ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធចាត់វិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៅតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជា ខណៈលោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រាប់ឱ្យអាជ្ញាធរបិទចរាចរណ៍លើផ្លូវដែលលិចទឹក។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលព្រឹកថ្ងៃទី ៩ ខែតុលា លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់នានាក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ត្រដែលទទួលខុសត្រូវរបស់ខ្លួនឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ»។
ចំណែកលោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលក៏ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ១១ ខែតុលា ក៏បានណែនាំទៅអភិបាលរាជធានីខេត្តឱ្យបិទការធ្វើចរាចរណ៍លើផ្លូវមានទឹកលិចខ្លាំង ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ និងការនាំឲ្យខូចផ្លូវធ្ងន់ធ្ងរ។ លោកបានថ្លែងថា៖ «នៅកន្លែងណាក៏ដោយសូមអភិបាលរាជធានី-ខេត្ត ប្រសិនណាជាលិចហើយមើលផ្លូវមិនឃើញអាចថា ៣-៤ តឹកឡើង អាហ្នឹងសូមឱ្យបិទចរាចរណ៍កុំឱ្យធ្វើដំណើរ។ ព្រោះវាមានហានិភ័យ ២ យ៉ាង ទី១ គឺជីវិតមនុស្សអាហ្នឹងធំណាស់ ទី២ ទៀតវាខូចផ្លូវថែម»។
តាមរយៈការជំរុញរបស់លោក ហ៊ុន សែន និងលោក ស ខេង អំពីវិធានការខាងលើនេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃម្សិលមិញថា នៅពេលនេះលោកកំពុងដឹកនាំកម្លាំងបញ្ជាការឯកភាពខេត្ត ចុះបិទកំណាត់ផ្លូវមួយចំនួនក្នុងខេត្តដែលរងការជន់លិចក្នុងនោះមានកំណាត់ផ្លូវជាតិលេខ ៥ ផងដែរ។ ក្រៅពីការបិទផ្លូវលោកក៏បានដឹកនាំកម្លាំង ចុះអន្តរាគមន៍ជួយដល់ពលរដ្ឋ តាមរយៈការរៀបចំដឹកជញ្ជូនបាវខ្សាច់ រៀបទប់ជាទំនប់ទប់ទឹក ប្រើទូក កាណូត និងរថយន្តកងទ័ព ដឹកពលរដ្ឋដែលរងការជន់លិចដោយទឹកជំនន់ ទៅកាន់ទីទួលមានសុវត្ថិភាព។
លោកថ្លែងថា៖ «ខណៈនេះអាជ្ញាធរយើង កំពុងស្ថិតនៅក្នុងទឹកនៅឡើយ។ យើងកំពុងបន្តចុះត្រួតពិនិត្យអំពីស្ថានភាពនៃទឹកជំនន់ និងស្ថានភាពរស់នៅរបស់ប្រជាជន និងកំពុងបន្តដឹកជញ្ជូនប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព»។
លោក មូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ស្ថានភាពទឹកជំនន់ នៅស្រុកសំពៅលូន និងផ្នែកមួយចំនួនធំ នៅស្រុកភ្នំព្រឹកទឹកបានស្រកចុះ។ រីឯនៅស្រុកកំរៀងវិញ ស្ថានភាពទឹកនៅតែបន្តជន់លិចផ្ទះ ដំណាំ សត្វពាហនៈ របស់ពលរដ្ឋ។
លោកថ្លែងថា៖ «អាជ្ញាធរយើងនៅពេលនេះ កំពុងមមាញឹកចុះជួយអន្តរាគមន៍ពលរដ្ឋមួយចំនួនមកកាន់ទីទួលសុវត្ថិភាព និងផ្ដល់ជំនួយបឋមជាស្បៀង តង់កៅស៊ូ និងថ្នាំពេទ្យដល់ពួកគាត់»។
បើតាមលោក មូល ធន ដើម្បីចៀសវាងការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរ កំណាត់ផ្លូវមួយចំនួននៅក្នុងទីរួមខេត្ត រួមទាំងកំណាត់ផ្លូវជាតិលេខ ៥ ផងដែរត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង សម្រេចបិទចរាចរណ៍រថយន្តធំៗជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី ១១ តុលា រហូតដល់ទឹកស្រកពីទ្រូងថ្នល់អស់ ទើបអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ជាថ្មី។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងថា ជំនន់ទឹកភ្លៀង និងទឹកដែលហូរចាក់ពីអូរព្រំដែនថៃ បានបង្កការជន់លិចលំនៅឋានពលរដ្ឋក្នុងស្រុកម៉ាឡៃ ស្រុកអូជ្រៅ និងស្រុកមង្គលបុរី។
