The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកនាយក​រដ្ឋមន្ត្រី​ បញ្ជា​ឲ្យ​អាជ្ញាធរ​ចុះ​ដោះស្រាយ​វិវាទ​ដី​ ៤ ​ករណី

លោកនាយក​រដ្ឋមន្ត្រី​ បញ្ជា​ឲ្យ​អាជ្ញាធរ​ចុះ​ដោះស្រាយ​វិវាទ​ដី​ ៤ ​ករណី

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​មួយ​កន្លងមក​។ រូបថត SPM

លោកនាយក​រដ្ឋមន្ត្រី​ បញ្ជា​ឲ្យ​អាជ្ញាធរ​ចុះ​ដោះស្រាយ​វិវាទ​ដី​ ៤ ​ករណី

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ និង​ដោះស្រាយ​ករណី​មិន​ប្រក្រតី​នៃ​រឿង​វិវាទ​ដីធ្លី​ចំនួន​ ៤ ​ករណី​ផ្សេង​គ្នា​ បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​គណបក្ស​ខ្មែរ​ក្រោក ដែល​ចុះ​ស្រាវជ្រាវ​ពី​ករណី​ទាំងនេះ​ដល់​ទីកន្លែង​មាន​វិវាទ​។

លិខិត​ចំនួន​ ៤ ​ច្បាប់​ដាច់​ដោយឡែក​ពីគ្នា​ដោយ​មាន​ចុះ​ហត្ថលេខា​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំ​ការចុះ​ថ្ងៃទី​ ១៧ ខែ​មករា​ បាន​ឲ្យ​ដឹងថា ការចេញលិខិត​នេះ​ដោយ​មាន​ចំណារ​ពី​លោកនាយក​រដ្ឋមន្ត្រី ក្រោយពី​បាន​ពិនិត្យ​ពាក្យបណ្តឹង និង​របាយការណ៍​សង្ខេប​ដែល​គណបក្ស​ខ្មែរ​ក្រោក​បាន​ដាក់​ជូន​កាលពី​ពេល​កន្លងទៅ​។

លោក​ ហ៊ីង ថូរ៉ាក់ស៊ី ​បាន​លើកឡើង​ក្នុង​លិខិត​ទាំងនោះ​ថា រដ្ឋាភិបាល​បាន​ឯកភាព​ប្រគល់​ជូន​រដ្ឋបាល​ខេត្តកំពត​បន្ត​ដោះស្រាយ និង​រាយការណ៍​ជូន​ជុំវិញ​ករណី​ដែល​គណបក្ស​ខ្មែរ​ក្រោក​បាន​រកឃើញ​ភាពមិន​ប្រក្រតី​ចំពោះ​បុគ្គល​មាន​តួនាទី​ជា​អាជ្ញាធរ​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ៦ គ្រួសារ​ មាន​ទំហំ ៥ ហិកតា​ ស្ថិត​ក្នុង​ភូមិ​ដុះផ្តៅ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក​។

បន្ថែម​ពីនេះ លោក​ក៏​បាន​លើកឡើង​ដែរ​ថា រដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ដោះស្រាយ​ជុំវិញ​ករណី​មិន​ប្រក្រតី​ដែល​រដ្ឋបាល​រាជធានី​បាន​យក​ដី​ប្រជាពលរដ្ឋ​ចំនួន​ ៨ ​គ្រួសារ​ ស្ថិត​ក្នុង​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ​ខណ្ឌ​ឫស្សីកែវ​ទៅ​ពុះឡូត៍​លក់​ធ្វើ​ជា​អាជីវកម្ម ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ក្នុង​ភាពមិនប្រក្រតី​នេះ​លោក ថូរ៉ាក់ស៊ី បញ្ជាក់​ថា​គណបក្ស​ខ្មែរ​ក្រោក​បាន​រកឃើញ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បំពាន​ចំណារ​ណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី និង​រំលោភ​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ដូច្នេះ​ត្រូវតែ​មាន​ការសើរើ និង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​។

ក្រៅពី​បញ្ជា​ដល់​ស្ថាប័ន​ដែនដី​ទាំង​ ២ ​នេះ​លោក ហ៊ីង ថូរ៉ាក់ស៊ី បញ្ជាក់​នៅក្នុង​លិខិត​ទាំងនោះ​ថា ចំពោះ​បញ្ហា ២ ​ទៀត​គឺ​តម្រូវ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បន្ត​ដោះស្រាយ​ភាពមិន​ប្រក្រតី​ជុំវិញ​បញ្ហាដីធ្លី​នៅក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។

