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​នៅ​ទូទាំង​ប្រទេស​អំពី​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​មូលធន​មនុស្ស បង្កើន​ប្រសិទ្ធភាព​ការងារ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​វឌ្ឍនភាព​សង្គម​។

លោក​បាន​បន្តថា​៖ «​ការលើក​កម្ពស់​អាហារូបត្ថម្ភ​គឺជា​បញ្ហា​អន្តរវិស័យ​ដែល​តម្រូវ​ឱ្យ​មាន​កិច្ចសហការ​ល្អ ការសម្របសម្រួល និង​ការចូលរួម​ដោយ​យកចិត្ត​ទុកដាក់​ទៅលើ​ការអន្តរាគមន៍ និង​ការវិនិយោគ​នៅក្នុង​វិស័យ​ពាក់ព័ន្ធ​នានា ដូចជា វិស័យ​សុខាភិបាល អប់រំ ការងារ កសិកម្ម អភិវឌ្ឍន៍ជនបទ ទឹកស្អាត និង​អនាម័យ​យេនឌ័រ​សេដ្ឋកិច្ច​ និង​ការងារ​គាំពារ​សង្គម​ជាដើម​»​។

តាម​របាយការណ៍​អង្កេត​សុខភាព​ និង​ប្រជាសាស្ត្រ​ឆ្នាំ​ ២០១៤ របស់​ក្រសួង​ផែនការ​បាន​ឲ្យ​ដឹងថា អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​សម្រាប់​កុមារ​អាយុ​ ៦ ​ខែ​ដំបូង​ បាន​ធ្លាក់​ចុះ​ពី​ ៧៣,៥ ភាគរយ ​នៅ​ឆ្នាំ​ ២០១០ មក​ត្រឹម​ ៦៥ ​ភាគរយ​ នៅ​ឆ្នាំ​ ២០១៤ ហើយ​ការបន្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​សម្រាប់​កុមារ​អាយុ​ ១២ ​ដល់​ ១៥ ​ខែ ក៏​បាន​ធ្លាក់ចុះ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​កត្តា​ទាំងនេះ​អាច​មាន​ហេតុផល​មួយ​ចំនួន​ដូចជា កង្វះខាត​ចំណេះដឹង​អំពី​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ កង្វះខាត​ការគាំទ្រ​ពី​សំណាក់​ក្រុម​គ្រួសារ​ក្នុង​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ការធ្វើ​ចំណាកស្រុក​របស់​ម្តាយ​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ការ​សម្រាក​ក្នុងអំឡុង​ពេល​លម្ហែ​មាតុភាព​មាន​ពេល​កំណត់​ខ្លី​ពេក និង​ជាពិសេស​ការរីក​រាលដាល​នៃ​ការផ្សព្វផ្សាយ​លក់​ផលិតផល​ម្សៅ​ទឹកដោះគោ​ជំនួស​ទឹកដោះ​ម្តាយ​ដែល​ធ្វើឱ្យ​ប្រជាជន​មាន​ការភាន់ច្រឡំ​អំពី​គុណ​តម្លៃ​ទឹកដោះ​ម្តាយ ជាក់ស្តែង​គឺ​ពុំ​មាន​ផលិតផល​ម្សៅ​ទឹកដោះគោ​ណា​មួយ​អាចមក​ជំនួស​ទឹកដោះ​ម្តាយ​បានទេ​»​។

ទន្ទឹម​នឹង​នោះ​លោក​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ការយល់ដឹង​ជា​សាធារណៈ​អំពី​សារៈសំខាន់ និង​គុណតម្លៃ​នៃ​ទឹកដោះ​ម្តាយ​សំដៅ​ផ្លាស់ប្តូរ​ឥរិយាបថ​អ្នកពាក់ព័ន្ធ ជាពិសេស​មាតា-បិតា និង​អាណាព្យាបាល​គ្រប់រូប​លើ​ការអនុវត្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​​ក្នុង​អំឡុងពេល​ ១ ​ម៉ោង​ដំបូង ក្រោយពី​សម្រាល​រួច​ភ្លាមៗ​។ ​

