ភ្នំពេញៈ ជាថ្មី​ម្ដងទៀត​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ធ្វើដំណើរ​ក្នុង​ករណី​មិន​ចាំចាច់ ជាពិសេស​ត្រូវ​ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ខណៈ​នៅ​កម្ពុជា​ទើប​រកឃើញ​អ្នក​មកពី​បរទេស​មាន​ជំងឺ​កូវីដ ១៩​ចំនួន​ ២ ​ករណី​ថ្មី ក្រោយពី​ស្ងប់ស្ងាត់​អស់​ជាង​ ១ ​ខែ​។

លោក ហ៊ុន សែន បាន​លើកឡើង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២៣ ​ឧសភា​ថា ជំងឺ​កូវីដ​១៩ គឺជា​ជំងឺ​កាចសាហាវ​មួយ​ដែល​កំពុង​បន្ត​វាយលុក​នៅ​ប្រទេស​ចំនួន​ ២១៦ ​ក្នុង​ពិភពលោក​ដែល​បាន​ធ្វើឱ្យ​មនុស្ស​ប្រហែល​ ៥ ​លាន​នាក់​ឈឺ ហើយ​ក្នុង​នោះ​មាន​ស្លាប់​ជាង​ ៣០ ​ម៉ឺន​នាក់​។

លោក​បន្តថា ប្រជាពលរដ្ឋ​ត្រូវ​មាន​ការយល់ដឹង​ខ្ពស់​អំពី​ជំងឺឆ្លង​នេះ ដោយ​ត្រូវ​បង្កើន​ការធ្វើ​អនាម័យ​ក្នុង​ការរស់នៅ​ឱ្យ​បាន​ល្អ គឺ​ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រមា ត្រូវ​ដុសលាង​សម្អាង​ដៃ​ឱ្យ​​បាន​ស្អាត​ជាប្រចាំ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែល​ដើម្បី​កម្ចាត់​មេរោគ​។

លោក​បាន​បញ្ជាក់​ថា​៖ «​បើ​មាន​ការសង្ស័យ​ទៅលើ​អ្នក​ណាម្នាក់​ ឬ​ចំពោះ​ខ្លួនឯង​ផ្ទាល់​សូម​ទូរស័ព្ទ​មក​លេខ​ ១១៥​។ សូមកុំ​ចម្លងរោគ​ពី​យើង​ទៅ​​គេ ហើយ​ក៏​កុំ​ចម្លងរោគ​ពី​គេ​មក​ក្រុម​គ្រួសារ​យើង​ផងដែរ​។ ​កន្លែង​ណា​ដែល​មិន​ចាំបាច់​ទៅ​សូម​កុំទៅ​ជាពិសេស​ទីកន្លែង​ដែល​មាន​ក្រុមមនុស្ស​ច្រើន​។ សូម​ស្តាប់​ និង​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ជាប់​ជានិច្ច​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា លទ្ធផល​ធ្វើតេស្ដ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​សម្រាប់​ថ្ងៃទី​ ២៤ ​ឧសភា​គឺ​ពុំបាន​រកឃើញ​អ្នកជំងឺ​កូវីដ​១៩​ថ្មី​ឡើយ ខណៈ​មន្ត្រី​ក្រសួង​បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​ពាក់ព័ន្ធ​ស្ដ្រី​ខ្មែរ​ម្នាក់ ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ​១៩​នៅ​​ថ្ងៃទី​ ២២ ​ឧសភា បន្ទាប់ពី​បាន​​វិលត្រឡប់​ពី​សហរដ្ឋអាមេរិក និង​ឆ្លងកាត់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៨ ខែ​ឧសភា​។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ស្ដ្រី​ខ្មែរ​រូបនេះ​ត្រូវ​បាន​ប្រទេស​កូរ៉េ​ខាងត្បូង​ផ្ដល់​ដំណឹង​មក​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​ ១១ ឧសភា​ថា ជា​អ្នក​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង ដោយសារ​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្ដ្រី​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ក្រោយពី​ពួកគេ​ធ្វើ​ដំណើរ​រួម​គ្នា​តាម​ជើងហោះហើរ​ចាកចេញ​ពី​សហរដ្ឋអាមេរិក​។

លោកស្រី​បន្តថា ចំពោះ​មនុស្ស​ចំនួន​ ៦៧ ​នាក់​ទៀត​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជាមួយ​ស្ដ្រី​ខ្មែរ​រូបនេះ​ចេញ​ពី​ប្រទេស​កូរ៉េខាងត្បូង​មកកាន់​ទីក្រុង​ភ្នំពេញ​គឺ​មាន​ខ្មែរ​ចំនួន​ ២៩ ​នាក់​ជនជាតិ​កូរ៉េ​ខាង​ត្បូង ៣៣ ​នាក់​រួមទាំង​ជនជាតិ​រុស្ស៊ី ស្វ៊ីស និង​អូទ្រីស​។ ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ទាន់​មាន​បញ្ហា​សុខភាព​ឡើយ ដោយសារ​តែ​កន្លែង​អង្គុយ​ក្នុង​យន្តហោះ​ត្រូវ​បាន​គេ​រៀបចំ​​គម្លាត​សុវត្ថិភាព​បុគ្គល​។

