
ការប្រគំតន្ត្រីចាប៉ីដងវែង គម្រប់ខួប ៤ ឆ្នាំនៃការចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ ថ្លែងអបអរសាទរខួប ៤ ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីគុណបំណាច់នៃសិល្បករ និងស្ថាប័នពាក់ព័ន្ធដែលបានចូលរួមរក្សាចាប៉ីដងវែង ខណៈរូបលោកបានចាត់ទុកតន្ត្រីបុរាណនេះបានអប់រំប្រជាជនខ្មែរពីគុណធម៌ និងវប្បធម៌តាមរយៈរឿងបុរាណ ឬរឿងអប់រំខ្លីផ្សេងៗទៀត។
តាមរយៈបណ្តាញហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា៖ «ចាប៉ីអាចលេងបានដោយមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង»។
បើតាមលោក ហ៊ុន សែន បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ ចាប៉ីដងវែងជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជាដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។
ជាមួយការអបអរសាទរខួបចាប៉ីដងវែង នៅឆ្នាំនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយដែលបានចូលរួមក្នុងការថែរក្សានូវសិល្បៈមួយនេះឱ្យបានគង់វង្ស និង អរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួនចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះគឺជាខួប ៤ ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី។ ទន្ទឹមនឹងនេះប្រមុខរដ្ឋាភិបាលបានអំពាវនាវឱ្យជនរួមជាតិបន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិឱ្យនៅគង់វង្សបន្តបន្ទាប់ទៀត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើតមហោស្រពចាប៉ីដងវែងឆ្នាំ ២០២០ ដែលផ្សព្វផ្សាយផ្ទាល់តាមរយៈបណ្តាញហ្វេសប៊ុកផ្លូវការរបស់ក្រសួងនេះពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ វិច្ឆិកា ដែលមានការសម្តែងសិល្បៈផ្សេងៗទាក់ទងនឹងចាប៉ីដងវែង។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ក្នុងមហោស្រពចាប៉ីដងវែងឆ្នាំ ២០២០ មានការសម្តែងល្ខោនខោលរឿងរាមកេរ្តិ៍ ត្រង់ឈុត វិរុឡ្ហចម្បាំងបទបង្ហាញពីវង់ភ្លេងមហោរីព្រះរាជទ្រព្យ ចាប៉ីឆ្លើយឆ្លងដោយលោកព្រឹទ្ធាចារ្យកំពូល ពេជ និងលោក ម៉ើ មឿន និងកិច្ចពិភាក្សាលើប្រធានបទវិធីសាស្ត្រក្នុងការបង្ហាត់បង្រៀនចាប៉ីដងវែងជាដើម។
លោក ប៉ុណ្ណាស៊ីរីវត្ថ ថ្លែងថា៖ «យើងមានការសម្តែងឈុតនានាពាក់ព័ន្ធទៅនឹងចាប៉ីដងវែងលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌ ប៉ុន្តែជាកម្មវិធីផ្ទាល់ទីតាំងសម្រាប់មហាជនលោកទស្សនានោះយើងអត់មានទេ ព្រោះខ្លាចមានការឆ្លងជំងឺកូវីដ១៩» ។
ជាមួយគ្នានេះលោក ប៉ុណ្ណាស៊ីរីវត្ថ សំណូមពរឲ្យពលរដ្ឋខ្មែរទាំងអស់ចូលរួមរំឭក និងថែរក្សាវប្បធម៌ មិនថាតែរឿង ល្ខោន ឬចាប៉ីនោះទេ ប៉ុន្តែជាន័យទូទៅក្នុងការរួមចំណែកថែរក្សាព្រលឹងជាតិ គឺការចូលរួមរក្សាសម្បត្តិវប្បធម៌ ដែលមានទម្រង់ទាំងរូបី និងអរូបី។
លោកបានបញ្ជាក់ថា៖ «គ្មានអ្វីក្រៅពីចូលរួម និងអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ប្រជាជន មហាជន មានតែយើងជាខ្មែរ ជាម្ចាស់របស់ហ្នឹងហើយ យើងនាំគ្នាថែទាំ និងលើកស្ទួយដោយមានការរៀបចំ សម្តែងជាការផ្សព្វផ្សាយឲ្យត្រូវគ្រប់ទម្រង់រូបភាពដែលប្រជាពលរដ្ឋលោកអាចចូលរួមបាន»។
បើតាមលោក ប៉ុណ្ណា ស៊ីរីវត្ថ ក្នុងឱកាសនៃការរំឭកខួបរបស់ចាប៉ីដងវែងនេះក៏ជាការរំឭកឡើងវិញនូវការរីករាយ ការរួបរួមនៅក្នុងការចូលរួមសាទរនូវអ្វីដែលកម្ពុជាបានចុះបញ្ជីបេតិកភណ្ឌអរូបបីនៃមនុស្សជាតិ។
ជាមួយគ្នានោះក៏ជាគោលដៅនៃការថែរក្សាការពារនឹងលើកកម្ពស់វប្បធម៌របស់ជាតិ។
លោកបានបន្ថែមថា៖ «ការដាក់បញ្ចូលសម្បត្តិវប្បធម៌ ទាំងរូបី ទាំងអរូបី ហ្នឹង គឺការដាក់បញ្ចូលទៅជាតម្លៃសកលសម្រាប់មនុស្សជាតិពិភពលោក ហើយក៏ជាមោទនភាពរបស់ជាតិយើងដែលគេទទួលស្គាល់ស្នាដៃឯករបស់យើង»៕