ភ្នំពេញៈ ប៉ុន្មានថ្ងៃក្រោយពេលសហភាពអឺរ៉ុបបានប្រកាសពីដំណើរការនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ «ទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» សម្រាប់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា «បើទោះបីបាត់ (EBA) ក៏កម្ពុជាមិនស្លាប់ដែរ»។
លោកនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យការងារឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញថា៖ «យើងត្រូវរួមគ្នាធ្វើការដើម្បីការលូតលាស់ខាងសេដ្ឋកិច្ចដើម្បីបន្តពង្រឹងឯករាជភាពខាងនយោបាយរបស់យើង។ យើងមិនត្រូវយកអធិបតេយ្យភាពរបស់យើង ទៅដោះដូរជាមួយជំនួយណាមួយនោះឡើយ»។
លោកបន្តថា៖ «ការព្យួរ EBA ដែលនឹងដឹងបានរយៈពេល ១៨ ខែទៀត បើទោះជាបាត់ឬនៅមានបន្តក៏មិនអាចធ្វើឲ្យយើងស្លាប់ ឬ ក្លាយទៅជាអ្នកមានបានដែរ។ EBA មុននឹងក្រោយគង់តែបាត់ដូចគ្នា គ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ។ ដូចនេះ ការរកស៊ីបង់ពន្ធឲ្យគេ និងគេបង់ពន្ធឲ្យយើង គឺជារឿងចៀសមិនរួច ហើយថ្លៃថ្នូរ និងមានស្ថិរភាពទៀតផង។ យើងត្រូវរកគ្រប់វិធី ដើម្បីឲ្យសេដ្ឋកិច្ចយើងកាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើង»។
លោកបានអំពាវនាវដល់ជនរួមជាតិជាពិសេសកម្មករ កម្មការិនី កុំខ្វល់ពីអ្នកណានិយាយពីអ្វីដរាបណាពួកគេនៅតែមានមុខរបរមានការងារធ្វើមានប្រាក់ចំណូល។ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងនិវត្តន៍ជន បើនៅតែទទួលបានបៀវត្សរ៍ ២ សប្ដាហ៍ម្ដង «សូមកុំខ្វល់ពីអ្នកណានិយាយពីអ្វី គឺត្រូវបន្តតាមពាក្យឆ្កែចេះតែព្រុសមនុស្សចេះតែដើរ»។
លោកថ្លែងថា លោកកំពុងរង់ចាំមើលមុខអ្នកដែលនឹងសប្បាយរីករាយ ពេលឃើញបរទេសធ្វើបាបកម្ពុជា និងរង់ចាំមើលនៃការស្លាប់នៃជាតិកម្ពុជា។
ប៉ុន្តែលោកថា កម្ពុជានឹងប្រឹងជួយខ្លួនឯងព្រោះបើទោះមានគេជួយក៏មិនបានធ្វើឲ្យកម្ពុជាក្លាយជាអ្នកមានដែរ ប៉ុន្តែទទួលនូវការប្រមាថដដែល។ លោកថា កម្ពុជាត្រូវប្រឹងដើម្បីជាតិយើង ដោយមិនតម្រូវតាមការចង់បានរបស់បរទេសណាមួយទេ ប៉ុន្តែកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូស្មើភាពស្មើសិទ្ធិ ដោយគ្មានការរើសអើងតាមរយៈការកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ។ លោកក៏បានស្នើឲ្យក្រុមហ៊ុនមកពីប្រទេសសហគមន៍អឺរ៉ុបបន្តរកស៊ី និងស្នាក់នៅកម្ពុជាដោយការសប្បាយរីករាយជាមួយសុខសន្តិភាព។