លោកថា៖ «វិធានការបន្ទាន់នៅពេលនេះ គឺការជួយអន្តរាគមន៍គ្រប់មធ្យោបាយ ដើម្បីជម្លៀសពលរដ្ឋរងគ្រោះចេញពីតំបន់ដែលរងការលិចលង់ ពោលគឺយើងត្រូវគិតគូរពីសុវត្ថិភាពនៃជីវិតប្រជាពលរដ្ឋជាមុន»។
បើតាមលោក រាត្រី កងកម្លាំងប្រដាប់អាវុធមន្ទីរជំនាញ កំពុងបន្តចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះទឹកជំនន់ហូរមកពីលើតាមអូរព្រំដែនកម្ពុជា-ថៃ ដែលរស់នៅជាប់អូរព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ឃុំអូរស្រឡៅ និងឃុំម៉ាឡៃ។
យោងតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីម្សិលមិញ ជំនន់ទឹកភ្លៀងក្នុងរយៈពេលជាង ១ សប្ដាហ៍កន្លងមកនេះ បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជា ៣ នាក់ស្លាប់ និងជាង ១ ១០០ គ្រួសារទៀត ត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋានរបស់ខ្លួនទៅកាន់ទីទួលសុវត្ថិភាព។
របាយការណ៍នោះបានបង្ហាញថា គិតត្រឹមពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែតុលា ជំនន់ទឹកភ្លៀង បានធ្វើឲ្យរាជធានី-ខេត្តចំនួន ៩ ដែលរួមមាន ភ្នំពេញ កណ្ដាល ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង ខេត្តស្ទឹងត្រែង រងការជន់លិច និងខូចខាតផ្លូវជាតិ និងផ្លូវលំជនបទជាច្រើនកន្លែងសរុបជាង ៤៧ គីឡូម៉ែត្រ។ ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋជិត ២ ម៉ឺនគ្រួសារ ក្នុងនោះ ជាង ១ ១០០ គ្រួសារ ត្រូវបានបង្ខំចិត្តជម្លៀសចេញពីលំនៅឋានរបស់ខ្លួនទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ បានជន់លិច និងប៉ះពាល់ដំណាំស្រូវជាង ៣៨ ០០០ ហិកតា និងដំណាំរួមផ្សំជាង ៣៤ ០០០ ហិកតា ព្រមទាំងជន់លិចសាលារៀន ៣៣ កន្លែង។
បើតាមរបាយការណ៍នោះ ខេត្តបាត់ដំបងរងការជន់លិចប៉ះពាល់លំនៅឋានពលរដ្ឋ និងរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធ្ងន់ធ្ងរជាងគេ។ ក្នុងនោះពលរដ្ឋ ៤៩៨ គ្រួសារ ក្នុងចំណោម ៨ ០២៤ គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារលំនៅឋានរបស់ពួកគាត់រងការជន់លិចធ្ងន់ធ្ងរ។ ខេត្តពោធិ៍សាត់ មានពលរដ្ឋ ២៧៩ គ្រួសារ ក្នុងចំណោម ៧ ១៧១ គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ខេត្តបន្ទាយមានជ័យ មានពលរដ្ឋ ២៨៥ គ្រួសារ ក្នុងចំណោម ១ ២៥៥ គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ខេត្តមួយចំនួនទៀតរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្លែងថា ជំនន់ទឹកភ្លៀងជាទូទៅមិនបង្កការខូចខាតធ្ងន់ធ្ងរនោះទេ ហើយការលិចលង់ក៏មានរយៈពេលមិនយូរដែរ។
លោកបានបញ្ជាក់ថា៖ «បើយើងមិនគិតគូររក្សាទឹកទុកនៅពេលនេះទេ យ៉ាងយូរនៅពាក់កណ្ដាលខែវិច្ឆិកា ខាងមុខនឹងអស់ទឹកភ្លៀង»៕
វីដេអូ៖