បាត់ដំបងៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​អនុសាសន៍​ឲ្យ​អាជ្ញាធរ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​រក្សា​ក្រុង​បាត់ដំបង​ជា​ក្រុង​បេតិកភណ្ឌ រក្សា​ព្រលានយន្តហោះ​បែក​ចាន​ និង​ត្រៀម​សាងសង់​ផ្លូវ​ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្តសៀមរាប​ដែល​នឹង​កាត់បន្ថយ​ការធ្វើដំណើរ​ជិត ៧០ គីឡូម៉ែត្រ​។

លោក ហ៊ុន សែន បាន​លើក​ឡើង​នូវ​អនុសាសន៍​ជាច្រើន​ចំណុច​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ក្នុងពេល​លោក​ចូលរួម​ពិធីបុណ្យ​ទន្លេ​លើក​ទី​ ៦ រៀបចំ​ឡើង​នៅ​ខេត្តបាត់ដំបង​ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី​ ១៥ ​មីនា​។ លោក​ប្រាប់​ឲ្យ​អាជ្ញាធរ​ធ្វើការ​អភិវឌ្ឍ​ទីក្រុង​នេះ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​ត្រូវ​រក្សា​ក្រុង​បាត់ដំបង​ជា​ក្រុង​បេតិកភណ្ឌ ដែល​គ្រោង​ដាក់បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​។ លោក​ថា អាជ្ញាធរ​ត្រូវ​រក្សា​ឲ្យ​បាន​នូវផ្ទះ​បុរាណ ស្ពាន​បុរាណ ដោយ​មិនត្រូវ​ឲ្យ​មាន​ការកែប្រែ​ខុស​ស្ថានភាព​ដើមឡើយ​។

លើសពីនេះ​អាជ្ញាធរ​ត្រូវ​ជំរុញ​ការកំណត់​អត្តសញ្ញាណ​គោលដៅ​ទេសចរណ៍​អាទិភាព​នានា​ក្នុង​ខេត្ត​រួមមាន​ទេសចរណ៍​ផ្ទះ​បុរាណ​តំបន់​ទេសចរណ៍​សត្វ​ស្លាប តំបន់​សត្វ​ស្លាប​បាណន់ រមណីយដ្ឋាន​ភ្នំសំពៅ​ដែល​មាន​ប្រចៀវ​រាប់លាន​ក្បាល និង​ម្ហូបអាហារ​ប្រចាំខេត្ត​នេះ​។ លោក​ស្នើ​ឲ្យ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នៅ​ខេត្ត​នេះ​ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ រួមមាន​ផ្លូវថ្នល់ ទឹក ភ្លើង​និង​ព្រលានយន្តហោះ​បាត់ដំបង​។

ក្រៅពី​ការអភិវឌ្ឍ​ក្នុង​ខេត្ត លោក​ថា​ផ្លូវ​ ១ ​ខ្សែ​អាច​នឹងត្រូវ​សាងសង់​ឡើង​ដោយ​តភ្ជាប់​ពី​ខេត្តបាត់ដំបង ទៅ​សៀមរាប​ដោយ​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​នឹង​ខិតខំ​រៀបចំ​ដើម្បី​តភ្ជាប់​ផ្លូវ​រវាង​ខេត្តបាត់ដំបង​ជាមួយ​ខេត្ត​សៀមរាប​ដែល​ផ្លូវ​នោះ​អាច​កាត់បន្ថយ​ការធ្វើដំណើរ​ដែល​មុននេះ​ធ្វើដំណើរ​ពី​បាត់ដំបង​ទៅ​បន្ទាយមានជ័យ ហើយ​ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប​។ ប្រៀបធៀប​នឹង​ផ្លូវ​ថ្មី​យើង​អាច​ចំណេញ​រហូតដល់ ៦៩ គ.ម ...»​។ ផ្លូវ​នេះ​អាច​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​ ២០២១ ​បន្ទាប់ពី​មាន​ការសិក្សា​ជាក់លាក់​ និង​ស្វែងរក​ឥណទាន​បាន​ហើយ​អាជ្ញាធរ ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហាដីធ្លី ដែល​រង​ផលប៉ះពាល់​នៅលើ​ផ្លូវ​មួយ​នេះ​។

