ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ បានចេញសេចក្ដីណែនាំស្តីពី «ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត»។
ក្នុងសេចក្ដីណែនាំនេះបានសរសេរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលវិធានការទាំងនេះរួមមាន ការហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានី-ខេត្ត ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ព្រមទាំងការបិទខ្ទប់ភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩។
ទន្ទឹមនេះ គណៈអភិបាលខេត្តនានាក៏បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសការដាក់ចេញនូវវិធានការបិទខ្ទប់ និងការកាត់ផ្តាច់ចរាចរណ៍មិនឱ្យចេញពីតំបន់ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍។
ដោយផ្អែកលើបរិបទខាងលើនេះ និងដើម្បីធានាក៏ដូចជា សម្រួលឡើងវិញដល់ដំណើរការសេដ្ឋកិច្ច និងសង្គមជាតិ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឱ្យដំណើរការឡើងវិញនូវរមណីយដ្ឋានទេសចរណ៍នៅតាមបណ្តាខេត្ត តាមរយៈសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ លើកលែងតែតំបន់បិទខ្ទប់នៃភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងតំបន់បិទខ្ទប់ផ្សេងទៀត ដែលស្ថិតនៅជាធរមាន។
ក្នុងសេចក្ដីណែនាំនេះ លោកនាយករដ្ឋមន្ត្រីបានធ្វើការណែនាំថា៖ «ក្នុងសភាពការថ្មីនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបិទខ្ទប់ភូមិសាស្ត្រដែលមានការផ្ទុះឆ្លងជំងឺកូវីដ ១៩ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អាកជាបន្ទាន់នូវសកម្មភាពអាជីវកម្ម មុខរបរ ឬសកម្មភាពការងារផ្សេងៗ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ទៅតំបន់ផ្សេងទៀត ជាពិសេសចរាចរណ៍មនុស្សចេញ-ចូលតំបន់បិទខ្ទប់»។
ទន្ទឹមនឹងនេះលោកក៏បានណែនាំ និងជំរុញដល់គណៈអភិបាលរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយមន្ត្រីសុខាភិបាលក្នុងការអនុវត្តនីតិវិធីបន្តផ្នែកសុខាភិបាល ក្នុងករណីរកឃើញមានវិជ្ជមានមេរោគកូវីដ ១៩ ចំពោះអ្នកធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ ដោយចាត់វិធានការកំណត់ និងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកផ្ទុកមេរោគកូវីដ ១៩ ដើម្បីយកសំណាកទៅវិភាគរហ័សរកមេរោគកូវីដ ១៩ និងបន្តពង្រឹងការអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការព្យាបាល ដោយអនុវត្តស្របតាមច្បាប់ អនុក្រឹត្យ និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងទៀតស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ផ្ទុយទៅវិញ ក្នុងករណីរកពុំឃើញវិជ្ជមានមេរោគកូវីដ ១៩ អ្នកធ្វើដំណើរទាំងនោះត្រូវបានអនុញ្ញាតឱ្យចូលទៅស្នាក់នៅ និងបំពេញការងារ ដោយត្រូវជូនដំណឹងអំពីទីកន្លែងស្នាក់នៅដល់អាជ្ញាធរដែនដីមានសមត្ថកិច្ច និងត្រូវអនុវត្តវិធានការសុខាភិបាលនានា ដូចជាការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពនៅក្នុងអំឡុងពេលដែលខ្លួនស្នាក់នៅ។
លោក ហ៊ុន សែន បានគូសបញ្ជាក់ក្នុងសេចក្ដីណែនាំនេះថា៖ «លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ ១៩ ដែលអនុវត្តនៅក្នុងភូមិសាស្ត្រនៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្ត្រនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ»។
លោកបានណែនាំបន្ថែមទៀតថា ក្នុងករណីដែលមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូរីដ ១៩ នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងខេត្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលខេត្តពាក់ព័ន្ធអាចសហការគ្នា ដើម្បីដាក់ចេញនូវវិធានការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរៀងខ្លួនជាបណ្តោះអាសន្ន ដោយអនុវត្តស្របតាមអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