បន្ទាយមានជ័យៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ផ្ដល់​ស្រូវពូជ​មិន​ប្រកាន់​រដូវ និង​គ្រាប់ពូជ​បន្លែ​ ៦ ​មុខ​ជូន​ប្រជាកសិករ រងគ្រោះ​ខូចខាត​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ក្នុង​អំឡុងពេល​មាន​ទឹកជំនន់​ក្នុង​ ១ ​គ្រួសារ ១០០ ​គីឡូក្រាម ដើម្បី​ធ្វើការ​ដាំដុះ​ស្ដារ​លទ្ធភាព​គ្រួសារ​ឡើងវិញ ក្រោយ​ទឹក​ស្រក​។

ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ផ្ដល់ជំនួយ​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ ១០ ០០០ ​គ្រួសារ​ នៅក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​ ២៤ ខែ តុលា ឆ្នាំ​ ២០២០ លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អាជ្ញាធរ​នៃ​បណ្ដា​ខេត្ត​ដែល​បាន​ជួប​ប្រឈម​គ្រោះ​ជំនន់​ទឹកភ្លៀង ចុះ​ស្រង់​ស្ថិតិ​គ្រួសារ​ប្រជាពលរដ្ឋ និង​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ និង ដំណាំ​រួមផ្សំ​ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ទាំងអស់​ឱ្យបាន​ច្បាស់លាស់ ដើម្បី​រៀបចំ​ផ្ដល់​ពូជស្រូវ និង​ដំណាំ​​រួមផ្សំ​ដល់​ប្រជាកសិករ​ធ្វើការ​ដាំដុះ​ស្ដារឡើងវិញ​។

លោក​ថ្លែងថា​៖ «​ក្រោយ​ទឹកជំនន់ រាជរដ្ឋាភិបាល​បាន​ត្រៀម​ពូជស្រូវ​ចំនួន​ ២ ០០០ ​តោន​ ដែល​ជា​ពូជស្រូវ​មិន​ប្រកាន់​រដូវ​សម្រាប់​ផ្ដល់ជូន​តែ​គ្រួសារ​ដែល​ខូចខាត​ស្រូវ​ប៉ុណ្ណោះ​ដោយ​ក្នុង​ ១ ​គ្រួសារ​ នឹង​ទទួល​បាន​ ១០០ ​គីឡូក្រាម​។ សម្រាប់​អ្នក​មិន​ធ្វើ​ស្រូវ តែ​ពួកគាត់​ដាំ​ដំណាំ គឺ​រាជរដ្ឋាភិបាល​នឹង​ផ្តល់នូវ​គ្រាប់ពូជ​ដំណាំ ៦ ​មុខ ដើម្បី​ទុក​បង្កបង្កើនផល​ឡើងវិញ​»​។

សូម​បញ្ជាក់ថា ជា​រៀងរាល់​ឆ្នាំ​រាជរដ្ឋាភិបាល​បាន​រក្សាទុក​ស្រូវពូជ ១០ ០០០ ​តោន អង្ករ ៥ ០០០ ​តោន និង​ពូជ​បន្លែ​ ៦ ​មុខ​ចំនួន​ ៥០ ​តោន​ នៅក្នុង​ស្តុក​សម្រាប់​ត្រៀម​បង្ការ​ឆ្លើយតប​ចំពោះ​គ្រោះ​មហន្តរាយ​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត ដើម្បី​ផ្ដល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ធ្វើការ​ដាំដុះ​ស្ដារ​ឡើង​វិញ​។

ជាមួយ​គ្នា​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ និង​ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដែល​រួមមាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​រាជធានី-ខេត្ត​ ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការស្ដារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ខូចខាត​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​មាន​ជា​អាទិ៍​ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និង​ប្រព័ន្ធ​ធារាសាស្ត្រ​នានា ក្រោយពេល​ស្ថានភាព​ទឹកជំនន់​មាន​ភាពធូរស្រាល​ និង​ស្រក​អស់​។

