ភ្នំពេញ៖​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ព្រលប់​ថ្ងៃ​ម្សិលមិញ បាន​បង្ហាញ​ការ​ស្វាគមន៍​ និង​អបអរ​សាទរ​ព្រម​ទាំង​បាន​ជូនពរ​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​សាសនិក​​ខ្មែរ​អ៊ិស្លាម​នៅ​កម្ពុជា ​មុន​ពេល​ពិធី​បុណ្យ​រ៉យ៉ាហ្វ៊ីទ្រី ​ដែល​ត្រូវ​បញ្ចប់​ពិធី​អំណត់​​រ៉ាម៉ាដន ​នៅ​ថ្ងៃទី​ ១៣ ខែ​ឧសភា សម្រាប់​ឆ្នាំ ​២០២១ ​នេះ​។

នៅ​ក្នុង​សារ​ជូនពរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​លោក​កាល​ពី​ព្រលប់​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ បាន​លើក​ឡើង​ថា៖ «ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខ្ញុំ​ និង​ភរិយា សូម​អបអរ​សាទរ និង​សូម​ជូនពរ​ជ័យ​សិរីសួស្ដី សុភមង្គល បវរមហា​ប្រសើរ​ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរ​អ៊ិស្លាម​កម្ពុជា​ក្នុង និង​ក្រៅ​ប្រទេស​ រួមទាំង​បងប្អូន​សាសនិក​អ៊ិស្លាម​នៅ​ទូទាំង​សកល​លោក​ផង​ដែរ​ ដែល​បាន​បញ្ចប់​នូវ​ពិធី​អំណត់​បួស​ខែ​រ៉ាម៉ាដន​ប្រកប​ដោយ​ជោគជ័យ​ ហើយ​នឹង​រីករាយ​ស្វាគមន៍​ថ្ងៃ​បុណ្យ​រ៉យ៉ាហ្វ៊ីទ្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១ ខែ​ស្ហាវ៉ាល់ ឆ្នាំ ១៤៤២ មូហាំម៉ាត់​សករាជ ត្រូវ​នឹង​ថ្ងៃ ២ កើត ខែ​ជេស្ឋ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែល​ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១»។

ក្នុង​សំណេរ​នោះ​ផង​ដែរ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សម្ដែង​នូវ​ក្តី​នឹក​រឭក និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ខ្មែរ​អ៊ិស្លាម​កម្ពុជា​ ដែល​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​​កូវីដ ១៩ ដោយ​គោរព​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​តាម​ច្បាប់ សេចក្តី​សម្រេច​សារាចរ​ណែនាំ និង​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល។

នៅ​ក្នុង​ពេល​វេលា​ដែល​ប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​កូវីដ ១៩ ដ៏​កាច​សាហាវ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​អំពាវ​ដល់​ពលរដ្ឋ​ក៏​ដូចជា​អ្នក​រដ្ឋការ​នានា ​ដែល​កំពុង​ស្នាក់នៅ​ និង​បម្រើ​ការងារ​នៅ​កម្ពុជា​ទាំង​អស់​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទ្វេដង ​និង​អនុវត្តតាម​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​រាល់​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​ពី​ជំងឺ​កូវីដ ១៩។

លោក​បាន​គូស​បញ្ជាក់​ថា៖ «ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ១៣៦ នាក់​រួច​មក​ហើយ នៅ​ក្នុង​ប្រទេស​កម្ពុជា ​យើង​គិត​ត្រឹម​ថ្ងៃទី ១២ ខែ​ ឧសភា ឆ្នាំ ២០២១ គឺ​យើង​មិន​ត្រូវ​មាន​ការធ្វេស​ប្រហែស និង​មើលស្រាល​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​នោះ​ឡើយ ដោយ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល ៣ ការពារ ៣ កុំ ជាប់​ជានិច្ច»។

លោក​បាន​បន្ថែម​ថា៖ «សូម​បងប្អូន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ដើម្បី​បងប្អូន​គ្រួសារ​បងប្អូន និងជាតិ​របស់​យើង»។

មិន​ខុស​ពី​ឆ្នាំ ២០២០ ទេ ​ពិធី​បុណ្យ​រ៉យ៉ាហ្វ៊ីទ្រី​នេះ​ គឺ​តម្រូវ​ឱ្យ​ធ្វើ​ឡើង​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ហើយ​បុរស​ជា​មេ​គ្រួសារ​មាន​តួនាទី​សំខាន់បំផុត គឺ​ធ្វើ​ជា​អ៊ីម៉ាំ​ដល់​ស្ត្រី​ជា​ប្រពន្ធ និង​កូនចៅ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុះ កំរី ប្រធាន​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​កម្ពុជា។

លោក​ កំរី ​បាន​ថ្លែង​ថា៖ «ជា​ទូទៅ​ការ​រៀបចំ​ពិធី​បុណ្យ​រ៉យ៉ាហ្វ៊ីទ្រី​នៃ​ការ​បញ្ចប់​ពិធី​អំណត់​រ៉ាម៉ាដន គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​ម៉ាស្ជិត្យ (វិហារ​អ៊ិស្លាម) ប៉ុន្តែ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍ គឺ​យើង​គ្រប់​គ្នា​ចាំបាច់​ត្រូវ​រៀបចំ​ពិធី​នៅ​តាម​ផ្ទះ​រៀង​ខ្លួន។ ដូច្នេះ​បុរស​ជា​មេ​គ្រួសារ​ធ្វើ​ជា​អ៊ីម៉ាំ​ដល់​ស្ដ្រី​ទាំង​អស់​រួមទាំង​ប្រពន្ធ និង​កូនចៅ»។

បើ​តាម​លោក សុះ កំរី សាសនិក​អ៊ិស្លាម​កម្ពុជា​បាន​ចាប់​ផ្តើម​ខែ​បួស​រ៉ាម៉ាដន​ពី​ថ្ងៃ​ទី ១៣ ខែ​មេសា ដល់​ថ្ងៃទី ១៣ ខែ​ឧសភា​នេះ ដែល​ការ​បួស​ជា​កាតព្វកិច្ច​ទី២ សម្រាប់​សាសនិក​អ៊ិស្លាម​គ្រប់​រូប លើកលែង​តែ​មនុស្ស​ចាស់ ដែល​មាន​ជរាពាធ ស្រី្ត​មាន​ផ្ទៃពោះ ស្ត្រី​មាន​កូន​ខ្ចី និង​ស្ត្រី​ដែល​មាន​រដូវ។ ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ទី២ នៃ​បុណ្យ​រ៉ាម៉ាដន ដែល​ការ​ជួបជុំ​ការ​ថ្វាយ​បង្គំ​តាម​វិហារ​អ៊ិស្លាម​នានា​ត្រូវ​បាន​ផ្អាក​ដោយសារ​ជំងឺ​កូវីដ ១៩៕