ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​កា​រលើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ​និយោជិត​នៅ​តាម​គ្រប់​រោងចក្រ សហគ្រាស និង​អ្នក​បម្រើ​ការងារ​នៅ​ក្រៅ​ប្រព័ន្ធ ទោះបី​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក៏​ដោយ។

ក្នុង​សារ​លិខិត​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នាឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី១៣៥ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា តាង​នាម​រាជរដ្ឋាភិបាល និង​ក្នុង​នាម​រូប​លោក​ផ្ទាល់ មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ចូលរួម​ជាមួយ​បងប្អូន ក្មួយៗ កម្មករ​និយោជិត និយោជក និង​ជន​រួម​ជាតិ​ទាំង​អស់ នៅ​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​នេះ ក្រោម​ប្រធានបទ «សន្តិភាព សុខភាព និង ការងារ»។

លោក​បញ្ជាក់​ថា៖ «ទោះបី​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ជំងឺ​កូវីដ ១៩ ក៏​ដោយ រាជរដ្ឋាភិបាល​នៅ​តែ​ខិតខំ​បន្ត​រក្សា​ការងារ ដែល​មាន​ស្រាប់ និង​បង្កើត​ការងារ​ថ្មី​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ ដែល​នាំ​ឱ្យ​ផល​ប៉ះពាល់​លើ​ចំនួន​ការងារ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន»។

ជាក់​ស្ដែង រោងចក្រ សហគ្រាស​ចំនួន ១ ១០៣ បាន​បើក​ដំណើរការ​ថ្មី ដែល​ផ្តល់​ការងារ​ដល់​កម្មករ​និយោជិត​សរុប​ជាង ៦ ម៉ឺន​នាក់​បន្ថែម។

លើស​ពី​នេះ ចំនួន​រោងចក្រ សហគ្រាស ដែល​បាន​ព្យួរ​កិច្ចសន្យា​ការងារ​បាន​ធ្លាក់​ចុះ​ពី​ចំណុច​កំពូល​នៅ​ខែ​មិថុនា ឆ្នាំ ២០២០ ពី​ចំនួន ៤៣៣ ស្មើ​នឹង​កម្មករ និយោជិត​ជាង ១៥ ម៉ឺន​នាក់ មក​ត្រឹម ១៥០ រោងចក្រ សហគ្រាស ស្មើ​នឹង​កម្មករ​ជាង ២ ម៉ឺន​នាក់ គិត​ត្រឹម​បំណាច់ ឆ្នាំ ២០២០ និង​បន្ត​ធ្លាក់​ចុះ​ជា​បណ្តើរៗ​ផង​ដែរ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩ នេះ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​មក​លើ​ស្ថានភាព​សង្គម សេដ្ឋកិច្ច ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ត​ជួយ​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប និង​វិស័យ​ទេសចរណ៍​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ សម្រាប់​កម្មករ​និយោជិត ១ នាក់ ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​រយៈពេល ៣ ខែ​បន្ថែម​ទៀត ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា ឆ្នាំ ២០២១»។

ជាមួយ​គ្នា​នេះ ម្ចាស់​រោងចក្រ សហគ្រាស​ក្នុង​វិស័យ​នេះ​ត្រូវ​បន្ថែម​ចំនួន ៣០ ដុល្លារ​អាមេរិក សម្រាប់​កម្មករ​និយោជិត ១ នាក់ ដែល​សរុប​កម្មករ​និយោជិត ១ នាក់ ទទួល​បាន ៧០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

បន្ថែម​ពី​នេះ រាជរដ្ឋាភិបាល​បាន​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ជូន​កម្មករ​និយោជិត ១ នាក់ ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​មាន​ដូចជា សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារ​ទេសចរណ៍ សម្រាប់​រយៈពេល ៣ ខែ​បន្ថែម​ទៀត ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា ឆ្នាំ ២០២១។

លោក​ ហ៊ុន សែន បន្ត​ថា ដើម្បី​សម្រួល​ដល់​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​វិបត្តិ​កូវីដ ១៩ រាជរដ្ឋាភិបាល​សម្រេច​បន្ត​លើក​លែង​ការ​បង់​ពន្ធ​ប្រចាំ​ខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​ចុះ​បញ្ជី​ជាមួយ​អគ្គនាយដ្ឋាន​ពន្ធដារ សម្រាប់​រយៈពេល ៣ ខែ​បន្ថែម​ទៀត ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា ឆ្នាំ​២០២១។

ក្រៅ​ពី​នេះ រាជរដ្ឋាភិបាល​បាន​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ សម្រាប់​រយៈពេល ៣ ខែ​បន្ថែម​ទៀត ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា ឆ្នាំ ២០២១។

ជាមួយ​គ្នា​នេះ​ដែរ រាជរដ្ឋាភិបាល​បាន​បន្ត​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ទាំង​អស់ និង​អំពាវនាវ​ដល់​បុគ្គល ឯកជន​ដែល​ជា​ម្ចាស់​អគារ​ទីតាំង​អាជីវកម្ម និង​រោងចក្រ សហគ្រាស ជួយ​សម្រួល​ដល់​ភាគី​ជួល ដោយ​ចៀសវាង​ការ​បញ្ឈប់​កិច្ចសន្យា ឬ​ការ​បណ្តេញ​ចេញ​តាមរយៈ​ការ​ពន្យារពេល​នៃ​ការ​បង់​ថ្លៃ​ឈ្នួល ឬ​បញ្ចុះ​ថ្លៃ​ឈ្នួល ឬ​មិន​យក​ថ្លៃ​ឈ្នួល​តាម​លទ្ធភាព​ជាក់ស្តែង។

ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋមន្រ្តី បន្ត​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​បងប្អូន កម្មករ​និយោជិត ចូលរួម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដោយ​ស្ម័គ្រចិត្ត និង​អនុវត្ត​ឱ្យ​បាន​ហ្មត់ចត់​បំផុត​នូវ វិធាន​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ តាមរយៈ​ការ​អនុវត្ត​វិធាន «៣ ការពារ» និង «៣ កុំ» និង​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

ក្នុង​សារ​លិខិត​ដដែល​បាន​ឱ្យ​ដឹង​ថា ទិវាពលកម្ម​អន្តរជាតិ ១ ឧសភា កម្ពុជា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ ចាប់​តាំង​ពី​ថ្ងៃ​រំដោះ​ពី​​របប​ប្រល័យ​ពូជសាសន៍​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន។

ទោះបី​ឆ្នាំ​នេះ ប្រទេស​កម្ពុជា និង​ពិភព​លោក​ទាំង​មូល​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ ១៩ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែបន្ត​ឱ្យ​មាន​ការ​រៀបចំ​រំឭក​នូវ​ទិវា​ដ៏​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែរ៕