ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បើកបរ​ត្រូវ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ដែល​អាច​ធ្វើឱ្យ​បាត់បង់​ជីវិត​ និង​ពិការភាព​។ ការអំពាវនាវ​នេះ​ធ្វើ​ឡើង​ទន្ទឹម​គ្នា​នឹង​មន្ត្រី​នគរបាល​នៅ​ទូទាំង​ប្រទេស​កំពុង​ត្រៀម​ចុះ​តាម​គោលដៅ​ដែល​បាន​កំណត់ទុក​ចាប់ពី​ថ្ងៃទី​ ១ ខែឧសភា ដើម្បី​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស​យានយន្ត​ និង​ការបើកបរ​ល្មើសច្បាប់​។

កាលពី​ម្សិលមិញ​លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​មុន​នឹង​បើកបរ​រថយន្ត​នៅតាម​ដងផ្លូវ​សាធារណៈ​ត្រូវតែ​មាន​បណ្ណ​បើកបរ​ពិតប្រាកដ ហើយ​រថយន្ត​ត្រូវ​បង់ពន្ធ​ និង​ថ្លៃ​សេវា​ផ្សេងៗ​ឱ្យបាន​ត្រឹមត្រូវ​។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដដែល​នេះ​សរសេរ​ថា​៖ «​ការរឹតបន្តឹង​ (​ចាប់ពី​ថ្ងៃទី​ ១ ឧសភា​) ​នេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​បង្ក​របួសស្នាម​ធ្ងន់​ស្រាល​រហូត​ដល់​មាន​ការបាត់បង់​អាយុជីវិត​ទៀតផង​។ យើង​មិន​ចង់ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​នៅក្នុង​ក្រុមគ្រួសារ​របស់​បងប្អូន​ណា​ម្នាក់​ឡើយ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗ​យុវជន បើកបរ​ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយ​នឹង​ការយោគយល់​ដល់​គ្នា​ទៅវិញ​ទៅមក​ដើម្បី​សុខ​សុវត្ថិភាព​ទាំងអស់​គ្នា​នៅ​ទូទាំង​ប្រទេស​»​។

រដ្ឋាភិបាល​បាន​ធ្វើការ​កែប្រែ​អនុក្រឹត្យ​ថ្មី​ដោយ​ត្រូវ​ផាកពិន័យ​ប្រាក់​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​កើន​ទៅ​ដល់​ ៣ ​ឬ​ទៅ​ដល់​ ៥ ​ដង​នៃ​អនុក្រឹត្យ​ចាស់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​អតិបរមា​ក្នុង​ឆ្នាំ​ ២០២០ ​នេះ ខណៈ​បាន​អះអាង​ថា​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ និង​របួស​ក្នុង​​ឆ្នាំ​ ២០១៩ បាន​កើនឡើង​យ៉ាងគំហុក​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​គ្រោះថ្នាក់​កាលពី​ឆ្នាំ​ ២០១៨​។

ការផាកពិន័យ​មិន​ធ្វើ​នៅ​កន្លែង​អនុវត្ត​នោះឡើយ ដោយ​ត្រូវបញ្ជូន​យានយន្ត​ល្មើស​ទៅ​កន្លែង​ធ្វើការ​របស់​សមត្ថកិច្ច​នៅ​ជិត​បំផុត​ និង​រក្សាទុក​ ៣ ​ថ្ងៃ​ទើប​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​បង់ប្រាក់​ពិន័យ​តាមផ្លូវ​ច្បាប់​។

ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃទី​ ២៧ ​មេសា​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​លើកឡើង​នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថា អគ្គស្នងការ​បាន​ត្រៀម​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​ ៣ ៩១៩ ​នាក់​ ក្នុងនោះ​នគរបាល​មាន​ចំនួន​ ៣ ៥០៧ ​នាក់ និង​កម្លាំង​សហការ​ចំនួន​ ៤១២ ​នាក់​ ដើម្បី​ដាក់ពង្រាយ​នៅតាម​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ចំនួន​ ៥៦៨ ​ទីតាំង​នៅ​ទូទាំង​ប្រទេស​។

នៅក្នុង​ចំណោម​កម្លាំង​ចំនួន​ ៣៩១៩ ​នេះ​គឺ​ក្នុងនោះ​ជាង​ ១ ​ពាន់​នាក់​នឹង​ត្រូវ​ដាក់ពង្រាយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

នៅ​ថ្ងៃទី​ ២៨ ​ដល់​ថ្ងៃទី​ ២៩ ​មេសា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ត្រូវ​ចូលរួម​ផ្ទាល់​​ក្នុង​ការចាប់ផ្តើម​រឹតបន្តឹង​អនុវត្ត​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​ ១ ខែ​ឧសភា​។

យោងតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់ថា លោក ស ថេត អគ្គស្នងការរង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​មន្ត្រី​កងកម្លាំង​ដែល​ត្រូវ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ត្រូវ​មាន​សីលធម៌ គុណធម៌ អាកប្បកិរិយា​ និង​ប្រើប្រាស់​សម្ដី​ឱ្យ​បាន​សមរម្យ​។

លោក នេត សាវឿន ក៏បាន​ចេញ​លិខិត​ដាច់​ដោយ​ឡែក​មួយ​នៅ​ថ្ងៃទី​ ២៨ ​មេសា ដើម្បី​ណែនាំ​ទៅដល់​កងកម្លាំង​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ទាំងអស់ ត្រូវ​អនុវត្ត​ច្បាប់​ប្រកបដោយ​ការទទួល​ខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការលើកលែង និង​មាន​សីលធម៌​វិជ្ជាជីវៈ​ព្រម​ទាំង​មាន​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​។ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ១ ៩៨១ ​នាក់ និង​របួស​ ៦ ១៤១ ​នាក់​ក្នុង​ឆ្នាំ​ ២០១៩​។ បើ​ប្រៀបធៀប​ក្នុង​ ២០១៨ មាន​អ្នកស្លាប់​ ១ ៧៦១ ​នាក់​ និង​របួស​ ៤ ៧៧០ ​នាក់​៕