លិខិត​ទាំងនោះ​សរសេរ​ថា​៖ «​សូម​ជម្រាបជូន​ឯកឧត្តម​ថា ករណី​ដែល​បានលើក​ឡើង​ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​ស្តីពី​ភាពមិនប្រក្រតី ដែល​មាន​លោក ចែម សារីម និង​លោក ប៊ូ សុខគីម យក​ដី​សហគមន៍ អ្នក​ដាំ​អំពៅ​ស្ថិត​នៅ​ចំណុច​វាល​កំរៀង ភូមិ​តាំងស្រឹង ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល ខេត្ត​កំពង់ស្ពឺ​លក់​ឲ្យ​ឈ្មួញ​ និង​ករណី​ជម្លោះដីធ្លី​នៅ​ភូមិ​អូរត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃបន់ រវាង​ប្រជាពលរដ្ឋ​ ៤៥ ​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​ឋានសួគ៌​ចំកាត់​។ រាជរដ្ឋាភិបាល​បាន​ឯកភាព​ប្រគល់​ជូន​អាជ្ញាធរ​ថ្នាក់ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ធ្វើការ​ពិនិត្យ​ដោះស្រាយ​»​។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ទាំងនេះ​ដោយ​លើក​ឡើង​ថា លោក​កំពុង​ជាប់​ប្រជុំ​។

លោក​ ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ស្រាវជ្រាវ​ជុំវិញ​ករណី​នៃ​ការចោទប្រកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ រំលោភ​ដី​របស់​ប្រជាពលរដ្ឋ​នេះ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សុំ​ពេល​សួរ​ទៅ​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ជាមុនសិន ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ព្រោះ​តែ​ភារកិច្ច​នេះ​មាន​ការទទួលខុសត្រូវ​ច្រើន​ផ្នែក​។ កិច្ចការ​នេះ យើង​ត្រូវការ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​មុននឹង​យើង​ឆ្លើយតប​»​។

ចំណែក​លោក ជាវ តាយ អភិបាល​ខេត្តកំពត​ក៏បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ដែរ​ថា នៅពេល​ទទួល​បាន​លិខិត​នេះ រដ្ឋបាលខេត្ត​នឹង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជាក់ស្តែង​លើ​ទីតាំង​ដី​ជម្លោះ​ទាំងនោះ​។

លោក​បន្តថា​ការបង្កើត​គណៈកម្មការ​នេះ​ក៏​ដើម្បី​ឲ្យ​ដឹងថា ករណី​នេះ​មាន​ដំណើរ​ដើមទង​យ៉ាងណា និង​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វីខ្លះ​? លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ដឹង​ច្បាស់​ដែរ​ថា ករណី​នេះ​យ៉ាងម៉េច​ជា​ករណី​ថ្មី ឬ​ចាស់​ដែល​យើង​ត្រូវ​សិក្សា​សិន​ដើម្បី​ឲ្យ​ដឹង​ច្បាស់ ងាយស្រួល​ដោះស្រាយ​ឲ្យ​ចំ​គោលដៅ ព្រោះ​វា​មានរឿងរ៉ាវ​ច្រើន ដែល​យើង​នឹង​ពិនិត្យ​លើ​ចំណារ​ឲ្យ​បាន​ច្បាស់ ថា​រឿងរ៉ាវ​មួយណា​?»​។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរក្រោក​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា វា​ជា​រឿង​ល្អ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បាន​ទទួល​របាយការណ៍​ហើយ​ និង​បាន​បញ្ជូនទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចំៗ​ឲ្យ​មាន​ការដោះស្រាយ​។ លោក​បញ្ជាក់ថា ក្នុង​នាម​លោក​ជា​អ្នក​ចុះ​ស៊ើបអង្កេត​ករណី​ទាំងនេះ លោក​នឹង​បន្ត​ឃ្លាំមើល​បន្ថែម​ទៀត ចំពោះ​ចំណាត់ការ​នានា​របស់​មន្ត្រី​ដែល​ទទួលបាន​ភារកិច្ច​ពី​លោកនាយក​រដ្ឋមន្ត្រី​។

លោក​និយាយថា​៖ «​តាម​វិធានការ​នេះ​គឺ​ស្រប​ទៅ​តាម​ច្បាប់​ហើយ ដែល​នាយករដ្ឋមន្ត្រី​ចាត់ការ​តាម​កិច្ច​អន្តរាគមន៍​ពី​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​គណបក្ស​ខ្មែរ​ក្រោក​។ តួនាទី​យើង​គឺ​តាមដាន​បន្ត​ការដោះស្រាយ​របស់​សមត្ថកិច្ច​ទៅលើ សជណ ដែល​រដ្ឋាភិបាល​បាន​ចេញ ក្រោម​ការស្រាវជ្រាវ​របស់​យើង​ប្រកប​ដោយ​សុចរិតភាព​តម្លាភាព​ដែរ​អត់​?»៕

អត្ថបទគួរចាប់អារម្មណ៍