លោកបានចេញសារបញ្ជាក់ប្រាប់អ្នកវិនិយោគ និងអ្នកដែលមានបំណងមកវិនិយោគនៅកម្ពុជាថា រដ្ឋាភិបាលកំពុងធ្វើការកែទម្រង់មុតស្រួច ស៊ីជម្រៅ និងលើកស្ទួយភាពប្រកួតប្រជែង ការសម្រួលការធ្វើពាណិជ្ជកម្ម និងការលុបបំបាត់ការបង់កម្រៃមួយចំនួន និងការសម្រួលជាច្រើនទៀត។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាធ្វើវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជននៅខែមីនាខាងមុខដើម្បីពិភាក្សាគ្នាអំពីការធ្វើកំណែទម្រង់ជំរុញល្បឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានវាយតម្លៃឡើងវិញដោយ IMF ដោយរកឃើញថា មានរហូតដល់ ៧,៥ ភាគរយ។
មុននឹងបញ្ចប់បញ្ហា EBA នេះ លោក ហ៊ុន សែន បានបញ្ជាក់សាជាថ្មីថា៖ «ខ្ញុំបានបញ្ជាក់ថា ទោះមានឬគ្មាន EBA វាក៏មិនធ្វើឲ្យយើងស្លាប់ តែវាក៏មិនធ្វើឲ្យយើងក្លាយទៅជាអ្នកមានបានដែរយើងមិនចង់ឲ្យអ្នកណាដែលប្រើប្រាស់ភាពអនុគ្រោះហើយបែរមកបង្វិលក្បាលយើងតាមចិត្តចង់នោះទេ។បើអ្នកឯងមិនដកខ្ញុំកាន់តែខ្លាំង បើអ្នកឯងដកខ្ញុំក៏មិនងាប់ដែរ»។
លោកថ្លែងថា៖ «នៅពេលវេលានេះ ជាពេលវេលាដែលយើងក្ដាប់អ្វីៗទាំងអស់ក្នុងដៃរបស់យើងដោយមិនចាំបាច់ឲ្យមានអ្នកណាប្រដៅយើងនោះ ទេហើយការប្រដៅរបស់គេខុស រហូតដល់យើងមិនអាចអនុវត្តច្បាប់របស់យើងបាន។ តើចាំបាច់មានន័យថា ជារដ្ឋអធិបតេយ្យធ្វើអ្វីទៅ?»។
ទាក់ទងនឹងប្រសាសន៍លោក ហ៊ុន សែន រឿងផ្អាក EBA នេះអ្នកវិភាគលោក ឱក សេរីសោភក្តិ៍ បានថ្លែងថា កម្ពុជាក៏ធ្លាប់រស់ដោយអត់ EBA ដែរ ក៏ប៉ុន្តែជំនាន់នោះកម្ពុជាមានការលំបាកណាស់។ លោកថា បើអត់ EBA កម្ពុជាពិតជាអាចរស់បាន ប៉ុន្តែរស់ទាំងលំបាក។
លោកថា៖ «ហើយដោយសារតែកម្ពុជាត្រូវការឱកាសដើម្បីធ្វើឲ្យវិនិយោគរីកចម្រើនគឺយើងចាំបាច់ សហការ ដើម្បីបានឱកាសក្នុងការរុញសេដ្ឋកិច្ចហោះឡើងទៅលើបាន ហើយប្រសិនបើយើងបាត់ឱកាសហ្នឹង កំណើនសេដ្ឋកិច្ចកម្ពុជាយើងប៉ុន្មានឆ្នាំជាប់គ្នាដែលមានប្រមាណ ៧ ភាគរយជាងហ្នឹង នឹងអាចធ្លាក់មកវិញ ហើយយើងមិនត្រឹមតែអាចបាត់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទេ យើងអាចនឹងបាត់ផលប្រយោជន៍ការទូត និងនយោបាយការបរទេសនៅលើឆាកអន្តរជាតិផងដែរ»។
