ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ដល់​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ ៣ ​ឱ្យ​ពិភាក្សា​​គ្នា​ក្នុង​ការបង្កើន​ចំនួន​គ្រូពេទ្យ​​បន្ថែម​ទៀត​ដើម្បី​ត្រៀមខ្លួន​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ នៅ​ឆ្នាំ​ ២០២១ ដោយ​លោក​ស្នើឱ្យ​ផ្ដល់​លទ្ធភាព​បញ្ចូល​ក្របខ័ណ្ឌ​ដល់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ និង​គ្រូពេទ្យ​​កិច្ចសន្យា​ដែល​បច្ចុប្បន្ន​កំពុង​​បំពេញ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩​។

ប្រសាសន៍​របស់​លោក ហ៊ុន សែន ដូចនេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៥ ធ្នូ នៅពេល​លោក​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានការណ៍​កូវីដ ​១៩​ នៅ​កម្ពុជា និង​ការទិញ​វ៉ាក់សាំង​។ លោក​ប្រាប់​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោក​ ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ឱ្យ​ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ជា​លទ្ធភាព​ខ្ញុំ​នឹង​ផ្ដល់​អាទិភាព​ផ្ដល់​ក្របខ័ណ្ឌ សុខចិត្ត​បន្ថយ​ក្របខ័ណ្ឌ​នៅ​ស្ថាប័ន​ផ្សេង តែ​បង្កើន​ឱ្យ​ពេទ្យ​។ ប៉ុន្តែ​សូម​ឯកឧត្តម ម៉ម ប៊ុនហេង ពិនិត្យ​ជាបឋម​បណ្ដុះបណ្ដាល​ថែម​គ្រូពេទ្យ​ដែលមាន​ស្រាប់ បន្ថែម​ចំនួន​គ្រូពេទ្យ​សម្រាប់​បម្រើការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ​»​។

បើ​តាម​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ទាំង​ ៣ ត្រូវ​ពិភាក្សា​គ្នា​ថា តើ​ត្រូវការ​គ្រូពេទ្យ​បន្ថែម​ប៉ុន្មាន​នាក់​ទៀត​។

ប៉ុន្តែ​លោក​បញ្ជាក់ថា អ្នក​ដែល​ត្រូវបាន​បញ្ចូល​ក្របខ័ណ្ឌ ហើយ​ទទួលបាន​ការបណ្ដុះបណ្ដាល​ត្រូវតែ​បំពេញ​មុខងារ​ប្រយុទ្ធ​នឹង​កូវីដ​១៩ ទោះបី​ជា​ពីមុន​មក​​ពួកគេ​មាន​ជំនាញ​ផ្សេង​ក្ដី​។

លោក​បន្តថា​៖ «​វា​មិន​ងាប់​ដល់​​ប្រទេស​កម្ពុជា​ទេ ក្នុង​ការដែល​​យើង​បន្ថែម​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​នេះ​កុំ​យក​ចូលមក​គ្រាន់តែ​​ ដើម្បី​ឱ្យបាន​ក្របខ័ណ្ឌ​ហើយ​ទៅ​​សុំ​អត់​ព្រម​បម្រើ​ការងារ​ហ្នឹង​។

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពេល​ជួប​នាយករដ្ឋមន្ត្រី​ពី​ខែមីនា​។ រូប ទីស្ដីការ​គណៈរដ្ឋមន្ត្រី

អត់​ទេ អត់​ទទួល​ទេ​។ លក្ខខណ្ឌ​ទទួល​យក​គឺ​បម្រើ​ (​ប្រយុទ្ធ​ប្រឆាំង​) ​កូវីដ​ទើប​ឱ្យចូល​»​។

នៅក្នុង​ការថ្លែង​រយៈពេល​ជាង​ ៣ ​ម៉ោង​លោក ហ៊ុន សែន ដាក់ចេញ​ផែនការ​ជាច្រើន​សម្រាប់​ឆ្នាំ​ ២០២១ ក្នុងការ​ប្រយុទ្ធ​នឹង​កូវីដ​១៩ និង​កោតសរសើរ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជាពិសេស​ក្នុង​ការធ្វើតេស្ត​ករណី​រាលដាល​សហគមន៍​ ឬ​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា ដោយ​វិទ្យាស្ថាន​នេះ​បានធ្វើ​តេស្ត​សំណាក​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះ​ទាំងអស់​។