ជុំវិញ​ការជំរុញ​ណែនាំ​នេះ​លោក ប៉ាល់ ច័ន្ទតារា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃអាទិត្យ​ថា នៅពេល​នេះ​ក្រុម​ការងារ​ជួសជុល​ផ្លូវ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី-ខេត្ត កំពុង​ចុះ​ពិនិត្យ និង​សិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​ផ្លូវ​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង ដើម្បី​ត្រៀម​ជួសជុល​ស្ដារឡើងវិញ​។

លោក​បាន​ថ្លែងថា​៖ «​ការងារ​នៅ​ចំពោះមុខ​នេះ គឺ​ធ្វើ​យ៉ាងណា​ជួយ​អន្តរាគមន៍ ជីកកាយ​ប្រឡាយ រំដោះ​ទឹក​ចេញពី​តំបន់​ដែល​រង​ការជន់លិច​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ការពារ​កុំ​ឱ្យមាន​ផលប៉ះពាល់ និង​ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ធ្ងន់ធ្ងរ​ជាង​នេះ​»​។

លោក ច័ន្ទតារា ថ្លែងថា នៅពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​សាធារណការ​កំពុង​សហការ​ជាមួយ​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​ជីកកាយ​ប្រឡាយ ដើម្បី​រំដោះ​ទឹក​ចេញពី​ក្រុង​បាត់ដំបង និង​កំណាត់​ផ្លូវជាតិ ផ្លូវ​ខេត្ត​មួយ​ចំនួន​ទៀត ដែល​រួមមាន កំណាត់​ផ្លូវជាតិ​នៅក្នុង​ខេត្តតាកែវ​, កំណាត់​ផ្លូវ ស្ថិតក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​កំណាត់ ផ្លូវជាតិ​លេខ ៤ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ និង​ធ្វើការ​បើកមុខ​ទឹក​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៦ ស្ថិត​ក្នុងភូមិ​កំពង់ក្ដី​១ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្ត​សៀមរាប​។

យោងតាម​ទិន្នន័យ​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៤ ខែ តុលា ឆ្នាំ ២០២០ ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឱ្យ​ដឹងថា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​មនុស្ស​ ៤០ ​នាក់​លង់ទឹក​ស្លាប់​ក្នុង​នោះ​ខេត្ត​បន្ទាយមានជ័យ​ស្លាប់​ច្រើន​ជាងគេ​គឺ​ ២៣ ​នាក់​។ ជាមួយ​គ្នា​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ​១៣៦ ៤៤២ ​គ្រួសារ ស្មើនឹង ៥៤៥ ៧៦៨ ​នាក់ ក្នុង​ ២០ ​រាជធានី-ខេត្ត​ ក្នុង​នោះ​ប្រជាពលរដ្ឋ​ ១១ ៨៣៨ ​គ្រួសារ ស្មើនឹង​ ៤៧ ៣៥២ ​នាក់ ​ត្រូវ​បាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។

ទិន្នន័យ​ដដែល​នោះ​បាន​បង្ហាញ​ទៀតថា ក្រៅពី​ប៉ះពាល់​ដល់​មនុស្ស គ្រោះទឹកជំនន់​នេះ​ក៏​បាន​ជន់លិច​សាលារៀន ៩២៥ ​កន្លែង​ផលប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​រាប់ម៉ឺន​នាក់ និង​ជន់​លិច​វត្ត​អារាម​ ៣០៥ ​កន្លែង លិច​និង​ប៉ះពាល់​ដំណាំ​ស្រូវ ២៧០ ០០៧ ​ហិកតា និង​ដំណាំ​រួមផ្សំ​ ៨៨ ៧៧៩ ​ហិកតា ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវលំ​ជនបទ សរុប ២ ៣០១ គីឡូម៉ែត្រ​៕