ភ្នំពេញៈ បន្ទាប់ពីមានភាពតានតឹងជាមួយនឹងមហាអំណាចអាមេរិកមកនោះ ប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈក្នុងការចង់ដោះស្រាយបញ្ហាបញ្ជូនអ្នកទោសខ្មែរនៅអាមេរិក ការផ្អាកទិដ្ឋាការ និងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលនៅសេសសល់លើទឹកដីកម្ពុជាចំនួន ៤៩ នាក់ទៀត។
ក្នុងពេលសំណេះសំណាលជាមួយកម្មករនៅរោងចក្រកាត់ដេរក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រីបានធ្វើការចោទសួរទៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William Heidt ពីការដែលលោក កឹម សុខា ប្រធានគណបក្សប្រឆាំងនិយាយថា អាមេរិកជាអ្នកនៅពីក្រោយនៃការរៀបចំគម្រោងធ្វើការផ្លាស់ប្តូរនៅកម្ពុជា ក្រោយពីការបោះឆ្នោតឆ្នាំ ២០១៣ ។
ការចោទសួរនេះត្រូវបានធ្វើឡើងក្រោយពីលោកឯកអគ្គរដ្ឋទូតបានលើកឡើងថាការចោទប្រកាន់អាមេរិកថានៅពីក្រោយខ្នងនោះគឺគ្មានមូលដ្ឋានត្រឹមត្រូវ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ខ្ញុំចង់សួរឯកឧត្តមឲ្យឆ្លើយបំភ្លឺ តើសម្ដី កឹម សុខាត្រឹមត្រូវ ឬអត់? ព្រោះយើងមិនបានចោទប្រកាន់សហរដ្ឋអាមេរិកទេ។
ប៉ុន្តែ កឹម សុខា ទេ ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិកដែលបានណែនាំពីវិធីផ្តួលរំលំ ផ្លាស់ប្តូរ តាមរបៀបនៅយូហ្គោស្លាវី ហើយបញ្ជូនសាស្ត្រាចារ្យ មកអនុវត្តនៅកម្ពុជា។ តើមែន ឬមិនមែន? តើ កឹម សុខា ចោទអាមេរិក ឬអាមេរិកចោទ កឹម សុខា?»។
លោកបន្តថា បើសម្ដីលោក កឹម សុខា ជាសម្ដីពិតនោះប្រធានាធិបតីអាមេរិកទាំង ៥ តាំងពីជំនាន់លោក ប៊ូស, គ្លីនតុន, W.Bush, អូបាម៉ា និងដូណាល់ ត្រាំ ត្រូវចេញមកបកស្រាយដែរ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ខ្លាំងៗថា៖ «តើឯកឧត្តមត្រូវតែច្បាស់យកសម្ដី កឹម សុខា ទៅបញ្ជាក់។ នេះសម្រាប់កម្ពុជាច្បាប់របស់ខ្លួនគឺជាអំពើក្បត់ជាតិ...តើបុគ្គលម្នាក់បានទទួលបទបញ្ជាពីអាមេរិកបែបនេះ ឬក៏ កឹម សុខា និយាយភូត? រឿងរ៉ាវដែលនាំដល់ចាប់ កឹម សុខា នៃអំពើក្បត់ជាតិគឺផ្តើមចេញពីបញ្ហាហ្នឹង ...កឹម សុខា ទទួលស្គាល់ខ្លួនឯងតើ! គ្មានអ្នកណាទៅវាយ កឹម សុខា ឲ្យនិយាយ»។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យក្រសួងមហាផ្ទៃស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវពីវត្តមាននៃជនជាតិអាមេរិកទាំងឡាយដែលសង្ស័យថាបានធ្វើចារកម្មនៅពីក្រោយ និងមុនបញ្ហាឆ្នាំ ២០១៣ ។
លោកថ្លែងថា៖ «តើអ្នកណាខ្លះបានចូលមកកម្ពុជា? ពីមុនមកយើងបានដឹង។ ចារកម្ម ២ នាក់បានមកបញ្ជា សូម្បីតែផ្លូវវេងស្រេងក៏មានបាតដៃជន ២ នាក់នេះដែរ។ កម្ពុជាគ្មានចេតនារករឿងជាមួយនឹងអាមេរិកទេ។ ប៉ុន្តែសូមអាមេរិកកុំមើលកម្ពុជាក្នុងកែវភ្នែកអាក្រក់»។
បន្ថែមពីនោះលោក ហ៊ុន សែន ក៏បានសុំឲ្យឯកអគ្គរដ្ឋទូតអាមេរិកធ្វើការពន្យល់ពីការប្រកាសរបស់ខ្លួនដែលឲ្យពលរដ្ឋអាមេរិកនៅកម្ពុជា ធ្វើការប្រុងប្រយ័ត្នពីបញ្ហាសន្តិសុខផងដែរដោយបានថ្លែងថា៖ «តើឯកឧត្តមមានភ័ស្តុតាង ឬព័ត៌មានដែលបង្ហាញពីការវាយភេរវកម្មអាយស៊ីស ឬ អាល់កៃដានៅកម្ពុជាឬ? បើសិនមានម៉េចឯកឧត្តមមិនចែករំលែកនៅកម្ពុជាក្នុងឋានៈជាដៃគូក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ឬឯកឧត្តមត្រៀមបម្រុង ដើម្បីបាញ់មីស៊ីលចូលកម្ពុជា?»។
