ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ នៅ​ថ្ងៃទី​១៨​ ខែ​វិច្ឆិកា​នេះ​ បាន​ស្នើ​ឱ្យ​ពង្រឹង​សនិ្ត​សុខ​និង​សណ្ដាប់​ធ្នាប់​សម្រាប់​ពិធី​បុណ្យអុំទូក​ បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃទី​២១​វិច្ឆិកា​ទៅ​ ខណៈ​មាន​ការ​រំពឹង​ទុក​ថា​មាន​អ្នក​ចូល​រួម​​រាប់​លាន​នាក់​​។

ការ​លើក​ឡើង​របស់​លោក​បែប​នេះ​បានធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​ជា​មួយ​កុមារ​ពិការ​ និង​កុមា​រកំព្រា​ប្រមាណ​ ៨៧៨​ នាក់ មក​ពី​សា​លាគ្រួ​សារ​ថ្មី​និង​មណ្ឌល​កុមារ​កំព្រា​នា​នា​នៅខណ្ឌសែនសុខ ​រាជ​ធានី​ភ្នំពេញ​ដោយ ​លោក ​ហ៊ុន​ សែន​ រំពឹងថា​ នឹង​មាន​ពល​រដ្ឋ​ពី​តាម​ខេត្ត​នា​នា​រាប់លា​ននាក់​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំ​ពេញ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​។​

លោក​បញ្ជាក់​ថា៖​«សុំ​ឱ្យ​បង្កើន​ការ​យក​ចិត្តទុ​ក​ដាក់​រក្សាសន្តិ​សុខ​សណ្ដាប់​ធ្នាប់​សម្រាប់​ពិធី​ដ៏​ធំ​ដែល​ប្រជា​ជន​នៅ​តាម​ទី​ជន​បទ​រាប់​លាន​នាក់​ចូល​មក​​កាន់​ទី​ក្រុង​ភ្នំពេញ​របស់​យើង​ដើម្បី​កម្សាន្ត»​។​

​អភិ​បាល​រាជ​ធា​នី​ភ្នំពេញ​ លោក​ ឃួង ​ស្រេង ​នៅ​ថ្ងៃ​ទី​១៨​ ខែវិ​ច្ឆិកា​នេះ​ មិន​បានបញ្ជាក់​លម្អិត​ពី​ចំនួន​អ្នក​ចូល​រួម​ទេ​ តែលោក​បានរំពឹង​ថា ​នឹង​មាន​អ្នក​មក​ទស្សនា​ប្រ​មាណ​ជាង ​៣​ លាន​នា​ក់ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ ក្នុង​នោះ​គិត​ទាំង​អ្នក​នៅរាជ​ធានី​ភ្នំពេញ​ផង​ដែរ។​

យ៉ាងណាក្ដី លោក ​ម៉េត​ មាសភក្តី​​ អ្នក​នាំពាក្យសាលារាជធានី​ភ្នំពេញ​បានថ្លែងថា​ លោក​រំពឹង​ថា នឹង​មាន​ពលរដ្ឋមក​ទស្សនា​ ​ច្រើន​ជាង​ឆ្នាំ​មុន។​

លោក​បញ្ជាក់​៖«​ខ្ញុំសង្ឈឹម​ថា​នឹងកើន​ឡើង​ដោយ​សារ​ប្រទេស​យើង​មាន​សន្តិសុខ​​ មានសុវត្ថិភាព ​ប្រទេសយើង​អត់​មានសង្រ្គាម​ ហើយកម្មកររោងចក្រប្រាក់ខែកាន់តែកើនឡើង»។

ទាក់​ទង​នឹង​ការ​ពង្រឹង​សន្តិ​សុខ​និង​សណ្ដាប់​ធ្នាប់​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំនេះ ​ លោក​ ស​ ថេត​ ស្នង​ការរាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ថា ​មាន​កម្លាំង​ចម្រុះ​ប្រមា​ណ​ជាង​ ១ ម៉ឺន​នាក់ ​នឹង​ត្រូវ​ដាក់​នៅ​តាម​គោល​ដៅ​នានា​ដោយ​មិន​ធ្វេស​ប្រហែស​ឡើយ​។​

លោក​បាន​បញ្ជាក់​ថា៖ ​«​យើង​បាន​ត្រៀម​រួច​ហើយ​​យើង​នឹង​មិនឱ្យ​មាន​ដូច​ករណី​កោះ​ពេជ្រ​ទេ។​ យើង​បាន​កំណត់​ចំនួន​សម្រាប់​អ្នក​ចូល​ទៅ​ទស្សនា​ នៅ​កោះ​ពេជ្រ​។ ​ខ្ញុំអត់​ដឹង​ថា​មាន​​ចំនួន​ប៉ុន្មាន​ទេ​ ម្ចាស់កោះ​ពេជ្រ​គេ​អាច

​ដឹង» ។​

ទន្ទឹម​នឹង​នេះ​ដែរ​​​ កា​លពីថ្ងៃ​១៦​ ខែវិច្ឆិកា សា​លា​រាជ​ធានី​ភ្នំ​ពេញ​បាន​​ចេញ​សេចក្តី​ជូន​ដំណឹង​២​ដាច់​ដោយ​ឡែក​ពីគ្នា​​ ដោយ​មួយ​ស្នើ​ឱ្យ​​ម្ចាស់​ស្តង់​លក់​ទំនិញ​ ម្ចាស់​ទីតាំង​ប្រគំតន្រ្តី​ និង​អ្នក​លក់​ដូរ​ទាំង​អស់​​ត្រូវ​មាន​ធុង​​​ឬថង់​សម្រាប់​ទុក​ដាក់​សំរាម​​ពី​អាជីវកម្ម​របស់ខ្លួន​និង​ស្នើ​ឱ្យ​កីឡាករ​ប្រណាំងទូក​​និង​ពលរដ្ឋ​ដែល​មក​កម្សាន្ត​ត្រូវ​ជួយ​ថែ​រក្សា​អនា​ម័យ​ និង​មួយ​ទៀតដាក់​បម្រាមផ្អាក​អាជី​វកម្ម​នានា​ដែលក្នុង​នោះ​មានផ្អាក​ការ​ដ្ឋាន​សំ​ណង់ ​និង​ហាម​​រថ​យន្ត​ក្រឡុក​ស៊ីម៉ង​តិ៍ រថ​យន្ត​ធុន​ធំ រួម​ទាំង​រ៉ឺម៉ក​សណ្ដោង ​មិន​ឱ្យ​ចូល​រាជ​ធានី​ផង​ដែរ​…៕