ភ្នំពេញៈ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន បាន​ឆ្លើយតប​ទៅ​សមាជិកសភា​អាមេរិក​លោក ថេដ យ៉ូហូ ដែល​ធ្លាប់ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់លោក​នោះ​ថា លោក​បាន​ត្រៀម​ជាស្រេច​ដើម្បី​ផ្លាស់ប្តូរ​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា-អាមេរិក​ ហើយ​ក៏​មិន​ត្រូវយក​បញ្ហា​ដែល​ធ្លាប់​ខ្វែងគំនិត​គ្នា​មក​ធ្វើជា​ឧបសគ្គ​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ២ ​នោះទេ​។

លោក​ ហ៊ុន សែន បាន​សរសេរ​លិខិត​ឆ្លើយតប​ទៅ​លោក​ ថេដ យ៉ូហូ បន្ទាប់ពី​សមាជិកសភា​រូបនេះ​បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ​ដល់​រូបលោក​ដែល​បាន​អនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ Westerdam ដែល​បាន​ដឹក​អ្នកដំណើរ​ច្រើន​ជាតិ​សាសន៍​ប្រមាណ​ជាង​ ២ ០០០ ​នាក់​ ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្រោយពី​នាវា​នេះ​ត្រូវបាន​បដិសេធ ការចូល​ចត​នៅ​ប្រទេស​មួយ​ចំនួន ដោយសារ​ព្រួយបារម្ភ​ពី​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា​។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ២៥ ខែមីនា លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​និយាយ​ដល់​កិច្ចសហប្រតិបតិ្តការ និង​មិត្តភាព​រវាង​កម្ពុជា និង​អាមេរិក ខ្ញុំ​យល់ថា មាន​ការងារ​មួយ​ចំនួន​ដែល​យើង​អាច​ឯកភាព​គ្នា ហើយ​ក៏មាន​បញ្ហា​មួយចំនួន​ទៀត​ដែល​មិន​ឯកភាពគ្នា​។ ប៉ុន្តែ​យើង​មិន​ត្រូវយក​បញ្ហា​ទាំងនោះ​មក​ធ្វើជា​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការ និង​មិត្តភាព​របស់​ប្រទេស​យើង​ទាំង​ ២ ​នោះទេ​។ ក្នុង​ន័យនេះ​ខ្ញុំ​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​របស់​ប្រទេស​យើង​ទាំង​ ២»​។

ក្នុង​លិខិត​នោះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​លោក​ ថេដ យ៉ូហូ ចំពោះ​ការលើកឡើង​នូវ​ពាក្យពេចន៍​ល្អៗ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​មនុស្សធម៌​ដែល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា Westerdam ដែលមាន​ផ្ទុក​ពលរដ្ឋ​អាមេរិក​ប្រមាណ​ ៦០០ ​នាក់ ​ដែល​ស្ថិតក្នុង​គ្រោះអាសន្ន​បាន​ចូល​ចត​។

លោក​ ហ៊ុន សែន បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​ជា​ប្រទេស​តូច​ប៉ុន្តែ​មាន​ចិត្ត​ទូលាយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ខ្ញុំ​ឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​ប្រព័ន្ធ​ពហុនិយម​រួមទាំង​ការសាមគ្គី​ភាព​ជា​អន្តរជាតិ​ដោយ​គ្មាន​ការរើសអើង​។ ជាពិសេស​នៅពេល​ប្រឈម​នឹង​ការដោះស្រាយ​បញ្ហា​តំបន់ ឬ​អន្តរជាតិ​ផ្សេងៗ​។ ផ្អែកលើ​គោលជំហរ​នេះ​ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​អ្នកដំណើរ និង​នាវិក​នៅលើ​នាវា Westerdam»​។

ក្នុង​លិខិត​ថ្លែង​អំណរគុណ​ទៅកាន់​លោក ហ៊ុន សែន លោក​ ថេដ យ៉ូហូ បញ្ជាក់ថា បដិសណ្ឋារកិច្ច​របស់​លោក​ ហ៊ុន សែន ដែល​បានផ្តល់​កន្លែង​មានសុវត្ថិភាព​ដល់​នាវា​នេះ និង​អនុញ្ញាត​ឱ្យ​បុគ្គលិក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នាំ​ជនជាតិ​អាមេរិក​ជាង​ ៦០០ ​នាក់​ ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​គឺជា​គំរូ​ដ៏​ប្រពៃ​មួយ​នៃ​សាមគ្គីភាព​អន្តរជាតិ​។

លោក​ ថេដ យ៉ូហូ បញ្ជាក់​ក្នុង​លិខិត​នោះ​ដោយ​បាន​ថ្លែងអំណរគុណ​ចំពោះ​ទំនុកចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅលើ​មន្ត្រី​របស់​ស្ថានទូត​អាមេរិក​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​អាមេរិក​។ លោក​ យ៉ូហូ សម្តែង​នូវ​ក្តី​សង្ឃឹម​ថា សុច្ឆន្ទៈ​នេះ​អាច​ក្លាយជា​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​នាពេល​អនាគត​។ ទោះបីជា​ភាគី​ទាំង​ ២ ​អាចមាន​ការខ្វែងគំនិត​គ្នា​ទៅលើ​កិច្ចការ​សំខាន់​ក្តី លោក​រីករាយ​ដែល​ប្រទេស​ទាំង​ ២ ​នៅ​តែ​អាច​សម្របសម្រួល និង​ធ្វើ​កិច្ចសហការ​ប្រតិបត្តិការ​ជាមួយគ្នា​នៅពេល​មាន​បញ្ហា​សំខាន់បំផុត​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នេះ​គឺជា​សារ​មួយ​ដែល​ស្វាគមន៍​ចំពោះ​ការថ្លែង​អំណរគុណ​របស់​លោក​ ថេដ យ៉ូហូ មក​កាន់​កម្ពុជា​។ សារ​របស់​លោក ហ៊ុន សែន បញ្ជាក់​ពី​កម្ពុជា​ជា​ប្រទេស​តូច តែ​កម្ពុជា​មាន​ចិត្ត​ទូលំទូលាយ​។ គំនិត​មិនត្រូវ​គ្នា​មួយ​ចំនួន​កន្លងមក​មិនមែន​ជា​ឧបសគ្គ​នៃ​កិច្ចទំនាក់ទំនង ភាពជា​ដៃគូ និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អាមេរិក​នោះទេ​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កាលពី​ថ្ងៃទី​ ២៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា​លោក​ ថេដ យ៉ូហូ ដែល​ធ្លាប់ធ្វើ​ច្បាប់​គាបសង្កត់​រដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ​រដ្ឋាភិបាល​នេះ​ចំពោះ​ការធ្វើ​កិច្ចការ​មនុស្សធម៌​ក្នុង​ការអនុញ្ញាត​ឱ្យ​នាវា Westerdam ចូល​ចត​។ លោក​ ហ៊ុន សែន ថ្លែងថា​លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (HRW) ​ដែល​តែងតែ​រិះគន់​ការដឹកនាំ​របស់លោក​មិន​បាន​មើលឃើញ​ពី​កិច្ចការ​មនុស្សធម៌​នេះ​ទេ​៕