ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ធ្វើការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
ក្រុមការងារនេះ មានសមាសភាព ១២ រូប ដែលមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន។
លោក ហ៊ុន សែន បានបញ្ជាក់ក្នុងសេចក្តីសម្រេច ដែលទើបចេញផ្សាយនៅថ្ងៃទី ១៧ ខែឧសភានេះថា ក្រុមការងារនេះ មានភារកិច្ចសិក្សាស្រាវជ្រាវផ្តួចផ្តើម ក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងផ្តល់គោរមងារ និងដកហូតគោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងផ្តល់គោរមងារ និងដកហូតគោរមងារឧកញ៉ា។
សេចក្តីសម្រេចបញ្ជាក់ថា៖ «(ក្រុមការងារ)មានភារកិច្ចសិក្សា អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ឧកញ៉ា ក្នុងការចូលរួមកិច្ចការសង្គម និងធ្វើការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិនិងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ»។
សេចក្តីសម្រេចបន្តថា ក្រុមការងារមានភារកិច្ចរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា និងធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃការងារជូនលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេចនិងផ្តល់យោបល់ដឹកនាំ។
ក្រុមការងារនេះ ក៏មានតួនាទីរៀបចំឯកសារពាក់ព័ន្ធ ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យសម្រេចផងដែរ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេ នៅថ្ងៃទី ១៧ ខែឧសភា។
លោក ប៉ា ចន្ទរឿន នាយកប្រតិបត្តិ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៧ ខែឧសភា ថា លោកសាទរ ចំពោះការបង្កើតក្រុមការងារអន្តរក្រសួងនេះ។
លោកថា កន្លងមកនេះ ងារជាឧកញ៉ាហាក់បីដូចជាត្រូវបានគេយកមកប្រើប្រាស់ ដែលប្រាសចាកអំពីខ្លឹមសារ និងគុណតម្លៃឧកញ៉ា នៅក្នុងសង្គមកម្ពុជា។
លោកបញ្ជាក់ថា៖ «ជាការពិត វាមានឧកញ៉ាល្អ ឧកញ៉ាមិនល្អ។ ជារឿយៗ យើងតែងតែឃើញអំពើអយុត្តិធម៌ អំពើអសីលធម៌ អំពើជិះជាន់គាបសង្កត់កេងប្រវ័ញ្ច រឹបអូសលួចប្លន់ដីធ្លីអីហ្នឹង ក៏ចេញមកពីប្រភពឧកញ៉ាហ្នឹងច្រើនដែរ។ ជាវិបាក វាប៉ះពាល់ទៅដល់គុណតម្លៃ និងកិត្តិនាមរបស់អ្នកដែលស្នើទៅព្រះមហាក្សត្រហើយក៏ដូចជាប៉ះពាល់ទៅដល់ព្រះរាជនាម និងព្រះរាជកេរ្តិ៍ឈ្មោះផងដែរ ដែលជាអ្នកឡាយព្រះហស្ថផ្តល់ងារឱ្យហ្នឹង»។
លោក ប៉ា ចន្ទរឿន បន្តថា ការបង្កើតក្រុមការងារនេះ ក៏ជាជំហានល្អដែរ ដើម្បីពង្រឹងគុណតម្លៃនៃគោរមងារឧកញ៉ានេះឡើងវិញ ដើម្បីឱ្យអ្នកដែលមានគោរមងារនេះ ដើរតួនាទី និងបំពេញកាតព្វកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវក្នុងការជួយ «ជនរួមជាតិ និងមាតុភូមិ»ជាជាងយកគោរមងារទៅប្រើប្រាស់ក្នុងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