
ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យ ទៅទទួលការចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាស្ទឹងមានជ័យ កាលពីពេលថ្មីៗនេះ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រុមការងារនៃក្រសួងការពារជាតិ ត្រូវធ្វើការចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ នៅតំបន់ក្រហមឱ្យបានគ្រប់គ្នា ប៉ុន្តែលោកហាមពលរដ្ឋដែលនៅតំបន់ផ្សេង ចូលមកចាក់ក្នុងតំបន់ក្រហមនេះ។
លោកបានថ្លែងនៅព្រឹកថ្ងៃពុធ ទី ០៥ ខែឧសភា តាមរយៈសារជាសំឡេងថា គណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ទូទាំងប្រទេសបានបញ្ជូនវ៉ាក់សាំងចំនួន ៩០ ម៉ឺនដូសទៅកម្លាំងប្រដាប់អាវុធចាក់ក្នុងតំបន់ក្រហម ប៉ុន្តែចំនួនតួលេខពលរដ្ឋក្នុងតំបន់ក្រហម មានរហូតជាង ៥២ ម៉ឺននាក់ ដែលវ៉ាក់សាំងនេះ មិនគ្រប់នឹងចំនួនប្រជាជនទាំងអស់នេះឡើយ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាមិនចាក់អស់គ្រប់ប្រជាជនទេ គឺយើងមិនអាចដើរចេញចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ហើយខ្ញុំក៏ចង់ប្រាប់ឱ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋជាង ៥២ ម៉ឺននាក់ ក្នុងតំបន់ក្រហមមិនខ្វះទេ ដោយសារវ៉ាក់សាំងចំនួន ១ លានដូស នឹងមកដល់នៅថ្ងៃទី ១១ និងទី ១៥ ខាងមុខនេះ»។
លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវឱ្យក្រុមអង្គភាពដែលចាក់នៅតំបន់ក្រហម មិនត្រូវបញ្ចប់នៅដូសទី១ ត្រឹមថ្ងៃទី ១៥ នេះទេ គឺត្រូវតែធ្វើឱ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា តំបន់ក្រហមជាតំបន់ដែលមានហានិភ័យខ្ពស់ ប្រជាពលរដ្ឋត្រូវបានបិទខ្ទប់នៅទីនោះ ដែលធ្វើឱ្យពួកគាត់មានការលំបាកខ្លាំង ហើយដូចនេះ ត្រូវឱ្យពួកគាត់ទទួលផលប្រយោជន៍មុនគេ និងអាចត្រូវបានបន្តស្ថិតនៅតំបន់ក្រហមដែលអាចចាត់ទុកជាតំបន់បិទខ្ទប់បន្តទៀត ដោយអាជ្ញាធររាជធានីភ្នំពេញ។
លោកក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ កុំនាំគ្នាប្រជ្រៀតគ្នាទៅចាក់វ៉ាក់សាំង ដោយសារវ៉ាក់សាំងនឹងបានចាក់គ្រប់ៗគ្នា ហើយមួយថ្ងៃក្រុមគ្រូពេទ្យចាក់បានចន្លោះពី ៣ ទៅ ៤ ម៉ឺននាក់ប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ជាថ្មីទៀតថា ៖«យើងនឹងស្រោចទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឱ្យជន់ទៅដោយវ៉ាក់សាំង ប៉ុន្តែដំបូងយើងធ្វើនៅក្នុងក្របខ័ណ្ឌក្នុងតំបន់ក្រហមនេះជាមុនសិន។ ដូចនេះមិនយូរប៉ុន្មានទីក្រុងភ្នំពេញ និងខេត្តកណ្តាលពោរពេញទៅដោយ វ៉ាក់សាំងដែលយើងខិតខំរក និងមានការជួយផ្គត់ផ្គង់ពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រភពជំនួយមិនចេះរីងស្ងួតសម្រាប់យើង»។
យុទ្ធនាការនៃការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមបានចាប់ផ្តើមកាលពីថ្ងៃទី ០១ ខែឧសភា ដែលគម្រោងនៃការចាក់នេះ ធ្វើឡើងក្នុងរយៈពេល ១ ខែ ចាក់ឱ្យអស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ដោយក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិនៅថ្ងៃពុធ ទី ០៥ ខែឧសភានេះ បានឱ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិបានចាក់ជូនប្រជាពលរដ្ឋបានជិត ១៥ ម៉ឺននាក់។
របាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃទី ០៤ ខែឧសភាម្សិលមិញ សរុប ៤ ថ្ងៃ ចាក់បានចំនួន ១៤៧ ២១៨ នាក់ ស្រី ៧៦ ៩៥៧ នាក់។ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៣០ ៩៩៦ នាក់ ខណ្ឌដង្កោ ចាក់បាន ៣៥ ០២៤ នាក់ ខណ្ឌកំបូល ចាក់បាន ២៨ ១៦០ នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៥៣ ០៣៨ នាក់។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានបញ្ជាក់ថា សន្ទុះនៃចំនួននេះ មានការកើនឡើង រហូតដោយសារតែមានការបង្កើនកម្លាំងបន្ថែមចាប់ពី ១៣ អង្គភាព រហូតដល់ ៣៧ អង្គភាព និង ៥៤ គោលដៅ សម្រាប់ចាក់វ៉ាក់សាំងនេះ។
គិតត្រឹមថ្ងៃទី ០៤ ខែឧសភា កម្ពុជាបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ សរុប ទូទាំងប្រទេសមានចំនួន ១ ៥១៥ ៤៤៧ នាក់៕