
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកម្មវិធីកាលពីម្សិលមិញ។ SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យពង្រាយក្រុមគ្រូពេទ្យជំនាញបន្ថែមទៀតនៅតាមមន្ទីរពេទ្យសាធារណៈទូទាំងប្រទេស ជាពិសេសនៅតាមទីប្រជុំជនដាច់ស្រយាលដើម្បីបំពេញតម្រូវការនៃការខ្វះខាតនិងពង្រឹងវិស័យនេះឡើងវិញដែលជាការកាត់បន្ថយការប្រើប្រាស់សេវាសុខាភិបាលនៅក្រៅប្រទេស។
លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារក្នុងឆ្នាំ ២០១៩ របស់ក្រសួងសុខាភិបាលកាលពីម្សិលមិញបន្ទាប់ពីលោកមើលឃើញពីបញ្ហាប្រឈមរបស់ពលរដ្ឋដែលតាំងលំនៅថ្មីនិងពលរដ្ឋនៅតាមព្រំដែនដែលកំពុងមានការខ្វះខាតមណ្ឌលសុខភាពសាធារណៈរបស់រដ្ឋដែលទាមទារឲ្យមានការដោះស្រាយជាបន្ទាន់។
លោកបានថ្លែងថា៖ «ខ្ញុំសូមបន្តអំពាវនាវឲ្យមានការពង្រាយបន្ថែមទៀតនូវគ្រូពេទ្យរបស់យើង។ ប្រហែលជាមន្ត្រីសុខាភិបាលរបស់យើងបានដឹងហើយថា ប្រមាណជាជាង ២០ ឆ្នាំមុននេះបន្តិចខ្ទង់ឆ្នាំ ១៩៩៦-១៩៩៧ ពេលនោះខ្ញុំបានយកតួលេខអង្កេតដោយផ្ទាល់របស់ក្រុមការងាររបស់ខ្ញុំមួយ បានបង្ហាញអត្រាថាគ្រូពេទ្យ ៧០% បម្រើប្រជាជននៅទីក្រុង ឯ ៣០% បម្រើការងារនៅទីប្រជុំជន»។
ដូច្នេះលោកចង់ឲ្យក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់រួមសហការគ្នាអនុវត្តភារកិច្ចសំខាន់ៗដើម្បីឲ្យប្រព័ន្ធសុខាភិបាលនៅកម្ពុជាក្លាយជាប្រព័ន្ធសុខភិបាលដ៏មានប្រជាប្រិយភាពនិងមានការជឿទុកចិត្តពីពលរដ្ឋតាមរយៈការព្យាបាលប្រកបដោយគុណភាពប្រសិទ្ធភាពនិងគុណធម៌ កាត់បន្ថយការប្រើប្រាស់សេវាសុខាភិបាលនៅក្រៅប្រទេសដែលធ្វើឲ្យខាតបង់ពេលវេលានិងថវិកាច្រើន។
លោកបន្តថា៖ «ត្រូវរួមគ្នារៀបចំ និងអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅពង្រឹងបន្ថែមនូវសមត្ថភាពជំនាញតាមរយៈការបណ្តុះបណ្តាល មុនពេលបម្រើការងារ និងពេលបម្រើការងារ ជាពិសេសត្រូវរួមគ្នាអភិវឌ្ឍប្រព័ន្ធទិន្នន័យគ្រប់គ្រងធនធានមនុស្សសុខាភិបាល ការពង្រាយបុគ្គលិកសុខភិបាលដែលមានសមត្ថភាពជំនាញច្បាស់លាស់ ជាពិសេសនៅតាមទីជនបទដាច់ស្រយាល»។
បន្ថែមពីនេះលោកក៏បានណែនាំកុំឲ្យមានការប្រមូលផ្តុំក្រុមគ្រូពេទ្យជំនាញនៅតែកន្លែងងាយស្រួល ប៉ុន្តែកន្លែងលំបាក បែរជាមិនត្រូវទទួលនូវការយកចិត្តទុកដាក់ ព្រោះថា បើទោះជាមិនអាចពង្រាយទៅតាមភូមិនីមួយៗ តែលោកចង់ឲ្យមានការពិនិត្យឡើងវិញនូវភូមិសាស្ត្រសុខាភិបាលដែលមានលក្ខណៈដូចគ្នាទៅនឹងភូមិសាស្ត្រវិស័យអប់រំផងដែរ។
លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា បច្ចុប្បន្ន ក្រុមគ្រូពេទ្យក្នុងខេត្តរបស់លោកពុំមានការខ្វះខាតនោះទេគឺមានចំនួនគ្រប់គ្រាន់ទៅនឹងចំនួនប្រជាជន ប៉ុន្តែអ្វីដែលមានការខ្វះខាតនោះគឺក្រុមគ្រូពេទ្យផ្នែកឯកទេស។
តែយ៉ាងណា លោកថា ការបម្រើសេវានេះ គឺធ្វើបានល្អ ដោយមិនឲ្យមានការខ្វះខាតនោះទេដោយលោកសង្ឃឹមថា ក្រុមគ្រូពេទ្យកម្ពុជានឹងអាចបំពេញតម្រូវការនិងទទួលបានទំនុកចិត្តពីពលរដ្ឋឡើងវិញក្នុងពេលឆាប់។
លោកបញ្ជាក់ថា៖ «អ្វីដេលសម្តេចបានលើក ក្រសួងសុខាភិបាល ក៏បានរៀបចំផែនការសម្រាប់ពង្រាយនៅតាមខេត្ត ឬតំបន់ដាច់ស្រយាល ដើម្បីជួយការងារហ្នឹងដែរ ក្នុងនោះអាទិភាពដែលមានគឺនៅក្នុងតំបន់ដាច់ស្រយាលតែម្តង»។
ចំណែកលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីបានសាទរចំពោះវិធានការពង្រាយក្រុមគ្រូពេទ្យជំនាញនេះ ព្រោះថា បើទោះជាពេលនេះ ពុំមានការខ្វះខាត តែក្នុងពេលខាងមុខពេលកំណើនប្រជាជនក្នុងខេត្តកើនឡើង នោះតម្រូវការក៏ត្រូវតែកើនផងដែរ។
លោកបញ្ជាក់ថា៖ «បញ្ហាតម្រូវការរបស់មន្ត្រីនៅតែជាចំណុចពិសេសពីព្រោះប្រជាជនបើមានការកើនឡើងតម្រូវការក៏មានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះឲ្យនិយាយថា គ្រប់គ្រាន់គឺមិនគ្រប់ទេរហូតដល់ប្រជាជនលេងកើន ទើបបានគ្រប់គ្រាន់ ហើយបើតម្រូវការរបស់ប្រជាជននៅតែកើន តម្រូវការក្រុមគ្រូពេទ្យគឺនៅតែមាន»។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មន្ដ្រីរាជការដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាលសាធារណៈបច្ចុប្បន្នមានចំនួន ២៥ ៤៣៨ នាក់ ហើយការពង្រាយបុគ្គលិកនៅតាមថ្នាក់នៃប្រព័ន្ធសុខាភិបាលបានបង្ហាញថា បុគ្គលិកសុខាភិបាលបម្រើការងារនៅថ្នាក់ រាជធានី-ខេត្តមានចំនួន ១៩៧១០ នាក់ ឬស្មើនឹង ៧៧ ភាគរយនៃចំនួនបុគ្គលិកសុខាភិបាលសរុប។
របាយការណ៍ដដែលបន្តថា៖ «ក្នុងឆ្នាំ ២០១៨ មូលដ្ឋានសុខាភិបាលសាធារណៈ រួមមាន ប៉ុស្តិ៍សុខភាព ១២៩ កន្លែង មណ្ឌលសុខភាព ១ ២០៥ កន្លែង មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ២៥ និងមន្ទីរពេទ្យបង្អែកក្រុង/ស្រុក/ខណ្ឌ។ រីឯការសាងសង់រួមមាន មណ្ឌលសុខភាព ២០ កន្លែង ប៉ុស្តិ៍សុខភាព ៥ កន្លែង អគារក្នុងមន្ទីរពេទ្យ ១៣ កន្លែង បន្ទប់រង់ចាំសម្រាល ៩ កន្លែង បន្ទប់សម្រាល ៥ កន្លែង និងអគាររដ្ឋបាលស្រុកប្រតិបត្តិ ៣ កន្លែង»៕