
សន្និសីទកាសែតស្តីពីជំងឺកូវីដ១៩ នៅក្រសួងសុខាភិបាលកាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋកម្ពុជាត្រូវបន្តប្រុងប្រយ័ត្នបន្ថែមទៀតដោយរំឭកថា ប្រសិនបើមានការធ្វេសប្រហែសពេកនឹងអាចធ្វើឱ្យជំងឺកូវីដ ១៩ ត្រឡប់មកវិញ ឬធ្វើឱ្យកម្ពុជាត្រូវប្រឈមនឹងការឆ្លងថ្មីដែលមានទ្រង់ទ្រាយធំជាងមុនបើទោះបីជាពុំមានករណីឆ្លងថ្មីអស់រយៈពេលជិត ១ ខែមកហើយក្តី។
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងនៅក្នុងសន្និសីទកាសែតដែលរៀបចំឡើងដោយក្រសួងសុខាភិបាលពីថ្ងៃម្សិលមិញថា ជំងឺរាតត្បាតកូវីដ ១៩ គឺមិនទាន់បានចប់ត្រឹមនេះនៅឡើយដោយសារនៅតែមានព័ត៌មានរាយការណ៍ជាច្រើនអំពីករណីឆ្លងថ្មីនៅបណ្ដាប្រទេសមួយចំនួន។
លោកស្រីថ្លែងបន្តថា កម្ពុជានៅតែប្រឈមនឹងហានិភ័យនឹងការឆ្លងរាលដាលទ្រង់ទ្រាយធំ ដរាបណាជំងឺកូវីដ១៩នេះនៅតែបន្តចរាចរនៅក្នុងពិភពលោក។ លោកស្រីថា៖ «ខណៈពួកយើងមិនអាចព្យាករទុកមុនអំពីលទ្ធផល ថាតើវីរុសនឹងធ្វើដំណើរទៅដល់ណា ដូច្នេះរឿងសំខាន់បំផុតសម្រាប់ពួកយើងទាំងអស់គ្នាត្រូវធ្វើគឺការត្រៀមខ្លួនឱ្យបានល្អ សម្រាប់ឆ្លើយតប នៅពេលរលកនៃការឆ្លងថ្មីកើតឡើងនៅកម្ពុជា ឬវីរុសត្រឡប់មកកម្ពុជាវិញ»។
លោកស្រីបន្ថែមថា៖ «ខ្ញុំសូមសំណូមពររឿង ៣ យ៉ាងសម្រាប់ពួកយើងទាំងអស់គ្នា និងសម្រាប់ប្រជាពលរដ្ឋកម្ពុជាទី ១ ត្រូវប្រុងប្រយ័ត្ន ទី ២ ត្រូវធ្វើជាជើងឯក សម្រាប់ជីវិតរស់នៅធម្មតាថ្មី និងទី ៣ ត្រូវតែត្រៀមការឆ្លើយតបបន្ទាន់នៅពេលខាងមុខ»។
លោកស្រីលើកឡើងទៀតថា កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អប្រសើរក្នុងរយៈពេលប្រហែលជាង ៣ ខែមកនេះ ប៉ុន្តែកម្ពុជាក៏ត្រូវបន្តត្រៀមខ្លួនបន្ថែមទៀតដែរ ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលទ្រង់ទ្រាយធំ ហើយប្រសិនបើមានការធ្វេសប្រហែសពេកនោះនឹងត្រូវរងនូវការវាយប្រហារដោយវីរុសនេះជាថ្មី។
លោកស្រីបញ្ជាក់ថា នៅពេលវីរុសរាតត្បាតបានធ្វើឱ្យពិភពលោកផ្លាស់ប្ដូរ ដូច្នេះមនុស្សក៏ត្រូវផ្លាស់ប្ដូរឥរិយាបថរស់នៅប្រចាំថ្ងៃដែរ ដូចជាការផ្លាស់ប្ដូរការរស់នៅ ការសិក្សា ការធ្វើដំណើរ និងរបៀបនៃការធ្វើការងារជាដើម។ លោកស្រីបន្តថា ការបន្ធូរបន្ថយវិធានការលឿនពេក ឬការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយមិនបានធ្វើឡើងតាមដំណាក់កាលនោះនឹងអាចវិលត្រឡប់ទៅមានវិធានការរឹតបន្តឹងបន្ថែមជាច្រើនទៀតនាពេលខាងមុខ។
ចំណែកលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានលើកឡើងថា ថ្វីដ្បិតចំនួនអ្នកជំងឺកូវីដ ១៩ នៅកម្ពុជាត្រូវបានព្យាបាលជាសះស្បើយបានជិត ១០០ ភាគរយ ហើយពុំមានករណីថ្មីកើតឡើងក្នុងរយៈពេលចុងក្រោយនេះក្តី ប៉ុន្តែជំងឺកូវីដ ១៩ មិនទាន់បានចាកចេញផុតពីកម្ពុជានៅឡើយទេ។
លោកស្រីបញ្ជាក់ថា កម្ពុជាបានឆ្លងផុតដំណាក់កាលនៃការប្រើប្រាស់ញញួរសម្រាប់ប្រឆាំងជំងឺកូវីដ ១៩ ឬហៅថា The Hammer ដែលជាដំណាក់កាលប្រើប្រាស់រាល់គ្រប់វិធី និងវិធានការទាំងអស់ដើម្បីស្វែងរកអ្នកឆ្លងមកព្យាបាល និងដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីកុំឱ្យឆ្លងទៅកាន់អ្នកដទៃ។ លោកស្រីបញ្ជាក់ថា កម្ពុជាកំពុងស្ថិតនៅដំណាក់កាលថ្មីគឺការវិលត្រឡប់មកជីវិតធម្មតាថ្មី តែត្រូវប្រកាន់យកវិធានការពារខ្លួនឱ្យបានជាប់ជាប្រចាំដូចជាលាងដៃ ពាក់ម៉ាស់ ឬចៀសវាងការជួបជុំជាដើម។
