ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​លុបបំបាត់ និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ធ្វើការ​ឆ្លើយតប​ទៅលើ​បញ្ហា​នេះ ខណៈ​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន និង​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ប្រាប់​មន្ដ្រី​ឱ្យ​ពិនិត្យ​លើ​ក្រុម​ដែល​តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​លើ​បញ្ហា​វីរុស​កូវីដ ១៩ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

ក្នុងពេល​ធ្វើជា​អធិបតី​នៃ​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា​ចំនួន​ ៣ ៤៥៨ ​នាក់​នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការភ័យខ្លាច​ជ្រុល​ខ្លាំងពេក​រហូត​ដល់​បាត់បង់​ស្មារតី​ម្ចាស់​ការខ្លួនឯង​ដោយសារ​ជឿ​ទៅលើ​ការបំពុល​ព័ត៌មាន​មិន​ពិត​ពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​ដោយ​ស្នើឱ្យ​ពលរដ្ឋ​ត្រូវ​មាន​សេចក្តីក្លាហាន និង​មានការ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​ត្រឹមត្រូវ​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​រួមទាំង​បញ្ហា​ជំងឺឆ្លង​កូវីដ​ ១៩ ​នេះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែ​បន្តធ្វើ​ការអំពាវនាវ​សូមកុំ​ឱ្យ​យក​ការភ័យខ្លាច និង​ការ​រើសអើង​ធ្វើជា​មូលដ្ឋាន សម្រាប់​​ដោះស្រាយ​បញ្ហា​ត្រូវយក​សេចក្ដី​ក្លាហាន​របស់​យើង យើង​ជម្នះ​គ្រប់​បញ្ហា​ទាំងអស់​រាប់ទាំង​ព័ត៌មាន​ក្លែងក្លាយ​»​។

លោក​បញ្ជាក់ថា​៖ «​ព័ត៌មាន​ក្លែងក្លាយ​វា​មិន​ឈ្នះ​យើង​ទេ វា​ស៊ីសង​នៅពេល​ដែល​វា​បំផុស​ថា ជំងឺ​ផ្ទុះ​ឡើង​នៅក្នុង​ក្រុងភ្នំពេញ​អ្នកក្រុង​ភ្នំពេញ​ប្រាប់ថា អត់​ឈឺ​ផង វា​ចប់​បាត់​ត្រឹមតែ​អត់​ឈឺ​ហ្នឹង​។ អ៊ីចឹង​ដើម្បី​យកឈ្នះ​ទៅលើ​ព័ត៌មាន​ក្លែងក្លាយ​មាន​តែ​បុគ្គល​យើង​ម្នាក់ៗ​តែប៉ុណ្ណោះ​ដែល​អាចឆ្លើយតប ព្រោះ​មិនមែន​មនុស្ស​ទាំងអស់​សុទ្ធតែ​ជឿ​ទេ ម្នាក់ៗ​គឺមាន​ជំនឿ​ខុសៗ​គ្នា ខ្លះ​ក៏​ជឿ​ទៅ ខ្លះ​ក៏​មិន​ជឿ​»​។

លោក​បន្តថា​៖ «​ចេញមក​ឱ្យ​ស្រុះគ្នា​បញ្ជាក់​អំពី​ការ​គ្មាន (​ការឆ្លង កូវីដ​ ១៩) ហើយ​កុំ​ចេះតែ​ចែករំលែក​ឃើញ​គេ​ផុស​ទៅ​ចែករំលែក​ទៅៗ អាហ្នឹង​គឺជា​រឿង​មួយ​ដែល​ធ្វើឱ្យ​មាន​ការភ័យខ្លាច​។ ការភ័យខ្លាច​ជ្រុល​វា​នាំទៅដល់​មហន្តរាយ​វិញ​ទេ​»​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​​លើក​ឡើង​ពី​វិធានការ​នៅ​ប្រទេស​បារាំង​ថា​ប្រទេស​បារាំង​ការជួបជុំ​ណា​ ១ ​លើស​ពី​ ១ ​ពាន់​នាក់ គឺ​មិន​អនុញ្ញាត​ឱ្យ​ជួបជុំ​ទេ​នៅ​បារាំង​ក៏ដូចជា​នៅ​អាល្លឺម៉ង់​ផងដែរ​។ ចំណែក​នៅ​ប្រទេស អ៊ីតាលី​បាន​បង្ខាំង​មនុស្ស ១៦ លាន​នាក់​អត់​ឱ្យចូល​តំបន់​នោះ​ (​តំបន់​មានការ​ឆ្លង​វីរុស​កូវីដ ១៩) ហើយក៏​មិនឱ្យ​ចាកចេញ​។

ប៉ុន្ដែ​លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ ខណៈ​កំពុង​ជួប​និស្សិត​នឹង​ភ្ញៀវ​ពេល​ចែក​សញ្ញាបត្រ​ជាង ៣ ៥០០ ​នាក់​ថា នេះ​គឺជា​រឿង​ដែល​កម្ពុជា​នៅតែ​ធ្វើបាន​។ លោក​ក៏​បញ្ជាក់​ដែរ​ថា កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ​ ៨០០ ទៅ ២ ០០០ ​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​កូវីដ ១៩ ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៩ ខែ​មីនា បាន​ជំរុញ​ដល់​មន្ដ្រី​គ្រប់ផ្នែក​គ្រប់​ជំនាញ​ត្រូវ​ពិនិត្យ​តាមដាន​ក្រុម​ដែល​តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ មិនពិត បំពុលសង្គម ដើម្បី​មាន​វិធានការ​អនុវត្តន៍​តាម​ផ្លូវ​ច្បាប់​។

លោក​ថ្លែងថា​៖ «​មន្ដ្រី​ទាំងអស់​ត្រូវ​ធ្វើការ​រួមគ្នា​គ្រប់ផ្នែក គ្រប់​ជំនាញ​ក្នុង​ការ​បន្ត​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​កើតមានឡើង​នៅក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដែល​នាំឱ្យ​មានការ​បំពុល​ដល់​សង្គម​ធ្វើឱ្យ​មាន​ការយល់ច្រឡំ ពិសេស​បញ្ហា​ជំងឺ​ផ្លូវដង្ហើម​កូវីដ​ ១៩ ដែល​មាន​ផេក​ និង​អាខោន​ហ្វេសប៊ុក​ខ្លះ​បាន​សរសេរ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ធ្វើឱ្យ​មាន​ការ​ជ្រួល​ច្របល់​នៅក្នុង​សង្គម​»​។

លោក​បញ្ជាក់ថា ស្ថាប័ន​ផ្សព្វផ្សាយ​របស់​ជាតិ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​រាល់​ព័ត៌មាន​និង​ដំណឹង​ទាំងឡាយ​ដែល​ទទួល​បាន​ពី​ក្រសួង​សុខាភិបាល​ព្រោះ​ជា​ដំណឹង​ពិត​ដែល​មាន​ការពិនិត្យ​តាមដាន វាយតម្លៃ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ​។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ដែរថា៖ «​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ព័ត៌មាន​មិន​ពិត ដែល​កំពុង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​យើង​នាពេល​បច្ចុប្បន្ន​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យ​អយ្យការ​ទូទាំង​ប្រទេស​អនុវត្ត​នូវ​​វិធានការ​ច្បាប់​តឹងរ៉ឹង​បំផុត​ចំពោះ​អ្នក​ដែល​បង្កើត និង​​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ករណី​វីរុស​កូវីដ​ ១៩»​។

កាលពី​ថ្ងៃទី​ ៩ ​ខែ​មីនា​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយពី​បង្ហោះ​វីដេអូ​ទាក់ទង​នឹង​ជំងឺ​វីរុស​កូវីដ ១៩​។

របាយការណ៍​សមត្ថកិច្ច​បង្ហាញថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ​មានឈ្មោះ កូយ សំអាត អាយុ ៣៥ ​ឆ្នាំ​រស់នៅ​ភូមិ​ព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​មុខរបរ​អ្នក​លក់ទំនិញ​តាម Online​។ ​ជនសង្ស័យ​បាន​បង្ហោះ​វីដេអូឃ្លីប​ទាក់ទង​នឹង​វីរុស​កូវីដ ១៩ នេះ នៅលើ Account Facebook ឈ្មោះ «Tep Visal»​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​៖ «​ជនសង្ស័យ​នេះ​យើង​បាន​កសាង​សំណុំរឿង​រួចហើយ យើង​នឹង​បញ្ជូនទៅ​តុលាការ​ក្នុងថ្ងៃនេះ​ (១០ ​មីនា​)​។ ជនសង្ស័យ​រូបនេះ គាត់​ប្រព្រឹត្ដ​បទល្មើស​លើ​ករណី​ញុះញង់​ឱ្យមាន​បទល្មើស​ជាអាទិ៍​។ ករណី​នេះ​អាច​ជាប់ទោស​ពី ១ ​ឆ្នាំ​ទៅ ២ ​ឆ្នាំ តាម​មាត្រា ៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​»៕