
ទិដ្ឋភាពឈាមនៅក្នុងរថយន្តរបស់ជនរងគ្រោះ។ ហ្វេសប៊ុក
ព្រៃវែងៈ ជាមួយនឹងការចូលរួមរំលែកទុក្ខផងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឱ្យរកយុត្តិធម៌ជូនគ្រួសារសព លោក យ៉ន រ៉ាវុធ ជាអ្នកម៉ៅការសំណង់ម្នាក់ដែលត្រូវបាននគរបាលស្រុកព្រះស្ដេចខេត្តព្រៃវែងបាញ់សម្លាប់ក្រោយពីសង្ស័យថាជាចោរលួចរថយន្តជាអ្វីដែលលោក ហ៊ុន សែន បញ្ជាក់ថា ជារឿងមិនគួរកើត ខណៈភាគីម្ខាងមានតែដៃទទេនោះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញកាលពីថ្ងៃម្សិលមិញ ក្រៅពីចូលរួមរំលែកទុក្ខ លោក ហ៊ុន សែន បានបញ្ជាក់ថា ថ្វីដ្បិតជាចោរពិតក៏ដោយ ប៉ុន្តែសមត្ថកិច្ចមិនអាចប្រើអាវុធទៅបាញ់សម្លាប់នោះទេ ប្រសិនបើជននោះគ្មានអាវុធនៅក្នុងដៃសម្រាប់ការពារ។
លោកបានបញ្ជាក់ថា៖ «បើទោះបីជាវាចោរមែនក៏ដោយ ប៉ុន្តែនៅពេលយើងតាមវាទាន់ ត្រូវចាប់វា មិនត្រូវបាញ់អ៊ីចឹងទេ តែនេះហេតុអីបានវាធ្វើដល់ថ្នាក់ប៉ុណ្ណឹង មិនយល់ទេ ហេតុអីបានទៅអ៊ីចឹង។ ឥឡូវចាប់បានមួយហើយ នៅសល់មួយទៀត រឿងអស់នេះត្រូវប្រយ័ត្នប្រយែងព្រោះប្រតិបត្តិការប្រដាប់ដោយអាវុធ កាត់ក្ដីដោយអាវុធ មិនមែនជាជម្រើសល្អទេ»។
លោកបន្តថា៖ «មនុស្សអត់មានអាវុធអីផងហ្នឹង តាមអ្នកដែលនៅរស់គ្នាលើកដៃសំពះទៅទៀត តែបាញ់ដល់ទៅប៉ុន្មានគ្រាប់ អំពើទាំងអស់នេះជាអំពើត្រូវដាស់តឿនទៅដល់គ្រប់ទីកន្លែងទាំងអស់ គ្មានការចាំបាច់ដែលត្រូវការពារខ្លួន គ្នាអត់មានកាំភ្លើងអីដែលត្រូវការពារខ្លួនផង ហើយខ្លួនធ្វើរបៀបអ៊ីចឹង»។
ការលើកឡើងរបស់លោក ហ៊ុន សែន នេះ គឺក្រោយពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់តាមទំព័រហ្វេសប៊ុកដោយបង្ហាញពីការសោកស្ដាយនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការស្លាប់របស់លោក យ៉ន រ៉ាវុធ និងបានសន្យាស្វែងរកយុត្តិធម៌ឱ្យគ្រួសារជនរងគ្រោះនេះ។
លោក ស ខេង បានសរសេរថា៖ «ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោក យ៉ន រ៉ាវុធ ភេទប្រុសអាយុ ៣២ ឆ្នាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសូមសន្យាថានឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសពក៏ដូចជា ក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និងជូនសង្គមជាតិយើងទាំងមូល»។
ការប្ដេជ្ញាជួយស្វែងរកយុត្តិធម៌របស់លោក ហ៊ុន សែន និងលោក ស ខេង នេះ បន្ទាប់ពីលោក យ៉ន រ៉ាវុធ អាយុ ៣២ ឆ្នាំ មានស្រុកកំណើតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងដែលបានមករស់នៅ និងធ្វើការជាអ្នកម៉ៅការសំណង់នៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានបើករថយន្តចេញពីភ្នំពេញទៅកាន់ខេត្តព្រៃវែងដោយរួមដំណើរជាមួយបុរសម្នាក់ទៀតឈ្មោះ វ៉ាន ខេមរិន ប៉ុន្តែនៅពេលពួកគេធ្វើដំណើរទៅដល់ឃុំ រក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងក៏ត្រូវបានក្រុមនគរបាលនៅស្រុកព្រះស្ដេចដែលទទួលដំណឹងថាពួកគេទាំង ២ នាក់ជាចោរលួចឡានក៏ចេញធ្វើប្រតិបត្តិការដេញតាម និងស្ទាក់បាន ហើយបានបាញ់ប្រហារលើលោក យ៉ន រ៉ាវុធ ត្រូវជាច្រើនគ្រាប់បណ្ដាលឱ្យស្លាប់ ខណៈអ្នករួមដំណើររងរបួស កាលពីថ្ងៃទី ២៣ ខែមីនា។
ក្រោយពេលកើតហេតុគឺមានមន្ត្រីនគរបាលនៅស្រុកព្រះស្ដេចចំនួន ២ នាក់ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះដែលក្រោយមកមាននគរបាលម្នាក់ត្រូវបានឃាត់ខ្លួន ប៉ុន្តែមិនមានប្រភពបញ្ជាក់ឈ្មោះទេ ខណៈម្នាក់ទៀតឈ្មោះ ជឹម រតនៈ ជាអធិការរងស្រុកព្រះស្ដេចទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ និងមានឪពុកជាឧកញ៉ា ឈ្មោះ ជឹម សុខ បានរត់គេចខ្លួន ក្រោយពីមន្ត្រីរូបនេះដឹងថា លោក យ៉ន រ៉ាវុធ និងអ្នកដំណើរម្នាក់ទៀតមិនមែនជាចោរដូចការប្ដឹងនោះ។
ជុំវិញការយល់ច្រឡំនេះ អគ្គស្នងការនគរបាលជាតិក៏បានផ្សព្វផ្សាយផងដែរថា លោក យ៉ន រ៉ាវុធ និងឈ្មោះ រ៉ាន ខេមរិន មិនមែនជាចោរលួចរថយន្តទេ ហើយរថយន្តដែលនគរបាលខេត្តព្រៃវែងស្ទាក់បាញ់នោះគឺជារថយន្តដែលលោក យ៉ន រ៉ាវុធ ទិញបង់លុយមិនទាន់គ្រប់នៅខ្វះ ៣ ពាន់ដុល្លារទៀត ប៉ុន្តែត្រូវបានម្ចាស់ដើមឈ្មោះ ផាន់ សុឌី យកទៅជួលឱ្យជនជាតិចិនជិះ ដែលជាហេតុធ្វើឱ្យលោក យ៉ន រ៉ាវុធ ទៅស្ទាក់យករថយន្តនោះពីជនជាតិចិនវិញ ហើយបានជិះមកស្រុកកំណើត ទើបមានបណ្ដឹងថាគាត់ជាចោរលួចរថយន្ត។
នៅពេលទាក់ទងសុំការបញ្ជាក់បន្ថែមពីករណីនេះ កាលពីម្សិលមិញ ស្នងការខេត្តព្រៃវែងលោក ព្រំ សន្ធរ មិនបានលើកទូរស័ព្ទឡើយ ស្របពេលដែលស្នងការរងទទួលបន្ទុកផែនការងារនគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង លោក ពៅ ជីវី បានឆ្លើយតបតាមទូរស័ព្ទថា ជាប់ប្រជុំ និងសន្យាផ្ដល់ចម្លើយនៅពេលលោកទំនេរ។
យ៉ាងណាក្ដីនៅពេលព្យាយាមទាក់ទងលោកជាច្រើនដងទៀត មិនមានអ្នកទទួលទូរស័ព្ទឡើយ។ លោក ឆាយ គឹមខឿន មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា មានតែនគរបាល ២ ម្នាក់ប៉ុណ្ណោះដែលពាក់ព័ន្ធនឹងករណីបាញ់ប្រហារទៅលើលោក យ៉ន រ៉ាវុធ ហើយម្នាក់ដែលកំពុងរត់គេចខ្លួនគឺមិនទាន់ចាប់បាននៅឡើយ គិតមកដល់ល្ងាចថ្ងៃម្សិលមិញ។
លោកថា៖ «យើងទទួលស្គាល់ថា ការបើកប្រតិបត្តិការរបស់កម្លាំង ២ នាក់នោះ វាមិនស្របតាមបច្ចេកទេសសមត្ថកិច្ចរបស់នគរបាល ប៉ុន្តែគិតទៅ ដោយសារតែភាពក្មេងខ្ចី និងបទពិសោធក្នុងការចេញប្រតិបត្តិការ។ប៉ុន្តែរឿងកើតឡើងហើយយើងមិនដឹងធ្វើម៉េច ឥឡូវសម្ដេច ស ខេង និងសម្ដេចតេជោ ចូលរួមហើយ យើងត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះ»៕