
ក្រសួងសុខាភិបាលប្រកាសហាមឃាត់ជនជាតិឥណ្ឌា និងជនបរទេសមកពីប្រទេសឥណ្ឌា ចូលមកកម្ពុជា ខណៈឥណ្ឌាកំពុងតែផ្ទុះការឆ្លងរាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ ១៩។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចហាមឃាត់ជនជាតិឥណ្ឌា និងជនជាតិបរទេស ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬធ្លាប់មានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា មិនឲ្យចូលមកក្នុងប្រទេសកម្ពុជា ខណៈប្រទេសឥណ្ឌា កំពុងតែផ្ទុះការឆ្លងរាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ ១៩។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនៅរសៀលថ្ងៃអង្គារ ទី ២៧ ខែមេសានេះថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ ១៩ នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗ។
លោកថា តាមការសង្កេតមើលនៅលើពិភពលោកឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 ដែលមានប្រភពមកពីប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀត ឈ្មោះថា B1617 ដែលមានប្រភពចេញពីប្រទេសឥណ្ឌា ដោយមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ B117 ទៅទៀត។
លោក ម៉ម ប៊ុនហេង បានលើកឡើងថា៖ «ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលសម្រេចហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជា មួយរយ: រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា»។
លោកបានបញ្ជាក់ថា ការហាមនេះ នឹងត្រូវចាប់អនុវត្តន៍ក្រោយ ៤៨ ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ៕
