តាកែវៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សាជាថ្មី​ថា លោក​ឈប់​និយាយ​ឆ្លើយ​ឆ្លង​នយោបាយ ជាមួយ​អ្នក​នយោបាយ​ដែល​លោក​សំដៅ​លើ​លោក សម រង្ស៊ី ដោយ​ថ្លែង​ថា លោក​បាន​បញ្ជាក់​អ្វីៗ​ច្បាស់​អស់​ហើយ។

លោក​បាន​ថ្លែង​ដូច្នេះ​ក្នុងពេល​ជួប​សំណេះសំណាល ជាមួយ​កម្មករ​ជិត ២ ម៉ឺន​នាក់ នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ។ លោក​ថ្លែង​ដូច្នេះ​ថា៖ «នយោបាយ ខ្ញុំ​អត់​និយាយ​ទៀត​ទេ ពីព្រោះ​ខ្ញុំ​បាន​និយាយ​អស់​ហើយ ហើយ​សុំ​ឲ្យ​អ្នក​ដទៃ​ទៀត​ស្តាប់​បាន​មិន​បាន​អា​ពេល​មុន​ក៏​តាម​ដំណើរ​ទៅ ខ្ញុំ​អត់​និយាយ​តទៅ​ទៀត​ទេ។ ខ្ញុំ​មិន​តមាត់​ជាមួយ​អ្នក​ណា​ទេ»។

លោក ហ៊ុន សែន បាន​ថ្លែងបន្តថា៖ «ខ្ញុំ​អត់​និយាយ​បញ្ហានយោបាយ មិន​នយោបាយ​អី​ទេ។ អាណា​ចង់​ទៅ​ងាប់​ឯណា​ងាប់​ទៅ កុំទៅ​ខ្វល់​ពេក។ គិត​ប្រជាជន ១៦ លាន​នាក់ នៅ​ក្នុង​ប្រទេស ធ្វើ​ម៉េច​ឲ្យ​ប្រជាជន ១៦ លាន​នាក់ មាន​បាយ​ទទួល​ទាន មាន​សម្លៀក​បំពាក់ មាន​ថ្នាំ​សង្កូវ មាន​ការ​ព្យាបាល​ជំងឺ ដែល​ត្រូវ​តាម​ដាន​ឲ្យ​ហ្មត់​ចត់។ ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​ចំណោម​កម្មករ គឺ​អត់​គិត​ថ្លៃ​ទេ។ មាន​ផ្ទះ​សំបែង មាន​មធ្យោបាយ​ធ្វើ​ដំណើរ មាន​របស់​ប្រើប្រាស់ សេចក្តី​ត្រូវការ​របស់​មនុស្ស​គឺ​គិត​គូរ​អាហ្នឹង»។

លោក​ថា លោក​មិន​ខ្វល់​ពី​អ្នកណា​ដែល​និយាយ​ពី​ចម្ងាយ ១ ម៉ឺន​គីឡូ​ទេ លោក​សុខចិត្ត​ស្តាប់​ចម្រៀង​ប្រសើរ​ជាង។

លោកនាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​កម្មករ​ខិតខំ​ប្រឹង​ធ្វើការ កុំ​បង្កបញ្ហា​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​រោងចក្រ បង្វែរ​ទៅ​ប្រទេស​ផ្សេង​ទៀត ដែល​មាន​ប្រាក់​ចំណូល​ទាប​ជាង​ប្រទេស​កម្ពុជា។ លោក​បាន​លើក​យក​ប្រទេស​បង់ក្លាដែស​មក​ពន្យល់ ដោយ​បាន​ប្រៀប​ធៀប​ទាំង​កម្រិត​ប្រាក់​ចំណូល​របស់​កម្មករ​ដែល​មាន​តិច​ជាង​នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា បញ្ហា​នយោបាយ មាន​ស្រដៀង​គ្នា។

លោក​ថ្លែងថា៖ «បង់​ក្លា​ដែ​ស ដូច​ស្រុក​ខ្មែរ​អ៊ីចឹង។ បោះឆ្នោត​ឆ្នាំ​កន្លងទៅ​នេះ លោក​ជំទាវ Hasina ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ដូច​គណបក្ស​ប្រជាជន​អ៊ីចឹង។ ប៉ុន្តែ​នៅ​មាន​អា​ក្រុម ២ ហ្នឹង វា​ប្រកាស​ផ្តន្ទាទោស។ វា​អ៊ីចឹង ឲ្យ​តែ​អ្នក​ណា​ឈ្នះ​ច្រើន​គេ​អត់​ទទួល។ តែ​យាយ​ហ្នឹង ក៏​ដូច​ខ្ញុំ​ដែរ ទទួល​មិន​ទទួល អញ​មិន​ដឹង អញ​ដឹង​ថា ប្រជាជន​អញ បោះ​ឆ្នោត។ គាត់​ឈ្នះ​ថ្ងៃ ១ ថ្ងៃ ៣ គាត់​ប្រជុំ​សភា សភា​ចូល​ស្បថ គាត់​បន្ត​រឿង​របស់​គាត់​ទៅ។ គាត់​ចាំបាច់​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​ស្គាល់? ព្រោះ​អាហ្នឹង​គេ​អត់​មាន​លក្ខខណ្ឌ​អ៊ីចឹង​ផង»។

