ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាបានផ្តល់ថវិកាចំនួន ៣ ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ខណៈដែលសប្បុរសជនជាច្រើនទៀតក៏បានផ្ញើថវិកាចូលរួមសម្រាប់សកម្មភាពមនុស្សធម៌នេះផងដែរ។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការីកាកបាទក្រហមកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៤ មេសាថា ក្រៅពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដែលជាប្រធានកាកបាទក្រហមកម្ពុជាក៏នៅមានសប្បុរសជនមកពីគ្រប់ទិសទីបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជាផងដែរ។
ទោះជាយ៉ាងណា លោកស្រី ពុំ ចន្ទីនី បញ្ជាក់ថា រហូតថ្ងៃនេះ (ទី ៤ ខែមេសា) គឺមិនទាន់បានបូកសរុបលទ្ធផលពីចំនួនថវិកាដែលសប្បុរសជនបានចូលរួមវិភាគទាននៅឡើយទេ ព្រោះកាកបាទក្រហមកម្ពុជាទើបតែចាប់ផ្តើមផ្សព្វផ្សាយឱ្យសប្បុរសជនចូលរួមវិភាគទានថវិកាកាលពីអាទិត្យមុននេះ។
លោកស្រីបានថ្លែងថា៖ «ថវិកាដែលសប្បុរសចូលរួមវិភាគទាន មានទាំងតូច មានទាំងធំ មានទាំងការផ្ញើក៏មានដែរ ព្រោះសប្បុរសជនមិនហ៊ានមកផ្ទាល់ទេខ្លាចឆ្លងជំងឺកូវីដ១៩ ហើយយើងក៏មិនចង់ប៉ះផ្ទាល់ជាមួយនឹងសប្បុរសជន ប៉ុន្តែយើងនៅទទួលជួបមួយៗដែរ។ យើងបានបើក Account នៅធនាគារ ទាំង Account លុយខ្មែរ និង Account លុយដុល្លារសម្រាប់ឱ្យសប្បុរសជនទម្លាក់ចូល»។
បើតាមលោកស្រី ពុំ ចន្ទីនី រំពឹងថា ចំណូលពីសប្បុរជននៅក្នុងឆ្នាំនេះអាចថានឹងធ្លាក់ចុះច្រើនជាងឆ្នាំមុនដោយសារសប្បុរសជនមួយចំនួនបានចូលជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេស។
ប៉ុន្តែក៏មានសប្បុរសជនមួយចំនួននៅតែបង្ហាញទឹកចិត្តក្នុងការផ្តល់ថវិការបស់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជាដែរបើទោះបីបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលរួចហើយក៏ដោយ ដើម្បីឱ្យកាកបាទក្រហមមានលទ្ធភាពក្នុងការរួមចំណែកជួយប្រជាជនក្រីក្រ និងទុរគតជន និងជនដែលងាយរងគ្រោះនៅទូទាំងប្រទេស។
លោក គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group កាលពីថ្ងៃទី ៤ មេសា បានប្រកាសចូលរួមវិភាគទានចំនួន ៥០ ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ នេះ។
លោក គិត ម៉េង ថ្លែងថាវិភាគទាននេះធ្វើឡើងដើម្បីគាំទ្រដល់បេសកកម្ម និងចលនាសំខាន់ៗរបស់កាកបាទក្រហមកម្ពុជាដឹកនាំដោយលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបោះជំហានទៅមុខជានិច្ចក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលមានតម្រូវការចាំបាច់ក៏ដូចជា ការគាំទ្រផ្នែកស្មារតីដល់ជនរងគ្រោះនៃគ្រោះមហន្តរាយនានាដើម្បីធានាថា ជនងាយរងគ្រោះទាំងនោះមានសុខភាពល្អទទួលបានការហូបចុកគ្រប់គ្រាន់ និងមានទីជម្រកស្នាក់អាស្រ័យក្រោមពាក្យស្លោកថា «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។
លោក គិត ម៉េង បានបញ្ជាក់ថា៖ «ខ្ញុំសូមអះអាងថា ការចូលរួមវិភាគទានប្រចាំឆ្នាំរបស់យើងនឹងជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍យើង។ ខ្ញុំជឿជាក់ថា សកម្មភាពមនុស្សធម៌ដើរតួនាទីសំខាន់បំផុតនៅក្នុងគ្រាលំបាក»។
កាកបាទក្រហមកម្ពុជាបានផ្អាករៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា រយៈពេល ២ ឆ្នាំជាប់ៗគ្នានេះពោលគឺនៅឆ្នាំ ២០២០ និង ២០២១ នេះដោយសារកម្ពុជាបានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩ នៅក្នុងប្រទេស៕