ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​អាជ្ញាធរខេត្ត​យក​សាលារៀន​ដែល​សិស្ស​ឈប់​សម្រាក​ធ្វើជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន ខណៈ​ដែល​ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ថ្លែងថា រដ្ឋាភិបាល​មិនមាន​គោលការណ៍​អ្វី​ផ្សេង​ក្រៅពី​ឲ្យ​ពលករ​ដែល​ទើប​វិលត្រឡប់​មកពី​ថៃ​ក្នុង​ចំនួន​ដ៏ច្រើន​ដោយសារ​ថៃ​បិទ​ច្រកព្រំដែន​ត្រូវ​ស្ថិតនៅ​ដាច់​ដោយឡែក​ដោយ​ការស្ម័គ្រចិត្ត​នោះទេ​។

លោក ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ចេញ​បទបញ្ជា​ជា សំឡេង ទៅដល់​មន្ត្រី​ពាក់ព័ន្ធ​អំពី​ការត្រៀម​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​តាម​ខេត្ត​ទាំងអស់​យក​សាលារៀន​ធ្វើជា​កន្លែង​សម្រាប់​ធ្វើជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ត្រូវ​ប្រើប្រាស់​សាលារៀន ហើយ​សាលារៀន​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លងមក​គឺ​ស្អាតៗ​ណាស់​គឺ​នៅ​ទី​រួមខេត្ត​ និង​កន្លែង​មួយចំនួន​គឺ​យើង​យក​សាលារៀន​តែម្តង​អ្វី​ដែលជា​បញ្ហា​បន្ទាន់​គឺ​ត្រូវ​ជ្រើសរើស​ទីតាំង​ណា ១ ឬ ២ ក្នុង​ខេត្ត​ ១ ​ហើយ​គឺថា​នឹង​រៀបចំ​ប្រព័ន្ធ​ទឹកភ្លើង​ចូល​ឲ្យ​ដល់​ជាបន្ទាន់ នេះ​ជា​កិច្ចការ​បន្ទាន់​នៅ​តាម​ខេត្ត​ត្រូវ​យកចិត្ត​ទុកដាក់​»​។

លោក​បន្តថា​៖ «​ដោះស្រាយ​ធ្វើ​ម៉េច​ត្រូវ​ជ្រើសរើស​សាលារៀន​ដែល​យើង​កំពុងតែ​បិទ​យក​អគារ​ ១ ​ឬ​ ២ គឺ​ឲ្យ​មាន​ច្រើន​បន្ទប់ រៀបចំ​បន្ទប់​រៀបចំ​គ្រែ​ដើម្បី​ដំណើរការ​តែម្តង​ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ដែល​អាច​យក​ទាំង​កម្លាំង​ប៉ូលិស​កម្លាំង​ទាហាន និង​ប៉េអឹម​ដើម្បី​យកមក​ជួយ​ការងារ​នេះ​តែម្តង ហើយ​ជាពិសេស​គឺ​សម្រុក​ដោះស្រាយ​បញ្ហា​តភ្ជាប់​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង ចូល​ទៅក្នុង​សាលា​តែម្តង ហើយ​រៀបចំ​គ្រែ​ដោះស្រាយ​គ្រែ​ដើម្បី​ដាក់​សម្រាប់​ទទួល​អ្នកជំងឺ​ដែល​យើង​ត្រូវ​មាន​ការចាំបាច់​»​។

មន្ត្រី​ប្រចាំ​នៅ​ច្រកព្រំដែន ចាំយាម​ក្នុង​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា​មុនពេល​ច្រក​នេះ​ត្រូវ​បាន​បិទ​កាលពី​ព្រឹក​ម្សិលមិញ ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ១០០ ​នាក់​បាន​ត្រឡប់​ចូលមក​កម្ពុជា​វិញ​។ ដោយសារ​ចំនួន​តិច​ដូច្នេះ​មន្ត្រី​ចត្តាឡីស័ក​អាច​គ្រប់គ្រង​បាន​ និង​បាន​វាស់​កំដៅ​របស់​ពួកគេ​គ្រប់គ្នា​។

ប៉ុន្តែ​សមត្ថកិច្ច​នៅ​ច្រក​អន្តរជាតិ​ដូង​ ឬ​ឡែម​ខេត្ត​បាត់ដំបង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ច្រកព្រំដែន​នេះ​ត្រូវបាន​បិទ​កាលពី​ថ្ងៃទី ២២ មីនា​វេលា​ម៉ោង ០០​។ នៅ​ថ្ងៃ​បិទ​នោះ​ពលរដ្ឋ​ប្រមាណ​ជិត​ ១ ​ពាន់​នាក់​បាន​រង់ចាំ​នៅ​មាត់ច្រក ហើយ​បាន​សម្រុកចូល​កម្ពុជា​វិញ​ក្នុង​សភាព​មួយ​ដែល​មន្ត្រី​ចត្តាឡីស័ក​មិន​អាច​គ្រប់គ្រង​បាន​។

លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្ពុជា​មិនមាន​គោលការណ៍​ប្រមូល​អ្នក​ដែល​ត្រឡប់​ពី​ក្រៅ​ប្រទេស​ទៅ​ដាក់​នៅ​ដាច់​ដោយឡែក​នៅ​កន្លែង​ណាមួយ​ទេ​។ លោក​ថា ការ​នៅ​ដាច់ដោយឡែក​គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។

«​ខ្ញុំ​គិតថា ការដែល​គាត់​ស្ម័គ្រចិត្ត​នៅ​ដាច់ដោយឡែក​នោះ​គឺ​ល្មម​គ្រប់គ្រាន់​ដែរ​ហើយ​។ សូមបញ្ជាក់ថា ធម្មតា​មេរោគ​នៃ​ជំងឺ​នេះ​បើ​អត់​ចេញ​រោគសញ្ញា ឱកាស​នៃ​ការឆ្លង​គឺ​ទាប​ណាស់​។ ដូច្នេះ​បើ​គាត់​ធ្វើ​យ៉ាងម៉េច​នៅ​ឆ្ងាយ​ពី​សមាជិកគ្រួសារ យើង​ប្រើប្រាស់​សម្ភារ​បរិក្ខារ បរិភោគ​ឲ្យ​ដាច់​ពី​គ្នា​ទៅ​មួយរយៈ​ទៅ​ហើយ​ប្រើ​កន្សែង ក្រមា ដាច់​ពី​គ្នា​។ បើ​យើង​អនុវត្ត​បាន​ប៉ុណ្ណឹង យើង​កាត់បន្ថយ​បាន​ច្រើន​»​។

លោក​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រួមមាន​មេភូមិ មេឃុំ មេប៉ុស្តិ៍ សមាគម​នានា និង​អ្នកស្ម័គ្រចិត្ត ជួយ​ចុះ​ណែនាំ​អ្នក​ដែល​ត្រូវ​នៅ​ដាច់ដោយឡែក​ដោយ​ស្ម័គ្រចិត្ត​ទាំងនោះ ដើម្បី​បញ្ចៀស​ការរាតត្បាត​នៅក្នុង​សហគមន៍​។ «​រហូត​មក​ដល់​ពេលនេះ​យើង​នៅតែ​មិនទាន់​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា មាន​ការឆ្លង​នៅក្នុង​សហគន៍​នៅឡើយ​ទេ​។ ប៉ុន្តែ​យើង​មាន​ការឆ្លង​ផ្ទាល់ ឆ្លង​ក្នុង​ស្រុក​មានន័យថា គាត់​ឆ្លង​ពី​អ្នក​ដែល​ធ្វើដំណើរ​ពី​ស្រុក​ក្រៅ​»​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​យប់​ថ្ងៃអាទិត្យ​បាន​ចេញ​បទបញ្ជា​ទៅ​អភិបាលខេត្ត​ទាំងអស់​ឲ្យ​ណែនាំ​បន្តទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះ​ពន្យល់​ណែនាំ​ដល់​ពលរដ្ឋ​ដែល​ត្រឡប់​ពី​ថៃ​វិញ​ឲ្យ​មាន​ការពិនិត្យ​សុខភាព​។ សម្រាប់​ករណី​សង្ស័យ លោក​ស្នើឲ្យ​ដាក់​អ្នកនោះ​នៅ​ដាច់​ដោយឡែក​រយៈពេល ១៤ ​ថ្ងៃ​ដោយ​មិន​ឲ្យ​ពួកគេ​ប៉ះពាល់​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​។

លោក កែវ សុភត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​ និង​ក្រុមការងារ​កំពុង​ពិនិត្យ​សុខភាព​ពលករ​ប្រមាណ​ជិត​ ១ ​ពាន់​នាក់​ដែល​ត្រឡប់​ពី​ថៃ​។ លោក​ថា​៖ «​យើង​កំពុង​រៀបចំ​សុំ​គោលការណ៍​សម្ដេច​ដើម្បី​ថា ឲ្យ​គាត់​ទៅ​ខេត្ត​របស់គាត់​ ឬ​ទៅ​កន្លែង​ណា​? មាន​គ្នាច្រើន​ដែរ ប្រហែល​ជិត​ ១ ​ពាន់​នាក់​។ យើង​កំពុង​ពិនិត្យ​សុខភាព​របស់​ពួកគាត់​ទាំងអស់​»​។