លោក​ក៏​កោតសរសើរ​ដល់​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺ​របស់​​សហរដ្ឋអាមេរិក​ (CDC) អង្គការ​សុខភាព​ពិភពលោក​ (WHO) ​និង​អង្គការ​ដៃគូ​ផ្សេងទៀត​ដែល​បានរួម​ចំណែក​ក្នុង​កិច្ចការ​នេះ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​សំណាក់​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អំពី​ចំនួន​អ្នក​ស្ម័គ្រចិត្ត​សរុប​ដែល​កំពុង​បំពេញ​ការងារ​នេះ​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​កាលពី​ចុងខែ​មីនា​លោក ហ៊ុន សែន បាន​ជួប​ជាមួយ​បុគ្គលិក​ពេទ្យ និង​និស្សិត​ពេទ្យ​ចំនួន ៤២២ ​នាក់ ​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​បេសកកម្ម​ប្រយុទ្ធ​នឹង​កូវីដ​ ១៩​។

មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ក្រសួង​មុខងារសាធារណៈ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ការផ្ដល់​ក្របខ័ណ្ឌ​ដល់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ ក្រសួង​សុខាភិបាល​ជា​អ្នកសម្រេច ហើយ​ក្រសួង​មុខងារ​សាធារណៈ​ជា​អ្នកពិនិត្យ​គោលការណ៍​ថា តើ​ចំនួន​ដែល​ត្រូវ​ផ្ដល់​នោះ សមរម្យ ឬ​មិន​សមរម្យ​។ ចំណែក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ពិនិត្យ​ទៅលើ​ការចំណាយ សម្រាប់​ការបញ្ចូល​ក្របខ័ណ្ឌ​នេះ​ក្នុង​ ១ ​ឆ្នាំៗ​។

លោក​បញ្ជាក់ថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​បាន​ចូលរួម​ប្រយុទ្ធ​នឹង​កូវីដ​ ១៩ បច្ចុប្បន្ន​ទទួល​បាន​ប្រាក់​កិច្ចសន្យា និង​ប្រាក់​លើកទឹកចិត្ត​ផ្សេងទៀត​។ ប៉ុន្តែ​ពេល​បាន​ចូល​ក្របខ័ណ្ឌ ពួកគាត់​នឹងមាន​លំនឹង​ជាង​មុន​។ វា​អាស្រ័យ​លើ​ការពិភាក្សា​រវាង​ក្រសួង​ទាំង​ ៣ ​ថា តើ​ការបន្ថែម​ចំនួន​គ្រូពេទ្យ និង​ការបញ្ចូល​ក្របខ័ណ្ឌ​សម្រាប់​អ្នកស្ម័គ្រចិត្ត​នឹង​ធ្វើ​ឡើង​នៅពេលណា​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​​គាំទ្រ​ដល់​កម្មវិធី​ផ្ដល់​ការងារ​ស្ម័គ្រចិត្ត ព្រោះ​ការងារ​បែបនេះ​អាច​បណ្ដុះបណ្ដាល​អ្នកជំនាញ​វ័យក្មេង និង​ផ្ដល់​បទពិសោធ​​សម្រាប់​ពួកគេ ក៏ដូចជា​ធ្វើឱ្យ​ពួកគេ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការងារ​អចិន្រៃ្តយ៍​។

យ៉ាងណា​ក៏ដោយ​លោក​ចង់ឃើញ​មាន​ដំណើរ​ការជ្រើសរើស​ធ្វើ​ឡើង​ដោយមាន​តម្លាភាព​ផ្អែកលើ​ស្មារតី​នៃ​អ្នក​ស្ម័គ្រចិត្ត​ម្នាក់ៗ​។ ម្យ៉ាងទៀត​ស្ថាប័ន​រដ្ឋាភិបាល​គួរតែ​វាយតម្លៃ​តម្រូវការ​ជាក់ស្ដែង​សម្រាប់​ការដាក់​បញ្ចូល​ក្របខ័ណ្ឌ​ទាំងនេះ​។

លោក​ថ្លែងថា​៖ «​វា​កាន់តែ​សំខាន់​ថែមទៀត​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​កម្លាំង​ការងារ​បច្ចុប្បន្ន​ដែល​ក្រសួង​នីមួយៗ​មាន​ស្រាប់​។ ​ការប្រមូល​ធនធាន​គឺជា​គន្លឹះ​ក្នុង​ការធានា​បាន​ថា មាន​បុគ្គលិក​គ្រប់គ្រាន់​នៅ​កន្លែង​ធ្វើការ ដើម្បី​ផ្ដល់​សេវា​សាធារណៈ ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល​»៕

វីដេអូ៖