ភ្នំពេញៈ ថវិកា​ចំនួន ២ ២៩០ លាន​រៀល ឬ​ជាង ៥៦០ ០០០ ដុល្លារ​អាមេរិក ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ទៅដល់​ខេត្ត​ចំនួន ២១ នៅ​ទូទាំងប្រទេស​ ដើម្បី​ត្រៀម​រៀបចំ​ធ្វើ​ចត្តាឡីស័ក​ពីថ្ងៃ​ទី ០៣ ដល់​ថ្ងៃទី ០៩ ខែឧសភា ។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹងថា ថវិកា​ដែល​លោកនាយក​រដ្ឋមន្ត្រី​ផ្តល់​ជូន​បន្ថែម​ដល់​ខេត្ត​នីមួយៗ​មាន​ចន្លោះ​ពី​ ១០ លាន​រៀល​ទៅ​ដល់ ២៥០ លាន​រៀល។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា៖ «មកដល់​ពេល​នេះ​ខេត្ត​ទាំង ២៤ ដែលមាន​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក​មាន​ចំនួន ៣៩ ៨៩៩ នាក់​ក្នុង​នោះ​ខេត្ត​ដែលមាន​អ្នក​កំពុង​ធ្វើ​ចត្តាឡី​ច្រើន​ជាងគេ គឺ​ខេត្ត​ព្រះសីហនុ ដែល​មាន​រហូត​ដល់ ២៦ ៦៣៨ នាក់»។

ខេត្ត​ទាំង ២៤ ដែលមាន​អ្នកធ្វើ​ចត្តាឡីស័ក​មាន ខេត្ត​បាត់ដំបង ចំនួន ១ ៣៤៨ នាក់ ខេត្ត​បន្ទាយមានជ័យ ចំនួន ១ ០៨៥ នាក់ ខេត្ត​ឧត្តរមានជ័យ ចំនួន ១៨៩ នាក់ ខេត្ត​ប៉ៃលិន ចំនួន ៣៤៩ នាក់ ខេត្ត​កោះកុង ចំនួន ៤៨ នាក់ ខេត្ត​ពោធិ៍សាត់ ចំនួន ១ ៥៩២ នាក់ ខេត្ត​ព្រះវិហារ ចំនួន ១៨០ នាក់ ខេត្តកណ្តាល ចំនួន ១ ៨១៣ នាក់ ខេត្ត​ស្វាយរៀង ចំនួន ៨៣ នាក់ ខេត្ត​ព្រៃវែង ចំនួន ៣៦៣ នាក់ ខេត្ត​ត្បូងឃ្មុំ ចំនួន ៧៦៩ នាក់ ខេត្តក្រចេះ ចំនួន ៣៥៤ នាក់ ខេត្ត​រតនគិរី ចំនួន ១១០ នាក់ ខេត្តតាកែវ ចំនួន ៦៩៦ នាក់ ខេត្ត​កំពង់ចាម ចំនួន ៨៤៩ នាក់ ខេត្ត​កំពង់ឆ្នាំង ចំនួន ៨៧៧ នាក់ ខេត្ត​កែប ចំនួន ៨៧ នាក់ ខេត្ត​កំពង់ស្ពឺ ចំនួន ៨០៨ នាក់ ខេត្ត​កំពង់ធំ ចំនួន ១ ១៣៣ នាក់ ខេត្ត​ស្ទឹងត្រែង ចំនួន ៥៥ នាក់ ខេត្ត​ព្រះសីហនុ ចំនួន ២៦ ៦៣៨ នាក់ និង​ខេត្តសៀមរាប ចំនួន ៤៧៣ នាក់។

ជាមួយ​នេះ​ដែរ ខេត្ត​ចំនួន​ពីរ ដែល​មិនមាន​អ្នកធ្វើ​ចត្តាឡីស័ក​គឺ ខេត្ត​មណ្ឌលគិរី​ និង​ខេត្តកំពត៕