បើតាម​គេហទំព័រ​ក្រសួងមហាផ្ទៃ​អភិបាលខេត្ត​ជាច្រើន​កាលពី​ម្សិលមិញ​បាន​ដឹកនាំ​កិច្ចប្រជុំ​នៅតាម​ខេត្ត​រៀងៗ​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។ នៅ​ខេត្ត​ព្រះសីហនុ​លោក​ គួច ចំរើន បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក​ថ្លែងថា​៖ «​ប្រសិនជា​គ្មាន​ការចាំបាច់​ទេ ប្រជាពលរដ្ឋ​គ្រប់រូប​គួរតែ​ស្នាក់នៅ​ក្នុង​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​ជំងឺ​កូវីដ​ ១៩ លើកលែង​តែ​អ្នក​ដែលមាន​ការចាំបាច់​។ ក្រៅពី​នេះ​មន្ត្រី​រាជការ​ក៏ដោយ ប្រសិន​បើ​គ្មាន​ការចាំបាច់​ធំដុំ​ទេ គឺ​មិន​បាច់​ជួបជុំគ្នា​ទេ នាំគ្នា​ធ្វើការ​តាម​ប្រព័ន្ធ​អនឡាញ​នាំគ្នា​ធ្វើការ​តាម​ទូរស័ព្ទ​ក៏បាន​ដែរ​»​។

លោក​បញ្ជាក់ថា​៖ «​ណែ​នាំឱ្យ​មន្ត្រី​យើង​ទាំងអស់​គ្នា​ធ្វើ​ជា​ភ្នាក់ងារ​សន្តិសុខ​សម្រាប់​ការអប់រំ​ណែនាំ ឬ​ក៏​ដាក់​កំហិត​ទៅ​ប្រជាពលរដ្ឋ ឬ​មន្ត្រី​គ្នាឯង​ណា​ដែល​យើង​ដឹងថា គាត់​មានការ​សង្ស័យ ឬ​ការពាក់ព័ន្ធ​នឹង​អ្នក​ដែល​អាច​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ត្រូវ​ក្តាប់​ឱ្យបាន​»​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បញ្ជាក់ថា ខេត្ត​នេះ​បាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ៣៣ នាក់​​ លើ​ភ្ញៀវ​ទេសចរ​បារាំង និង​ជនជាតិខ្មែរ​។ ប៉ុន្តែ​ខេត្ត​នេះ​នឹង​មិន​បិទ​ខេត្ត​ទេ គឺ​បិទ​តែ​សណ្ឋាគារ​ដែល​ភ្ញៀវ​ទាំងនោះ​ស្នាក់នៅ​ប៉ុណ្ណោះ​។ រដ្ឋបាលខេត្ត​បន្តថា​ខេត្ត​បាន​ត្រៀម​អគារ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មាន​ចំនួន ២១ បន្ទប់​ស្មើនឹង ៦០ ​គ្រែ និង​សណ្ឋាគារ​ចំនួន​ ២ ​កន្លែង​មាន​ចំនួន ១០៦ ​បន្ទប់​ស្មើនឹង ២០២ ​គ្រែ​។ សរុប​ទាំងអស់​គឺមាន​ចំនួន ១២៧ បន្ទប់​ស្មើនឹង ២៦២ ​គ្រែ និង​បាន​ត្រៀម​ទីតាំង​មួយចំនួន​ទៀត​សម្រាប់​ទុកដាក់​អ្នកជំងឺ​កូវីដ​ ១៩​។

ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​វិញ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បានចេញ​សេចក្ដី​អំពាវនាវ​មួយ​កាលពី​ម្សិលមិញ​ចំពោះ​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ដោយ​លោក​ស្នើ​នូវ​ ៤ ​ចំណុច ​រួមមាន​ការជូនដំណឹង​ទៅ​មន្ត្រី​ខណ្ឌ​ដែល​ពួកគេ​រស់នៅ​ ការនៅ​ដាច់ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ទាក់ទង​តាម​លេខ​ដែល​បាន​ផ្សព្វផ្សាយ ឬ​មន្ត្រី​សុខាភិបាល​មូលដ្ឋាន​ក្នុង​ករណី​មាន​សញ្ញា​សង្ស័យ និង​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ណែនាំ​ពលរដ្ឋ​ដែល​ទើប​ត្រឡប់មកវិញ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ​៕