រាជរដ្ឋាភិបាល​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី កាតព្វកិច្ច​ក្នុង​ការទទួល​វ៉ាក់សាំង​ការពារ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​បុគ្គល​គ្រប់រូប​ត្រូវ​តែ​មក​ទទួល​ការចាក់​វ៉ាក់សាំង លើកលែង​តែ​ករណី​បុគ្គល​មាន​ការបញ្ជាក់​ផ្លូវការ​ថា មាន​បញ្ហា​សុខភាព​មិនអាច​ចាក់​បាន។

អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ​នេះ​បាន​ឲ្យ​ដឹងថា អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការចាក់​វ៉ាក់សាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

អនុក្រឹត្យ​បាន​សរសេរ​ថា៖ «កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ត្រូវ​អនុវត្ត​ចំពោះ មន្ត្រី​រាជការ​សាធារណៈ និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត និង​មន្ត្រីរាជការ​សាធារណៈ​នៅក្នុង​ស្ថាប័ន នីតិប្បញ្ញត្តិ និង​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រីរាជការ​សាធារណៈ​នៅក្នុង​ស្ថាប័ន​តុលាការ»។

យ៉ាងណា​កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ក៏​ត្រូវ​អនុវត្ត​ផងដែរ​ចំពោះ​បុគ្គល​មួយ​ចំនួន​ផ្សេងទៀត ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការងារ ឬ​ស្ថានភាព​នៃ​មុខរបរ​របស់​បុគ្គល​នោះ​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល។

អនុក្រឹត្យ​បន្តថា៖ «កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ខាងលើ មិន​អនុវត្ត​ចំពោះ​បុគ្គល​ដែល​មិនអាច​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ បាន​ដោយ​មូលហេតុ​សុខភាព និង​ដោយ​មាន​លិខិតបញ្ជាក់​ពី​មន្ត្រី​សុខាភិបាល​មាន​សមត្ថកិច្ច»។

ជាមួយ​នឹង​ការកំណត់​យ៉ាង​ដូច្នេះ រដ្ឋាភិបាល​ក៏បាន​កំណត់​អំពី​ទណ្ឌកម្ម​ខាង​វិន័យ ចំពោះ​អ្នក​ដែល​គេចវេះ​មិន​ចាក់​វ៉ាក់សាំង​នេះ​ផងដែរ។

រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា៖ «ត្រូវ​ធ្វើការ​ព្រមាន និង​ធ្វើ​ការណែនាំ​ដោយ​ស្ថាប័ន​សាមី ចំពោះ​បុគ្គល​ដែល​គេចវេះ​មិន​អនុវត្ត​កាតព្វកិច្ច​ទាក់ទង​នឹង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដូច​មាន​ចែង​ក្នុង​ជំពូក​ទី ២ នៃ​អនុក្រឹត្យ​នេះ និង​តម្រូវ​ឱ្យ​បុគ្គល​នោះ​ត្រូវអនុវត្ត​កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូវីដ១។ ក្នុង​ករណី​នៅតែ​បន្ត​គេចវេះ​មិន​អនុវត្ត​កាតព្វកិច្ច​នេះ​ដដែល ស្ថាប័ន​សាមី​អាច​សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ផ្សេងទៀត ស្រប​តាម​ច្បាប់​ និង​បទប្បញ្ញត្តិ​ជា​ធរមាន»៕