ភ្នំពេញ: លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​ ៤ ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាយតម្លៃ​ការខូចខាត​ផ្លូវ​ដោយសារ​ទឹកជំនន់​ជាបន្ទាន់ ដើម្បី​ដាក់​ផែនការ​ជួសជុល និង​ស្ថាបនា​ឡើងវិញ ខណៈ​ក្រសួង​សាធារណការ​ទើប​រកឃើញ​បឋម​ថា មាន​ផ្លូវ​ប្រមាណ​ ៤០០ ​គីឡូម៉ែត្រ​បាន​រង​ការខូចខាត​។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក់​ភ្ជាប់​ពី​កោះពេជ្រ​ទៅ​កោះនរា​ពី​ម្សិលមិញ​ថា លោក​បាន​បញ្ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ ៤ ​រូប​រួមមាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួងកសិកម្ម​ដោយ​ត្រូវឱ្យ​មន្ត្រី​ជំនាញ​ក្រសួង​ទាំង​ ៤ ​នេះ​ចុះ​វាយតម្លៃ​ការខូចខាត​ជាមួយ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​បញ្ជាក់ថា​៖ «​និយាយ​ពី​រឿង​ផ្លូវ យើង​ខូចខាត​ទាំង​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវលំ ស្ពាន​មួយចំនួន ហើយ​ទំនប់​ប្រឡាយ​មួយចំនួន​ត្រូវ​បាក់បែក​។ អ៊ីចឹង​ទេ កុំ​ចាំ​មន្ទីរ​រាយការណ៍​! កុំ​ចាំ​មន្ទីរ​កសិកម្ម​ក្តី អភិវឌ្ឍន៍ជនបទ​ក្តី ធនធាន​ទឹក​ក្តី សាធារណការ​ក្តី វាយតម្លៃ​ខូចខាត​ពី​ខាងក្រោម​។ ឥឡូវ​ក្រសួង​នីមួយៗ​មាន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ច្រើនណាស់​។ ចុះទៅ​! ហើយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ចុះ​ទៅ​ជាមួយ​ទៅ​។ ធ្វើការ​ជាមួយ​ខេត្ត ជាមួយ​មូលដ្ឋាន​! កុំ​បង្អង់​យូរ​ទឹក​ស្រក​ភ្លាម​ចាប់ផ្តើម​ធ្វើ​ភ្លាម ចាប់ផ្តើម​ជួសជុល គឺ​ស្តារឡើងវិញ​បន្ទាន់​»​។

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​បាន​ចាប់ផ្ដើម​ចុះ​វាយតម្លៃ​ និង​ត្រួតពិនិត្យ​ការខូចខាត​ផ្លូវ​ដោយសារ​ទឹកជំនន់​ចាប់​តាំងពី​ដើម​សប្ដាហ៍​មុន​ហើយ​នឹង​ចុះ​ត្រួតពិនិត្យ​បន្តទៀត ដើម្បី​រង់ចាំ​ពេល​ទឹក​ស្រក ឬ​ស្ងួត​ទឹក​ក្រុម​ការងារ​នឹង​ចុះទៅ​ជួសជុល និង​ស្ថាបនា​តាម​គោលដៅ​ទាំងនោះ​។ បញ្ហា​ទឹកជំនន់​ឆ្នាំនេះ​ធ្វើឱ្យ​ផ្លូវ​សំខាន់​មួយ​ចំនួន​បាន​ខូចខាត​ធ្ងន់ធ្ងរ ដែល​បង្ក​ការរាំងស្ទះ​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​នានា​ជាច្រើន​។

«​យើង​បាន​ចុះទៅ​វាយតម្លៃ​ និង​ត្រួតពិនិត្យ​បណ្ដើរៗ​ហើយ​គឺ​មាន​ទាំង​ឯកឧត្តម​រដ្ឋមន្ត្រី​ចុះ​ផ្ទាល់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​។ អ៊ីចឹង​យើង​បាន​ធ្វើ​បណ្ដើរៗ រកឃើញ​ផ្លូវ​ខូច​ ៤០០ ​គីឡូម៉ែត្រ​ហើយ​យើង​មិន​ទុក​យូរ​ទេ បន្ទាប់មក​យើង​នឹងមាន​ក្រុមការងារ​ផ្សេងៗ​ទៀត​ចុះ​ទៅ​ពិនិត្យ​បន្ដទៀត ដើម្បី​ដាក់​ផែនការ​ចុះ​ធ្វើ​តែម្ដង​»​។

លោក គង់ រតនៈ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ថ្លែង​ថា លោក​គាំទ្រ​អនុសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ដែល​តម្រូវឱ្យ​រដ្ឋមន្ត្រី​ទាំង​ ៤ ​ក្រសួង​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​លឿន​ប៉ុន្ដែ​ក្នុងនាម​មន្ត្រី​បច្ចេកទេស​ត្រូវតែ​គិតគូរ​ពី​គុណភាព​ និង​បច្ចេកទេស​ជា​ចម្បង​។ «​បើតាម​អនុសាសន៍​អ្នក​នយោបាយ ឬ​ថ្នាក់ដឹកនាំ គាត់​ចង់​បាន​អ្វីៗ​ឱ្យ​លឿន​ដូច​មាត់​គាត់​អ៊ីចឹង ប៉ុន្ដែ​ក្នុងនាម​យើង​ជា​អ្នកបច្ចេកទេស ត្រូវតែ​ធ្វើតាម​បច្ចេកទេស​ដើម្បី​ការពារ​ឱ្យបាន​ជាប់​ល្អ គង់វង្ស​យូរអង្វែង​គឺ​មិនមែន​ធ្វើឱ្យ​តែ​រួច​ពី​ដៃ ឃើញ​ស្អាត​តែ​ ៣ ឬ​ ៤ ​ខែ ហើយ​ខូច​វិញ​ទេ​»​។

បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​គិត​ត្រឹម​ថ្ងៃទី​ ២៤ ​ខែ​តុលា រាជធានី-ខេត្ត​ ចំនួន​ ២០ ​បាន​រង​ការប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ក្នុងនោះ​ពលរដ្ឋ​រង​ផលប៉ះពាល់​ចំនួន​ ១៣៦ ៤៤២ ​គ្រួសារ​ស្មើ​ប្រមាណ ៥៤៥ ៧៦៨ ​នាក់ ពលរដ្ឋ​ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ចំនួន​ ១១ ៨៣៨ ​គ្រួសារ​ ស្មើ​ប្រមាណ​ ៤៧ ៣៥២ ​នាក់ និង​ពលរដ្ឋ​ស្លាប់​ ៤០ ​នាក់​៕