ក្នុងឱកាសនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានប្រកាសជាសាធារណៈពីការដែលកម្ពុជាផ្អាកកិច្ចសហការជាមួយអាមេរិកក្នុងការរុករកអដ្ឋិធាតុទាហានរបស់ខ្លួននៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ៧០ មកនោះ។
លោក ហ៊ុន សែន ថ្លែងថាទាហានអាមេរិកបានបាត់ខ្លួននៅកម្ពុជាក្នុងសម័យសង្គ្រាមចំនួន ៩០ នាក់ តែ ៤១ នាក់បានរកឃើញ ហើយនៅសល់ចំនួន ៤៩ នាក់ទៀត។ ភាគីទាំង ២ គ្រោងនឹងរុករកបន្តនៅខេត្តស្វាយរៀង រតនគិរី និងមណ្ឌលគិរីជាដើម។
លោកបញ្ជាក់ថា៖ «អ្នកឯងចេះធ្វើមកលើខ្ញុំ។ ខ្ញុំក៏ចេះធ្វើទៅលើអ្នកឯងវិញដែរ។ នេះជាការឆ្លើយតប ១ ទៅ ១ មកតែប៉ុណ្ណឹងទេ។ ៤៩ នាក់ទៀតសល់ទុកសិន។ មន្ត្រីកម្ពុជាផ្អាកការងារសិន។ បើកការចរចាជាកញ្ចប់។ បើសិនជាបាន។ អ្នកឯងផ្តល់ទិដ្ឋាការឲ្យខ្ញុំ ខ្ញុំផ្តល់កិច្ចសហការរុករកខ្មោចឲ្យអ្នកឯង។ ប៉ុណ្ណឹង»។
ការសម្រេចផ្អាកនេះបានកើតឡើង បន្ទាប់ពីអាមេរិកបានផ្អាកចេញទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់កម្ពុជានៅក្រសួងការបរទេសដើម្បីឲ្យកម្ពុជាទទួលយកអតីតអ្នកទោសកម្ពុជានៅអាមេរិកចំនួន ៥៦៦ នាក់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថាកម្ពុជាបាននិងកំពុងតែទទួលពលរដ្ឋទាំងនោះជាបន្តបន្ទាប់ ហើយក្នុងចំណោមនោះមាន ៤ នាក់បានធ្វើអត្តឃាតដោយសារតែការបែកបាក់ពីគ្រួសារ។ លោកនាយករដ្ឋមន្ត្រីបានចោទអាមេរិកថាបានលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងស្តីពីការបញ្ជូនមកនោះ។
លោកបន្តថា៖ «ជាសោកនាដកម្មលើសោកនាដកម្ម។ ខុសច្បាប់ជាប់គុក វាជារឿង ១ ទៅហើយ។ ប៉ុន្តែពេលដែលគេបញ្ជូនមកកម្ពុជា ប្រពន្ធ និងកូននៅស្រុកអាមេរិក។ តើគេជួបគ្នាយ៉ាងណាទៅ? ដោយយោងតាមការគិតគូរដល់ផ្នែកមនុស្សធម៌... បើអាមេរិកមិនផ្តល់ឲ្យយើងទិដ្ឋាការទៅវិញ យើងក៏មិនបន្តសហការជាមួយអាមេរិកលើបញ្ហានេះ»។
លោក Heidt ដែលបានថ្លែងមកកាន់អ្នកកាសែតបន្ទាប់ពីការស្បថចូលធ្វើការងារសម្រាប់អ្នកធ្វើការស្ម័គ្រចិត្តលើកម្មវិធី Peace Corps បានថ្លែងថាលោកមិនច្បាស់អំពីការភ្ជាប់រវាងការព្រមានចំពោះការធ្វើដំណើររបស់ស្ថានទូតអាមេរិក និងការស្នើសុំឲ្យមានការដកអ្នកធ្វើការស្ម័គ្រចិត្តទាំងនោះ។
លោកបានថ្លែងបន្តថា៖ «យើងធ្វើបែបនោះ [ការព្រមានអំពីសន្តិសុខ] នៅគ្រប់ប្រទេស។ ពេលណាក៏ដោយដែលពលរដ្ឋអាមេរិកធ្វើដំណើរទៅបរទេស ពួកគេគួរតែប្រុងប្រយ័ត្ន។ យើងផ្តល់ការបណ្តុះបណ្តាលអំពីសន្តិសុខទៅអ្នកធ្វើការស្ម័គ្រចិត្តទាំងនោះផងដែរ ហើយនោះជាអ្វីដែលយើងតែងតែយកចិត្តទុកដាក់ក្នុងនាមជារដ្ឋាភិបាលអាមេរិក»។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយអ្នកនាំពាក្យនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕ PS