
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ រូបថត SPM
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់ថវិកាបន្ថែមចំនួន ១ ០៧០ លានរៀលទៅដល់ខេត្តចំនួន ១៥ និងផ្តល់នូវសម្ភារ (ឃីត) មួយចំនួនដល់ខេត្តចំនួន ១២ ទៀត ផងដែរ សម្រាប់រៀបចំ និង ជួយដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃនេះ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីបានផ្តល់ថវិកាសរុបចំនួន ១ ០៧០ លានរៀលសម្រាប់ជួយផ្គត់ផ្គង់ទៅដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តចំនួន ១៥ ខេត្ត ដែលមានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន១២៨២៣នាក់។
ខេត្តទាំងនោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ស្ទឹងត្រែង ព្រះសីហនុ និងខេត្តសៀមរាប។ ថវិកាដែលត្រូវបានផ្តល់បន្ថែមទៅដល់ខេត្តទាំងនេះមានចាប់ពី ១០ លានរៀល ទៅដល់ ៣០០ លានរៀល។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានផ្តល់នូវសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនទៅដល់ខេត្តចំនួន ១២ ខេត្តទៀតផងដែរ ក្នុងនោះមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កោះកុង ពោធិ៍សាត់ ព្រះវិហារ ព្រៃវែង ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ និង ខេត្តសៀមរាប សម្រាប់ជួយដល់អ្នកកំពុងធ្វើចត្តាឡីស័ក សរុបចំនួន ៩ ៥៨៦ នាក់ ដែលសម្ភារទាំងនោះមាន កន្ទេលជ័រ មុង ភួយ ខ្នើយ ស្រោមខ្នើយ សារុង និងក្រមា៕