
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារពិសេសទៅកាន់ជនរួមជាតិអំពីព្រឹត្តិការណ៍សហគមន៍ថ្មីនេះពីគេហដ្ឋានរបស់លោក បន្ទាប់ពី មានការប្រជុំពិសេសបន្ទាន់មួយជាមួយនឹងមន្រ្តីដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ SPM
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា ករណីឆ្លងជំងឺកូវីដ ១៩ បានឆ្លងចូលក្នុងសហគមន៍ជាលើកទី៣ ហើយ ដែលលោកបានដាក់ឈ្មោះនេះថា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» បន្ទាប់ពីត្រឹមរយៈពេលតែជាង ១០ ម៉ោងប៉ុណ្ណោះ កម្ពុជារកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ៣២ ករណី។
លោក ហ៊ុន សែន បានថ្លែងសារពិសេសទៅកាន់ជនរួមជាតិអំពីព្រឹត្តិការណ៍សហគមន៍ថ្មីនេះពីគេហដ្ឋានរបស់លោក បន្ទាប់ពី មានការប្រជុំពិសេសបន្ទាន់មួយជាមួយនឹងមន្រ្តីដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោកមានប្រសាសន៍ថា សភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយដែលលោកក៏ដូចជា មន្រ្តីពាក់ព័ន្ធ បានធ្វើការសន្និដ្ឋានច្បាស់ថា នេះជាការឆ្លងក្នុងសហគមន៍លើកទី៣ បន្ទាប់ពីសហគមន៍ ៣ វិច្ឆិកា និង សហគមន៍ ២៨ វិច្ឆិកា កាលពីឆ្នាំ ២០២០។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសម្រេចដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយព្រឹត្តិការណ៍នេះគឺមានត្រឹមតែជាង ១០ ម៉ោង ប៉ុណ្ណោះយើងបានរកឃើញឆ្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំរហូតទៅដល់ ៣២ ករណីដែលនេះជាករណីមិនធ្លាប់មាននៅក្នុងប្រទេសរបស់យើងនោះទេ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការសង្ស័យកើតមានកាលពីម្សិលមិញនេះ ហើយយប់មិញនេះ ក្រុមការងារបានធ្វើតេស្តទាំងយប់ឃើញមាន ២៨ ករណី ប៉ុន្តែ នៅព្រឹកថ្ងៃសៅរ៍ រកឃើញមានករណីចំនួន ៤ ទៀត ហើយលោកក៏មិនទាន់ដឹង ថាតើការវិវត្តបន្តទៀតទៅជាយ៉ាងណានៅឡើយទេ។ វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា និង អង្គភាពដែលត្រូវធ្វើសំណាកនៅមជ្ឈមណ្ឌលសាធារណៈកំពុងតែដំណើរការធ្វើតេស្តបន្តទៀត។
ចំណុចចាប់ផ្តើមនៃការកើតមានឡើងនូវការឆ្លងចូលសហគមន៍នេះគឺកើតឡើងក្នុងក្លឹប N8 ប៉ុន្តែលោកមិនបានធ្វើការពន្យល់ថាតើនៅកន្លែងណានោះទេ។
លោកហ៊ុន សែនបានថ្លែងថា ៖ «នេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើងក្នុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដែលនាំចូលពីប្រទេសថៃនិងវៀតណាម ខណៈដែលយើងបានធ្វើល្អហើយនៅតាមព្រំដែននៃប្រទេសទាំងពីរនេះ។ យើងក៏បានចាប់មេខ្យល់ដែលរកស៊ីរត់ពន្ធមនុស្សនិងនាំផ្លូវមនុស្សចំនួន៣១នាក់ ហើយយើងនឹងបន្តការចាប់ខ្លួនជនណាក៏ដោយក្នុងការធ្វើសកម្មភាពឆ្លងដែននេះ»។
ក្នុងដំណាក់កាលនេះ លោកហ៊ុន សែនបានចេញនូវបទបញ្ជាក៏ដូចជាការអំពាវនាវចំពោះជនរួមជាតិទាំងអស់ដោយលោកបានស្នើសុំនូវការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់នៅរបស់ពលរដ្ឋដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ត និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់។
លោកបានបន្តថា ត្រូវបន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន ក្នុងនោះអាជ្ញាធរត្រូវស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹបN8 ទោះទៅដល់ទីណាក៏ដោយ។
លោកមានប្រសាសន៍ថា ៖ «អ្នកដែលនៅក្នុងតំបន់នោះអាចនឹងមានការប៉ះពាល់ ប៉ុន្តែយើងមិនមានជម្រើសទេ ដោយសារពួកគាត់មានហានិភ័យខ្ពស់ក្នុងការឆ្លង។ មនុស្សទាំងអស់នោះមិនត្រូវអនុញ្ញាតឱ្យចូល លើកលែងតែម្ចាស់ផ្ទះ ប៉ុន្តែមិនអនុញ្ញាតឱ្យចេញពីតំបន់នោះ»។
លោកហ៊ុន សែន បានបន្តថា សម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក ហើយអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះត្រូវមកឱ្យពិនិត្យសំណាក។ ពលរដ្ឋនៅភ្នំពេញនិងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំជានិច្ច។
ជាមួយគ្នានេះដែរលោកហ៊ុន សែន មិនទាន់ចេញបទបញ្ជានូវការបិទមង្គលការ ការប្រជុំ បិទសាលា និងពិធីផ្សេងៗទេ ប៉ុន្តែត្រូវមានលក្ខខណ្ឌក្នុងការពាក់ម៉ាស់ និងការរក្សាគម្លាត។
លោកហ៊ុន សែនបានបញ្ជាក់ថា ៖ «បើយើងធ្វើការងារនេះបានល្អ យើងនឹងអាចឈានទៅដល់ការបិទសហគមន៍២០កុម្ភៈនេះក្នុងរយៈពេល១ខែខាងមុខឬលើសនេះបន្តិចបន្តួច»។
លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការរើសអើងចំពោះប្រជាពលរដ្ឋដែលរស់នៅភ្នំពេញ និងចំពោះជនជាតិចិន នៅពេលដែលករណីឆ្លងកូវីដក្នុងសហគមន៍លើកទី៣នេះ កើតឡើងលើជនជាតិចិន៕