ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ជូន​ដល់​ស្ត្រី​ជា​កម្មការិនី​រោងចក្រ ដែល ជា​អ្នក​ចាក់​វ៉ាក់សាំង​លេខ​រៀង​ទី ២ លាន​នាក់។

លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃនេះ​ថា៖ «បន្ទាប់ពី​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ថ្ងៃ ១០ ខែ កុម្ភៈ ២០២១ ដែល​ម្ជុល​ទី ១ បាន​ទៅ ហ៊ុន ម៉ាណែត (អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ) នៅ​ថ្ងៃ ១១ ខែ មេសា ២០២១ យើង​បាន​រកឃើញ​មនុស្ស​ទី ១ លាន ដែល​បាន​ចាក់​វ៉ាក់សាំង​ដែល​បាន​ទៅ​ក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែល​ទទួលបាន​រង្វាន់ ១០ លាន​រៀល​ផងដែរ»។

លោក​ ហ៊ុន សែន បន្តថា៖ «ថ្ងៃនេះ ១៤ ខែ ឧសភា ២០២១ យើង​រកឃើញ​មនុស្ស​ទី ២ លាន ដែល​បាន​ទៅ​ក្មួយស្រី ទិត ចិន្តា អាយុ ២៣ ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ដែល​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ចំនួន​ទឹកប្រាក់ ១០ លាន​រៀល​ទៀត»។

លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​ទៅ​កម្មការិនី​រូបនេះ​ថា៖ «សូម​ក្មួយស្រី ទិត ចិន្តា ទទួលយក​រង្វាន់​ពី​លោកជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​លើ​ការចាក់​វ៉ាក់សាំង»។

លោក​ ហ៊ុន សែន ឱ្យដឹង​ដែរ​ថា ក្នុងចំណោម​ប្រជាជន​ទាំងចាស់ ទាំង​ក្មេង ១៦ លាន​នាក់ ក្នុង​នោះ​មាន​ពលរដ្ឋ​ដែល​ទទួលបាន​វ៉ាក់សាំង​កូវីដ១៩ មាន​ចំនួន ២ លាន​នាក់​ហើយ ស្មើនឹង ២០ ភាគរយ ខណៈ​រដ្ឋាភិបាល​ត្រៀម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​ឱ្យ​បាន ១០ លាន​នាក់ ទូទាំង​ប្រទេស។

លោក​បន្តថា៖ «ការចាក់​វ៉ាក់សាំង​នេះ​យើង​ក៏​បាននិង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ផ្ការីក គឺ​ចាក់​ពី​ក្នុង​ចេញ​ក្រៅ គឺ​ចាក់​នៅ​រាជធានី​ភ្នំពេញ ដែលមាន​មនុស្ស​រស់នៅ​កុះករ​ជាមុន បន្ទាប់​ទៅនឹង​ចេញ​ទៅ​បណ្តា​ខេត្ត​ទៅ​តាម​លំដាប់​អាទិភាព»។

លោក​បាន​បញ្ជាក់ថា៖ «ក្នុង​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ល្អ​ជាង​អង្គុយ​បក់ផ្សែង យើង​គ្មាន​ជម្រើស​ណា​ឱ្យ​ល្អ​ជាង​ការខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​យើង​នោះទេ»។

លោក​បន្តថា៖ «ការឆ្លង​ក្នុង​សហគមន៍​ម្តង​ហើយ​ម្តងទៀត នៅ​ស្ទើរ​គ្រប់​ប្រទេស​តម្រូវឱ្យ​យើង​ខិតខំ​រក​វិធី​ទប់ស្កាត់​ការឆ្លង​ និង​ការបាត់បង់​ជីវិត​ប្រជាជន​យើង​តាមរយៈ​ការចាក់​វ៉ាក់សាំង»៕

វីដេអូ៖