ភ្នំពេញ៖ ទោះបី​ជា​រាជរដ្ឋាភិបាល​បាន​សម្រេច​បន្ត​នូវ​ការ​បិទ​ខ្ទប់​​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល​ចំនួន ៧ ថ្ងៃ​ទៀត​បន្ថែម​ក៏​ដោយ ក៏​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​តែ​បន្ត​ឱ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន និង​ឆាប់​រហ័ស​ក្នុង​រយៈពេល​ដ៏​ខ្លី។

ក្នុង​សេចក្តី​សម្រេច​ស្តីពី​ការ​បន្ត​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ នៃ​ខេត្ត​កណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ កាល​ពី​ថ្ងៃទី ២៦ ខែ​មេសា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ត្រូវ​រៀបចំ​កែ​សម្រួល​វិធីសាស្ត្រ និង​ផែនការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ឱ្យ​ក្លាយ​ទៅ​ជា «យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង»។

លោក ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​ថា៖ «ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​របស់​ជាតិ ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​បាន​លឿន និង​ឆាប់​រហ័ស​ក្នុង​រយៈពេល​ដ៏​ខ្លី សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ​ឱ្យ​បាន​គ្រប់​រូប​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ធំៗ​នៃ​ខេត្ត​កណ្តាល ដែល​មាន​មនុស្ស​ច្រើន​កុះករ​ធ្វើ​ការ និង​រស់នៅ»។

លោក​ថា យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​ស៊ាំ​សហគមន៍ (Herd Immunity) ក្នុង​ការ​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជាពិសេស ការ​បញ្ចៀស​ឱ្យ​បាន​នូវ​ការ​បិទ​ខ្ទប់​ជា​ថ្មី​សម្រាប់​ភូមិសាស្ត្រ​នេះ។

ការ​អនុវត្ត​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នេះ ត្រូវ​ធានា​ឱ្យ​បាន​នូវ​របៀប​រៀបរយ និង​សណ្តាប់​ធ្នាប់ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ដំណើរការ​នេះ ពិសេស​តាមរយៈ​គោលការណ៍​នាំ​យក​សេវា​ទៅ​កៀក​បំផុត​ជូន​ប្រជាពលរដ្ឋ។

ជាមួយ​គ្នា​នេះ​ដែរ វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន ៤០ ម៉ឺន​ដូស ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដឹក​មក​ដល់​នៅ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល។

លោកស្រី យក់ សម្បត្តិ បាន​លើក​ឡើង​ដូច​នេះ​តាម​រយៈសារ​ព័ត៌មាន​ហ្វ្រេសញូវ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​នូវ​ជំនួយ​ជា​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ ស៊ីណូហ្វាម​នេះ​ចំនួន ៣ លើក​ហើយ បើ​គិត​រួម​នឹង​វ៉ាក់សាំង​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ។

លោកស្រី យក់ សម្បត្តិ ថា៖ «ការ​ផ្តល់​នេះ គឺ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ និង​ធានា​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩»។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្តល់​ជំនួយ​នូវ​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ ស៊ីណូហ្វាម​នេះ​ ចំនួន ២ លើក​រួច​មក​ហើយ ដោយ​លើក​ទី១ នៅ​ថ្ងៃទី ០៧ ខែកុម្ភៈ ចំនួន ៦០ ម៉ឺន​ដូស និង​លើក​ទី២ នៅ​ថ្ងៃទី ៣១ ខែ​មីនា ដែល​មាន​ចំនួន ៧០ ម៉ឺនដូស។

គិត​មក​ដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាង ​៣ លាន​ដូស​រួច​មក​ហើយ រួម​មាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១ លាន ៣ សែន​ដូស, វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​បាន​ទិញ​ពី​រដ្ឋាភិបាល​ចិន​ចំនួន ២ លាន​ដូស និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាស្ត្រាហ្សេនីកា (Astra Zeneca) ចំនួន ៣២៤ ០០០ ដូស ជា​ជំនួយ​របស់​មជ្ឈមណ្ឌល​ខូវ៉ាក់ (Covax Facility) តាមរយៈ​អង្គការ​សុខភាព​ពិភព​លោក។

គិត​ត្រឹម​ថ្ងៃទី ២៦ ខែ​មេសា មនុស្ស​ចំនួន ១ ២៩៥ ៩៧៣ នាក់ ត្រូវ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​តាមរយៈ​ក្រសួង​សុខាភិបាល​មាន​ចំនួន ១ ០០១ ៤៣០ នាក់ និង​ក្រសួង​ការពារជាតិ បាន​ចំនួន ២៩៤ ៥៤៣ នាក់៕