លោក សេរីសោភក្តិ៍ ជឿជាក់ថា នឹងមានវិធានការថែមទៀតរបស់សហគមន៍អឺរ៉ុបក្នុងករណីដែលកម្ពុជាបាត់ឬត្រូវព្យួរ EBA គឺទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុប អាចនឹងធ្លាក់ចុះ ហើយប្រជាជនអឺរ៉ុបអាចនឹងរើសអើងប្រទេស កម្ពុជា និងមិនសូវប្រើប្រាស់ផលិតផលកម្ពុជាច្រើនទេ ដោយសារតែគេថា កម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់។ លោកបន្តថា នៅពេលដែលបាត់បង់ប្រព័ន្ធ EBA នឹងមានផលប៉ះពាល់ដែលនឹងកើតឡើង ហើយអតិផរណាទំនិញនឹងកើនឡើងដែរ។
ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ច លោក ឃុន ប៊ុននី បានយល់ស្របលើការលើកឡើងរបស់លោក ហ៊ុន សែន។
លោកថា៖ «ដោយសារតែមកដល់ស្ថានភាពបច្ចុប្បន្ននេះយើងឃើញថា យើងបានមកដល់ក្នុងកម្រិតមួយដែលប្រទេសកម្ពុជាយើងអាចស្វែងរកស្វ័យភាពខ្លួនឯង ប្រឹងប្រែងរស់តាមរយៈការកសាងសេដ្ឋកិច្ចបន្ថែមតាមរយៈកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយរៀងរាល់ឆ្នាំសេដ្ឋកិច្ចយើងកាន់តែរឹងមាំជាងមុន។ យើងបន្តកិច្ចសហប្រតិបត្តិការពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ជាមួយប្រទេសពាក់ព័ន្ធដទៃទៀត»។
លោកបន្តថា៖ «ពាក្យខាងក្រៅខ្លះជាពាក្យញុះញង់ ឬជាការបំភ័យប្រជាជន និងកម្មករ ពួកគេមិនគួរធ្វើបែបនេះទេ ដរាបណាក្រុមហ៊ុន ឬរោងចក្រអាចបើកប្រាក់ខែ និងអ្វីអាចដំណើរការធម្មតា ហើយកម្មករមានការងារធ្វើហើយរោងចក្រនៅដំណើរការគឺអ្វីៗដំណើរការប្រក្រតី។ នៅពេលយើងឮដំណឹងអាក្រក់នេះយើងកុំភ័យ»។
ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន ដែលបានថ្លែងថា ការដក EBA ស្មើនឹងសម្លាប់បក្សប្រឆាំងនេះ លោក ប៊ុននី យល់ថាវាមិនមែនជារឿងល្អសម្រាប់ សម រង្ស៊ី ទេ គឺជាគ្រោះអាសន្នសម្រាប់គាត់ទៅវិញទេ ពីសំណាក់ប្រជាជនកម្ពុជា និងកម្មករហើយពាណិជ្ជករនិងថៅកែរោងច្រកផងនឹងស្អប់គាត់ដោយសារគាត់ជាអ្នកបង្កឡើង»។
លោក ឡៅ ម៉ុង ហៃ អ្នកវិភាគនយោបាយថ្លែងថា លោកនាយករដ្ឋមន្ត្រីអាចថ្លែងដូច្នេះបាន «ប៉ុន្តែពលរដ្ឋប្រហែលពិបាកទ្រាំនឹងការលំបាកក្រោយពេលមានការព្យួរ EBA នៅពេលដែលពួកគេមានជីវភាពគ្រាន់បើហើយ ជាច្រើនឆ្នាំមកហើយ បែរជាមកធ្លាក់ខ្លួនជួបការលំបាកជាថ្មីទៀត»។
យ៉ាងណាក្តី នៅមិនទាន់មានការសិក្សាជាក់លាក់ណាមួយដែលបញ្ជាក់ថា កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែងរបស់ខ្លួនបើត្រូវបង់ពន្ធទំនិញនាំចូលសហភាពអឺរុបនោះឡើយ៕