ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅរសៀលថ្ងៃទី ១៦ ខែមេសានេះ បានថ្លែងសារពិសេសបញ្ជាបន្ថែម ដោយហាមដាច់ខាតការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ ថ្ងៃ (ថ្ងៃទី ១៥-២៨ ខែមេសា) មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងពីរាជធានីភ្នំពេញទៅខេត្តផ្សេងឡើយ។
បញ្ជាបន្ថែមនេះ បន្ទាប់ពីសង្កេតចរាចរមនុស្ស និងមានអ្នកល្មើសលួចឆ្លងពីរាជធានីភ្នំពេញទៅកាន់ខេត្ដផ្សេង និងរកឃើញវិជ្ជមានកូវីដ ១៩។
លោកនាយករដ្ឋមន្រ្ដីបានថ្លែងថា បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្ដកណ្ដាល កាលពីថ្ងៃទី ១៥ ខែមេសានេះ ប៉ុន្ដែចរាចរណ៍មនុស្សនៅតែបន្តមានក្នុងនោះមានអ្នកលួចឆ្លងទៅកាន់ខេត្ដព្រៃវែង និងខេត្ដក្រចេះជាដើម។
លោកនាយករដ្ឋមន្រ្ដីថ្លែងថា៖ «ខ្ញុំសូមយកឱកាសនេះ បញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់សាជាថ្មីម្ដងទៀត សម្រាប់ពលរដ្ឋរបស់យើង ពេលនេះនៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ នៅស្រុកណា គឺនៅស្រុកនោះ នៅទីកន្លែងណា គឺនៅកន្លែងនោះ ក្នុងរយៈពេល ១៤ ថ្ងៃ»។
លោកនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ការបិទខ្ទប់នេះ គឺមានករណីលើកលែងមួយចំនួន ប៉ុន្ដែមិនមែនចេះតែលើកលែងនោះទេ ដូច្នេះលោកបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទ្រាំទ្រនូវការលំបាក ក្នុងរយៈពេលដែលប្រទេសជាតិជួបការលំបាកនាពេលនេះ។
លោកនាយករដ្ឋមន្រ្ដីបញ្ជាក់ថា បើការអនុវត្ដវិធានការណ៍បិទខ្ទប់រយៈពេល ១៤ ថ្ងៃហើយ ប៉ុន្ដែសភាពការណ៍នៃការរីករាលដាលកូវីដ ១៩ នៅតែមិនថយចុះ រាជរដ្ឋាភិបាលនឹងអូសបន្លាយ ពេលនេះការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឬអាចឈានទៅបិទខេត្ដមួយចំនួនទៀត ដោយយោងទៅលើការចាំបាច់។
លោកនាយករដ្ឋមន្រ្ដីថ្លែងថា បើសិនជាគ្មានការសហការពីប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទេនោះ គឺកម្ពុជាពិបាកនឹងទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលវីរុសកូវីដ ១៩។
លោកនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖ «ឥឡូវបញ្ជាដាច់ណាត់ ដាច់ខាត មិនឱ្យមនុស្សចេញពីទីក្រុងភ្នំពេញ ហើយក៏មិនអនុញ្ញាតឱ្យមនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញ ដើម្បីចូលទីក្រុងភ្នំពេញទេ។ អ្នកដែលបានទៅលេងស្រុកហើយត្រឡប់ចូលមកទីក្រុងភ្នំពេញ ត្រូវនៅនឹងស្រុក ១៤ ថ្ងៃ រហូតដល់ភ្នំពេញបើក»។
លោកនាយករដ្ឋមន្រ្ដីបានគាំទ្រចំពោះការអនុវត្ដច្បាប់ បញ្ជូនជនល្មើសទៅតុលាការ ចំពោះបុគ្គលដែលបានល្មើសបទបញ្ជា និងច្បាប់ដែលបានដាក់ចេញក្នុងពេលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នេះ៕