ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានអំពាវនាវដល់គ្រូពេទ្យមួយចំនួនតូចត្រូវផ្លាស់ប្ដូរឥរិយាបថមិនល្អដូចជា សម្ដីមិនសមរម្យទៅលើអ្នកជំងឺដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គ្រូពេទ្យភាគច្រើនដែលគោរពបាននូវក្រមសីលធម៌ត្រឹមត្រូវ។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ២៥៨៨ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រកាលពីថ្ងៃចន្ទ ទី ១៦ ខែធ្នូ។
លោក ហ៊ុន សែន ថ្លែងថា៖ «ទន្ទឹមនឹងមានវឌ្ឍនភាព យើងក៏ត្រូវទទួលស្គាល់នូវការខ្វះខាតដែលជាការត្អូញត្អែររបស់ប្រជាពលរដ្ឋរបស់យើង។ នោះគឺក្រមសីលធម៌វិជ្ជាជីវៈ។ ចំណុចនេះគឺជាចំណុចដែលគ្រូពេទ្យទាំងអស់ត្រូវតែផ្លាស់ប្តូរឥរិយាបថ។ ការពិតណាស់ភាគច្រើនណាស់ហើយដែលបានធ្វើ ប៉ុន្តែនៅចំនួនតិចតួចទេ ដែលតិចតួចនេះហើយបង្កើតទៅជាពាក្យសម្ដី ដែលពាក្យគេថា ត្រី ១ កន្ត្រកស្អុយ ១ ស្អុយទាំងអស់។ ចំណុចនេះហើយ ដែលខ្ញុំអំពាវនាវឲ្យមន្ត្រីសុខាភិបាលឲ្យគ្រូពេទ្យរបស់យើងយកចិត្តទុកដាក់ទៅលើពាក្យសម្ដី ឥរិយាបថដែលប្រព្រឹត្តចំពោះអ្នកជំងឺ ហើយគ្មានការរើសអើងបែងចែកនោះទេ។ ជីវិតមនុស្សមិនថាមាន មិនថាក្រ គឺជាជីវិតមួយដូចគ្នា ហើយអ្នកក្រ យើងត្រូវតែយកចិត្តទុកដាក់ថែមទៀត ដោយសារតែគាត់ក្រហើយទើបគាត់មករកយើង»។
លោក ហ៊ុន សែន បានអះអាងផងដែរថា ប្រសិនបើបញ្ហានេះមិនត្រូវបានកែប្រែទេ ទោះបីជារាជរដ្ឋាភិបាលចំណាយថវិកាអស់រាប់រយ រាប់ពាន់ រាប់លាន និងរាប់ពាន់លានដុល្លារថែមទៀត វាក៏នៅតែមានបញ្ហានៃពាក្យសម្ដីត្អូញត្អែរពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «អ៊ីចឹងទេ ទោះបីជាគ្រូពេទ្យក្នុងផ្នែករដ្ឋ ឬគ្រូពេទ្យក្នុងវិស័យឯកជនកុំយកលុយជាធំ ត្រូវយកជីវិតប្រជាជនធ្វើជាធំ។ រឿងលុយ រឿងកាក់ទុកក្រោយ។ ធ្វើម៉េចព្យាបាលជំងឺដោះស្រាយបញ្ហាការព្យាបាលឱ្យគាត់សិន។ កុំឃើញតែគាត់អត់មានប្រាក់ ត្រូវឱ្យបញ្ជូនទៅកន្លែងផ្សេង។ អារឿងដណ្តើម [អ្នកជំងឺ] គ្នាវានៅកន្លែងហ្នឹង។ ដល់ពេលសង្គ្រោះមិនបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ។ អ៊ីចឹងសុំឱ្យគ្រប់មន្ទីរពេទ្យ ទាំងមន្ទីរពេទ្យរដ្ឋ ទាំងមន្ទីរពេទ្យឯកជនត្រូវធ្វើសកម្មភាពឱ្យស្របនឹងសីលធម៌ សកម្មភាពដើម្បីសង្គ្រោះជីវិតមនុស្សជាធំ មិនមែនបញ្ហាលុយកាក់ទេ»។
ទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សែន ក៏បានការពារសេចក្ដីថ្លៃថ្នូររបស់គ្រូពេទ្យផងដែរ ដោយបានបដិសេធទៅលើការលើកឡើងរបស់មនុស្សមួយចំនួនដែលថា គ្រូពេទ្យដែលល្អមានតែ ១០ ភាគរយទេ ចំណែកឯ ៩០ ភាគរយទៀតគឺអាក្រក់ដែលការរិះគន់នេះគឺជាការប្រមាថធំណាស់ទៅលើគ្រូពេទ្យ ហើយក៏មិនអាចទទួលយកបានចំពោះការលើកឡើងបែបនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំគ្រាន់តែបង្ហាញចំណុចនេះដែលយើងមិនអាចទទួលយកបាននូវអ្វីដែលជាការលើកឡើងកាលពីមុននេះដោយមនុស្សខ្លះគឺថាគ្រូពេទ្យរបស់យើង ៩០ ភាគរយដែលអាក្រក់ តែ ១០ ភាគរយដែលល្អ។ អ៊ីចឹងបើសិនជាស្ថានភាពបែបនេះ គឺជាស្ថានភាពជាការប្រមាថមួយដ៏ធំសម្រាប់គ្រូពេទ្យរបស់យើង គឺជារឿងដែលមិនអាចទទួលយកកើតទេ»។
ទោះយ៉ាងណាក៏ដោយ លោកក៏ទទួលស្គាល់ពីការខ្វះខាត និងការត្អូញត្អែររបស់ប្រជាពលរដ្ឋទៅលើឥរិយាបថ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់គ្រូពេទ្យផងដែរ។ លោកថា គ្រូពេទ្យក៏មិនត្រូវមើលស្រាលចំណុចណាមួយអំពីការត្អូញត្អែរនេះទេ ព្រោះបញ្ហាខ្លះក៏ត្រូវយកចិត្តទុកដាក់ដើម្បីយកមកកែលម្អផងដែរ ហើយការទិតៀនរបស់នរណាមួយមិនមែនសុទ្ធតែជាការខុសនោះទេ។ អ្វីដែលជាការល្អត្រូវយកមកគិតពិចារណាថា តើគួរកែលម្អរបៀបណា។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បានទេកាលពីថ្ងៃចន្ទម្សិលមិញ។
យោងតាមរបាយការណ៍ដែលលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងពិធីនេះបានឱ្យដឹងថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាថ្នាលបណ្តុះបណ្តាលនាំមុខគេបង្អស់នៅកម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាល និងត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន សែន កាលពីថ្ងៃចន្ទ។
ហ្វេសប៊ុកនេះឲ្យដឹងថា៖ «បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយ ដែលផ្អែកលើសមត្ថភាពស្នូលជាគោលតាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញត្រាប់ទំនើបមុននឹងឲ្យនិស្សិតចេញទៅអនុវត្តនៅតាមមន្ទីរពេទ្យ»៕
វីដេអូ៖