បន្ទាប់មក​ត្រូវ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​សម្រាប់​កុមារ​អាយុ​ ៦ ​ខែ​ដំបូង និង​បន្ត​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​រហូត​ដល់​កុមារ​អាយុ​បាន​ ២ ​ឆ្នាំ​យ៉ាងតិច​ ឬ​លើស​ពី​នេះ​ជាមួយ​នឹង​ការផ្តល់​អាហារ​បន្ថែម​សម្រាប់​កុមារ​អាយុ​ពី​ ៦ ​ខែ​ឡើង​ទៅ ។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែមថា​៖ «​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ស្ត្រី​ដែល​ជា​ម្តាយ និង​ទារក​ទើប​កើត ទាំង​ផ្នែក​សុខភាព និង​ទាំង​សតិបញ្ញា​ស្មារតី​ព្រមទាំង​បាន​ផ្តល់​ដល់​ទារក​នូវ​ការចាប់ផ្តើម​ជីវិត​ដ៏ល្អ ព្រោះ​​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​រាល់​សារជាតិ​ចិញ្ចឹម​ទាំងអស់​ដែល​ទារក​ត្រូវការ និង​ជា​ថ្នាំ​បង្ការ​ដំបូង​បំផុត​សម្រាប់​ការពារ​ទារក​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​»​។

លោក មាស ប៊ុនលី មន្ត្រី​ជំនាញ​ផ្នែក​ទំនាក់ទំនង អង្គការ​យូនីសេហ្វ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កម្ពុជា​ធ្លាប់​ទទួល​បាន​ភាពជោគជ័យ​ខ្លាំង​ក្នុង​ការលើក​កម្ពស់​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ដែល​មាន​ប្រមាណ​ ៧៥ ​ភាគរយ​នៅ​ចន្លោះ​ឆ្នាំ ២០០០ ​ដល់​ឆ្នាំ​ ២០១០​។

ប៉ុន្តែ​លោក​ថា អត្រា​នេះ​បាន​ធ្លាក់ចុះ​មកវិញ ដែល​ធ្វើឲ្យ​មាន​ការបារម្ភ​ខ្លាំង ព្រោះ​ពលរដ្ឋ​មាន​ការយល់ច្រឡំ​តាមរយៈ​ការផ្សព្វផ្សាយ​ម្សៅ​ទឹកដោះគោ​ដែល​ថា​វា​មាន​ប្រសិទ្ធភាព​ដូច​ទឹកដោះ​ម្តាយ ខណៈ​កត្តា​ការងារ​ក៏​ជា​ផ្នែក​ដែល​ជំរុញ​ឲ្យ​ស្ត្រី​បោះបង់​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ខ្លួនឯង​ផងដែរ​។

លោក​បន្តថា​៖ «​សម្រាប់​យើង​មាន​ការព្រួយបារម្ភ​ជាខ្លាំង ប្រសិន​បើ​មាន​និន្នាការ​ធ្លាក់ចុះ​បន្តទៀត​នឹង​មាន​ផលប៉ះពាល់​ទៅ​សុខភាព​កុមារ និង​អភិវឌ្ឍ​របស់​កុមារ​មែនទែន​។ ទឹកដោះ​ម្តាយ​ជា​ថ្នាំ​បង្ការ​ដំបូង​បំផុត ហើយ​ជា​ប្រភព​នៃ​អាហារូបត្ថម្ភ​ដែល​ល្អ​ជាងគេ ព្រោះ​មាន​ជីវជាតិ​ច្រើន​ជួយ​ការអភិវឌ្ឍ​ផ្នែក​ខួរក្បាល​របស់​គាត់​។ សម្រាប់​ម្តាយ​វិញ​ក៏​ទទួលផល​ប្រយោជន៍​ដែរ ដោយ​បំបាត់​​ការតានតឹង អាច​បង្ការ​ជំងឺ​មហារីក​ដោះ ហើយ​អាច​ជួយ​ការពារ​ជំងឺ​ផ្សេងៗ​ទៀត​សម្រាប់​ស្ត្រី​» ។

លោក មាស ប៊ុនលី បាន​លើកឡើង​ថា ដំណោះស្រាយ​ល្អ​ដែល​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ការបំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​នោះ គឺ​ត្រូវ​លើកកម្ពស់​ការយល់​ដឹង​ពី​សារៈប្រយោជន៍​នៃ​ការបំបៅ​ដោះ​កូន​ទៅ​ដល់​ម្តាយ​ដោយមាន​ការចូលរួម​ពី​ក្រុមគ្រួសារ និង​សហគមន៍​ត្រូវ​ផ្តល់​ឱកាស​ឈប់សម្រាក​សម្រាប់​ស្ត្រី​ក្នុង​ការសម្រាល​មាតុភាព​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ត្រឹមត្រូវ​។ ​ជាពិសេស​នោះ​លោក​ចង់​ឲ្យ​មាន​ការគ្រប់គ្រង និង​ដាក់​កំហិត​ទៅ​លើ​ការផ្សព្វផ្សាយ​ និង​ការចរាចរណ៍​​ផលិតផល​ម្សៅ​ទឹកដោះគោ ដើម្បី​បង្ហាញ​ថា​ទឹកដោះ​ម្តាយ​មាន​សារៈសំខាន់​ជាង​ម្សៅ​ទឹកដោះ​ទាំងនោះ​៕