លោក មាស នី អ្នកវិភាគ​នយោបាយ​និង​សង្គម បាន​ថ្លែងថា វា​ប្រហែលជា​លើក​ទី ៤ ហើយ​ដែល​លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ចំពោះ​លោក សម រង្ស៊ី ប៉ុន្តែ​លោក​ថា ការ​ឆ្លើយ​ឆ្លង​គ្នា គេច​មិន​ផុត​ទេ អាច​នឹង​កើត​មាន​ឆាប់ៗ​នេះ​ទៀត។

លោក​ថ្លែង​ថា៖ «វា​មិន​មែន​ជា​លើក​ទី ១ ទេ អាច​ជា​លើក​ទី ៣ ឬ​ទី ៤ ប៉ុន្តែ​យើង​ឃើញ​លោក សម រង្ស៊ី គាត់​ញ៉ោះ។ ដូច្នេះ​ពេល​ខ្លះ យើង​ឃើញ​សម្ដេច​នាយក​ទប់​អារម្មណ៍​មិន​បាន។ ដូច្នេះ​នេះ ជា​អារម្មណ៍​ធម្មជាតិ​របស់​មេដឹកនាំ​ទាំង ២ ដែល​ម្ខាង​ចូលចិត្ត​ញ៉ោះ ដោយ​ដឹងថា ម្ខាង​ទៀត​មិន​អាច​ទប់​អារម្មណ៍​បាន»។

ចំណែក លោក គិ​ន ភា អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​យល់​ថា អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចង់​សំដៅ​លើ​គឺ​លោក សម រង្ស៊ី។ ទោះ​យ៉ាង​ណា លោក​ថា អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នោះ គ្រាន់​តែ​ជា​វោហារ​ស័ព្ទ​នយោបាយ​ប៉ុណ្ណោះ ហើយ​លោក​នឹង​ឆ្លើយ​ឆ្លង​អាស្រ័យ​លើ​សាច់​រឿង​ដែល​ត្រូវ​ឆ្លើយ។

លោក​ថ្លែងថា៖ «សម្រាប់​សម្ដេច ហ៊ុន សែន ដែល​គាត់​មានប្រសាសន៍​នេះ គឺ​បញ្ជាក់​ពី​ភាព​ខ្លាំង​របស់​គាត់ បញ្ជាក់​ថា គាត់​មិន​ទៅ​ចុះ​ញ៉ម​អ្នក​ណា មិន​ឱន​ក្បាល​ចំពោះ​សម្ពាធ​អន្តរជាតិ​ណាមួយ ឬក៏​សម្ពាធ​អ្នក​នយោបាយ​ណាមួយ​ទេ ហើយ​យើង​ត្រូវ​ដឹង​ពី​ឥរិយាបថ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ យើង​ដឹង​ថា គាត់​ជានា​យក​រដ្ឋមន្ត្រី​មួយ​រូប ដែល​ឆ្លង​កាត់​ការ​ដាក់​សម្ពាធ​រាប់​សិប​ឆ្នាំ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ផង ហ៊ុមព័ទ្ធ​នយោបាយ​ផង ប៉ុន្តែ​គាត់​នៅ​តស៊ូ​បាន​រហូត​ដល់​មាន​គ្រប់គ្រាន់​សម្រាប់​រដ្ឋាភិបាល​របស់​គាត់។ ចុះ​ទម្រាំ​ស្ថានភាព​បច្ចុប្បន្ន ដូច្នេះ​មិន​មាន​ការ​ចាំបាច់​អី​ទៅ​ឆ្លើយ​ឆ្លង​ទៅ​និយាយ​ជាមួយ​អ្នក​ណា​ទេ គាត់​ចង់​បង្ហាញ​ថា គាត់​ខ្លាំង គាត់​គ្រប់គ្រង​អំណាច គាត់​គ្រប់គ្រង​សភាព​ការណ៍ និង​គ្រប់គ្រង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា»៕