នៅ​ថ្ងៃទី ២៦ ខែ​មេសា ខាងមុខ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា បើក​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៧ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម អង្គការ​សហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (77th UN-ESCAP) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បាងកក តាមរយៈ​វីដេអូ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ចេញ​ផ្សាយ​នា​ថ្ងៃទី ២៣ មេសា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ព្រឹក​នេះ។

ពិធី​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក​ជំទាវ អាម៏ដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​របស់ ESCAP។

លោក​ទេសរដ្ឋមន្ត្រី លី ធុច ប្រធាន​គណៈកម្មការ​ជាតិ ESCAP ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ផងដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះបាន​គូសបញ្ជាក់​ថា៖ «លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ផ្តោតទៅលើ​ទិដ្ឋភាព​សំខាន់ៗ​មួយ​ចំនួន រួមមាន ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩ ទៅលើ​សេដ្ឋកិច្ច​សកល ភាពចាំបាច់​បន្ទាន់​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ និង​ផែនការ​ស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩»។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន កិច្ចប្រជុំ​ក្រោម​មូលបទ «ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក»។

សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៧ នឹង​ពិភាក្សា​អំពី​របៀប​នានា​ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​តំបន់​ និង​ការតភ្ជាប់​កាន់តែ​ប្រសើរឡើង និង​ដើម្បី​កសាង​ភាពរឹងមាំ​នៅក្នុង​វិបត្តិ​ផ្សេងៗ ដោយ​ពិចារណា​ទៅលើ​ជំងឺ​រាតត្បាត​កូវីដ១៩ និង​ការស្តារ​ឡើងវិញ​សេដ្ឋកិច្ច សង្គម ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​នេះ។

សន្និបាត​ក៏​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​ការអនុវត្ត​របៀបវារៈ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ២០៣០ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ផងដែរ៕