លោកស្រី ឱ វណ្ណឌីន បន្ថែម​ទៀត​ថា មុន​មក​ដល់​ប្រទេស​កម្ពុជា​វិញ ស្ដ្រី​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ គឺ​ការពារ​ក្រុម​គ្រួសារ​ពី​ការចម្លង​ជាយថាហេតុ ដោយ​បាន​បញ្ជូន​កូន​ចំនួន​ ២ ​នាក់ និង​ក្មួយ​ម្នាក់​ទៅ​នៅ​ខេត្ត​កំពង់ចាម​ដែលជា​ស្រុកកំណើត​បណ្ដោះអាសន្ន ហើយ​បាន​ប៉ះពាល់​ផ្ទាល់​តែ​ជាមួយ​ប្ដី​ប៉ុណ្ណោះ នៅពេល​ធ្វើ​ចត្តាឡីស័ក​នៅក្នុង​ផ្ទះ​ដែល​ស្ថិត​នៅក្នុង​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ​។

លោកស្រី​ថា​៖ «​លទ្ធផល​នៃ​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នក​​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ប៉ះពាល់​ផ្ទាល់​គឺ​មានតែ​ស្វាមី​គាត់​ទេ​ដែល​ក្រុម​ការងារ​បាន​ធ្វើ​តេស្ដ​គាត់​រួចហើយ ដោយ​បង្ហាញ​ថា លទ្ធផល​អវិជ្ជមាន រីឯ​អ្នក​ផ្សេង​ទៀត គឺ​ស្ថិត​ក្នុង​ហានិភ័យ​ទាប​ចំនួន​ ៥៣ ​នាក់ និង​ហានិភ័យ​មធ្យម​ចំនួន​ ១៤ ​នាក់​»​។

កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ កើន​ដល់​ ១២៤ ​នាក់​ក្នុង​នោះ​ ១២២ ​នាក់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​គ្មាន​ករណី​ស្លាប់​ទេ​។ មុន​រកឃើញ​ការឆ្លង​ថ្មី​ចំនួន​ ២ ​ករណី​ចុងក្រោយ​នៅ​ថ្ងៃទី​ ២១ ​និង​ថ្ងៃ​ ២២ ​ឧសភា លើ​បុរស​ជនជាតិខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ហ្វីលីពីន និង​ស្ដ្រី​ខ្មែរ​​វិល​មកពី​សហរដ្ឋអាមេរិក​គឺ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​​គ្មាន​ករណី​ឆ្លង​ថ្មី​អស់​ជាង​ ១ ​ខែ​។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​កាលពី​ម្សិលមិញ​ដែរ​ថា កម្ពុជា​មិនទាន់​មាន​ករណី​ឆ្លង​នៅក្នុង​សហគមន៍​នៅឡើយ​ទេ​។

ទាក់ទង​នឹង​ករណី​កូវីដ​១៩​នេះ ក្រសួង​សុខាភិបាល​បាន​ក្រើនរំឭក​ជាប្រចាំ​ទៅដល់​ពលរដ្ឋ​ដោយ​មិន​ឲ្យ​ធ្វេសប្រហែស​​ឡើយ​។ ​ទន្ទឹម​នឹង​នេះ​ក្រសួង​បាន​អំពាវនាវ​ឲ្យ​បន្ត​ការពារ​ខ្លួន​ពី​ការឆ្លង​តាមរយៈ​ការពាក់​ម៉ាស់ លាងដៃ​សម្លាប់​មេរោគ​ជាមួយ​សាប៊ូ អាល់កុល​ ឬ​ជែល និង​ជាពិសេស​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ដោយ​មិនត្រូវ​ជួប​នៅ​តាម​កន្លែង​ស៊ីផឹក និង​ត្រូវ​បន្ត​ផ្អាក​ការរៀបចំ​មង្គលការ​ជាដើម​ថ្វីដ្បិត​អ្នកជំងឺ​ភាគច្រើន​​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ និង​ពុំមាន​អ្នកស្លាប់​ក្ដី​។

កាលពី​កន្លងមក​លោកស្រី ឱ វណ្ណឌីន ធ្លាប់​បាន​ព្រមាន​​ថា វិស័យ​សុខាភិបាល​កម្ពុជា​នឹង​ជួប​ការលំបាក ប្រសិន​បើ​កម្ពុជា​ឈាន​ដល់​ដំណាក់កាល​ឆ្លង​ទៅដល់​សហគមន៍ ខណៈ​ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន​គ្រប់​ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​៕