លោកស្រីបន្តថា៖ «ឥឡូវព្រះរាជាណាចក្រកម្ពុជាបានឆ្លងផុត The Hammer ហើយឆ្លងដល់ដំណាក់កាល The Dance គឺចង់មានន័យថា ក្នុងដំណាក់កាលនេះប្រសិនបើយើងប្រកបការរស់នៅរបស់យើងសព្វថ្ងៃនេះ គឺត្រូវតែបោះជំហានឱ្យត្រូវ បើមិនត្រូវទេ ជំពប់ជើងដួល បើមិនត្រូវទេប៉ះនឹងវីរុស ដែលអាចបង្កឱ្យមានរលកទី ២ កើតឡើង»។
លោកស្រីបន្ថែមថា ពលរដ្ឋត្រូវបន្តអនុវត្តតាមវិធានការណែនាំនានាដដែលដូចជាផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ ឬការជួបជុំដែលមានគ្នាច្រើន ដោយសារការសិក្សាបង្ហាញថា ការរាតត្បាតខ្លាំងពីជំងឺកូវីដ ១៩ គឺបង្កឡើងដោយសារមនុស្សនៅបណ្ដុំគ្នា និងការជួបជុំគ្នាច្រើននៅតាមពិធីសាសនា ឬជួបគ្នាស៊ីផឹកនៅតាម KTV ឬបារ៍ជាដើម ដែលជាពេលធ្វើឱ្យជំងឺកូវីដ ១៩ ងាយស្រួលក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
លោកស្រីបញ្ជាក់ថា ពលរដ្ឋត្រូវតែចូលរួមអនុវត្តតាមវិធានការការពារបន្តទៀត ដោយសារកម្ពុជាត្រូវការពេលពី ២ ទៅ ៣ ខែទៀតដើម្បីតាមមើលស្ថានភាពពិភពលោក ខណៈចំនួនឆ្លងថ្មីជាសកលនៅតែមានអត្រាខ្ពស់នៅឡើយដែលក្នុង ១ ថ្ងៃមានរហូតដល់រាប់ម៉ឺននាក់ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនជាង ៤ លាននាក់ និងស្លាប់ ២៦ ម៉ឺននាក់។
លោកស្រីថា៖ «នៅក្នុងរបត់នៃការវាយលុកដោយកូវីដ ១៩ គឺគេបានសិក្សាហើយការរាតត្បាតដែលធំធេងមែនទែនគឺគេសង្កេតឃើញនៅពេលមនុស្សបានជួបជុំគ្នាហ្នឹងឯងគឺការចម្លងមានច្រើនមែនទែន នៅពេលមានការជួបជុំគ្នា។ អ៊ីចឹង!ការចម្លងពីបុគ្គល ១ ទៅបុគ្គល ១ គឺមានភាពងាយស្រួលមែនទែន និងជាពិសេស គេសង្កេតឃើញថា ការចល័តពីកន្លែង ១ ទៅកន្លែង ១ របស់បុគ្គល»។
ជាមួយគ្នានេះកាលពីថ្ងៃទី ៨ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកក៏បានរំឭកដល់ប្រជាពលរដ្ឋត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ ១៩។ លោកបន្តថា ទោះបីជាអត្រាឆ្លងនៃជំងឺកូវីដ១៩ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេស កម្ពុជា ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ ២ នាក់ទៀតក្តី ក៏ពលរដ្ឋមិនត្រូវធ្វេសប្រហែស ហើយមិនត្រូវគិតថា កម្ពុជាជាប្រទេសក្តៅមិនងាយឆ្លងឡើយ។
លោកថា៖ «ព្រោះជំងឺនេះជាជំងឺកាចសាហាវ ហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់។ មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោកគឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះនៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោកដែលប្រទេសមួយចំនួនធំ កំពុងបិទប្រទេសគេនៅឡើយ»។
លោក ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្តក្រុង ឬជនបទត្រូវបន្តពាក់ម៉ាស់ ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជែលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗឲ្យបានជាប្រចាំចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត៕
វីដេអូ៖