លោក​ក៏បាន​ប្រាប់​អាជ្ញាធរ​ឲ្យ​រក្សា​ឲ្យ​បាន​នូវ​ព្រលានយន្តហោះ​បែកចាន ទោះបី​ជា​ព្រលាន​នេះ​មិនទាន់​មាន​ភាពចាំបាច់​ក្នុងការ​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​ក៏ដោយ​។ «​ដូច្នេះ​បាន​ជា​ខ្ញុំ​ស្នើ​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត​ក៏ដូចជា​សុំ​ស្នើ​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង យកចិត្ត​ទុកដាក់​លើ​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​នេះ​ចៀសវាង​ការកសាង​សំណង់​អគារ​ខ្ពស់ៗ ដែល​អាច​ប៉ះពាល់​ដល់​ការហោះហើរ​នៅពេល​ដែល​យើង​ពង្រីក​នូវ​ព្រលានយន្តហោះ​មួយ​នេះ​»​។

លោក​ ហ៊ុន សែន ​បន្តថា​ការវិនិយោគ​លើ​ព្រលានយន្តហោះ​ និង​ផ្លូវ​ថ្មី​នេះ​ទាមទារ​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ជាតិ​ និង​ថ្នាក់មូលដ្ឋាន​។ នៅ​ថ្នាក់មូលដ្ឋាន​អាជ្ញាធរ​យកចិត្ត​ទុកដាក់​ក្នុងការ​គ្រប់គ្រង​តំបន់​ជុំវិញ​ព្រលានយន្តហោះ និង​ខិតខំ​ដោះស្រាយ​បញ្ហាដីធ្លី​ដែល​រង​ផលប៉ះពាល់​នៅលើ​ផ្លូវ​ ១ ​ខ្សែ​ដែល​តភ្ជាប់​ខេត្ត​បាត់ដំបង​ជាមួយ​ខេត្តសៀមរាប​។

លោក​ សឿម ប៊ុនរិទ្ធ អភិបាលរង​ខេត្តបាត់ដំបង​ថ្លែងថា អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​ថ្ងៃ​អនាគត​។ លោក​ថា ព្រលានយន្តហោះ​បែកចាន​មាន​ទីតាំង​ប្រមាណ​ ៦ ​គីឡូម៉ែត្រ​ខាងកើត​ក្រុង​បាត់ដំបង​។ ព្រលាន​នេះ​យន្តហោះ​នៅតែ​ចុះ​រត់​បាន ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​ត្រូវការ​កែលម្អ​។ បច្ចុប្បន្ន​មាន​ការអាស្រ័យផល និង​ការសាងសង់​លំនៅឋាន​នៅក្បែរ​ព្រលាន​។ «​ខេត្ត​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ចុះ​ស្រង់​អត្តសញ្ញាណកម្ម​មនុស្ស​ និង​ពលរដ្ឋ និង​ដីធ្លី​ដែល​ពលរដ្ឋ​បាន​អាស្រ័យ​ផល​។ គណៈកម្មការ​នោះ​គឺ​ដឹកនាំ​ដោយ​រូបខ្ញុំ​ផ្ទាល់​។ រៀបចំ​បុណ្យ​ទន្លេ​ហើយ ខ្ញុំ​នឹង​ដឹកនាំ​ការប្រជុំ ដើម្បី​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​»​។

ពាក់ព័ន្ធ​នឹង​ការរក្សា​អគារ​សល់​ពី​សម័យមុន ដើម្បី​ជា​សម្បត្តិ​បេតិភណ្ឌ​លោក​ថា មាន​អគារ​ប្រមាណ​ ៨០០ ​ខ្នង​។ រដ្ឋបាលខេត្ត​បាន​ចុះ​ប្រាប់​ពលរដ្ឋ​ឲ្យ​ទម្លាក់​ស្លាក​យីហោ និង​សំយាប​ដែល​ធ្វើទៅ​បាំង​អគារ​សល់​ពី​សម័យ​អាណានិគម​បារាំង​ និង​រុះរើ​អ្វីដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អគារ​ខុសពី​ទម្រង់​ដើម​។ ចំពោះ​ផ្លូវ​ពី​បាត់ដំបង​ទៅ​សៀមរាប​លោក​ថា ធ្លាប់មាន​ការសិក្សា​ម្ដង​រួចហើយ​ប៉ុន្តែ​ការសិក្សា​នឹងត្រូវ​ធ្វើឡើង​វិញ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ផលប៉ះពាល់​ទាំងនោះ​៕