លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​២ ខែ​ធ្នូ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ថ្លែង​អំណរគុណ​មួយ​ទៀត ជូន​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែល​បាន​ផ្តល់​យន្តហោះ​ដឹកម៉ាស់ និង​សម្ភារ​វេជ្ជសាស្ត្រ​ទៅ​កាន់​ប្រទេស​ទីម័រខាងកើត ដោយ​ជោគ​ជ័យ បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះបាន​ផ្តល់​យន្តហោះ​ដឹក​សម្ភារ​ស្រដៀង​គ្នា​នេះ​ទៅ​កាន់​ប្រទេស​ មីយ៉ាន់ម៉ា កាល​ពី​សប្តាហ៍​មុន។

នៅ​ក្នុង​លិខិត​ថ្លែង​អំណរ​គុណ​ផ្ញើ​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉ែ នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា សូម​ថ្លែង​អំណរគុណ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែល​បាន​ជួយ​ឧបត្ថម្ភ​ការ​ហោះហើរ​ជា​មនុស្សធម៌​ជា​លើក​ទី​២ ដឹក​ជញ្ជូន​ម៉ាស​ចំនួន ១​លាន៥​ម៉ឺន និង​បរិក្ខារ​ពេទ្យ​សរុប​ចំនួន ១២មុខ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា យក​ទៅជូន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្ត នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ ២០២០ នេះ»។

លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ជូនពរ ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន និង​សហការី​ទាំងអស់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ផងដែរ។

ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​និយាយ​ថា​ ខ្លួន​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បានបំពេញ​ភារកិច្ច​ដ៏​សំខាន់​បែប​នេះ បន្ទាប់​ពី​ខ្លួន​បាន​ដឹក​ជញ្ជូន​ម៉ាស់និង​សម្ភារ​វេជ្ជសាស្ត្រ​ដែល​ជាជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​កាន់​ប្រទេស​ មីយ៉ាន់ម៉ា កាល​ពី​សប្តាហ៍​មុន ដោយ​ជោគជ័យ។

ចាប់​តាំង​ពី​បើក​ជើង​ហោះហើរ​ដំបូង ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ តែងតែ​ប្រកាន់​ខ្ជាប់​នូវស្តង់ដារ​ខ្ពស់​បំផុត ដោយ​ផ្តល់​សេវាកម្ម​ដឹក​អ្នក​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព ប្រសិទ្ធភាព និងផាសុកភាព ហើយ​យន្តហោះ​ដឹក​ទំនិញ​របស់​ខ្លួន​ក៏​មាន​កម្រិត​ស្តង់ដារ​ល្អ​ប្រសើរ​ដូចគ្នា​ដែរ។

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ កំពុង​បង្កើន​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈនិង​មាន​មនសិការ​ខ្ពស់ ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ មាន​ស្តង់ដារ​ខ្ពស់​បំផុត និង​មាន​គ្រឹះ​ដ៏​រឹងមាំសម្រាប់​ការ​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​របស់​ខ្លួន​ប្រកប​ដោយ​ជោគជ័យ។

ដោយ​បាន​បំពេញ​បេសកកម្ម​ដឹក​សម្ភារ​វេជ្ជសាស្រ្ត​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ទទួល​បាន​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ក្នុង​ការ​ប្រើប្រាស់​យន្តហោះ​របស់​ខ្លួន​ឲ្យ​កាន់​តែ​មានប្រសិទ្ធ​ភាព​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ​យ៉ាង​មាន​សុវត្ថិភាព ក្នុង​ការ​សម្រេច​បាន​នូវប្រតិបត្តិការ​ដ៏​សំខាន់​នេះ។

ខណៈ​ពេល​ដែល​ទទួល​បាន​ការ​កោតសរសើរ​ពី​រាជរដ្ឋាភិបាល ចំពោះ​ការ​បំពេញ​ការងារ​ប្រកប​ដោយជោគជ័យ​នេះ ក្រុមហ៊ុន​ក៏​ទទួល​បាន​ការ​ទទួល​ស្គាល់​យ៉ាង​កក់ក្តៅ​ពី​សាធារណៈជន​ទូទៅ​ផងដែរ។

ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ជា​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​មាន​សមត្ថភាព​ខ្ពស់ កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​បំពេញ​នូវ​តម្រូវការ​ផ្សេងៗ ដើម្បី​ផ្តល់​ជូន​សេវាកម្ម​ដឹក​ជញ្ជូន​តាម​តម្រូវការ និង​មាន​លក្ខណៈ​ចម្រុះ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ទីផ្សារ។

ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​សេវាកម្មរបស់​ខ្លួន​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​ការ​កសាង​បណ្តាញ​ផ្លូវ​ហោះហើរ កាន់តែ​មាន​ភាព​ទូលំទូលាយ ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ទំនួល​ខុសត្រូវ​សង្គម។

ក្រុមហ៊ុន​អាកាសចរណ៍ ខេបូឌា អ៊ែរវ៉េ នឹង​បន្ត​ផ្តល់​សេវាកម្ម ដូចជា​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ ការ​ដឹកជញ្ជូន​ទំនិញ និង​ការ​ផ្ទេរ​ទំនិញ​តាម​រយៈព្រលាន​យន្តហោះ​តភ្ជាប់ ឬ​ដៃគូ​សហប្រតិបត្តិការ ក៏​ដូចជាសេវាកម្ម​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត ទៅ​ដល់​គោលដៅ​នានា​នៅ​ទូទាំង​ពិភព​លោក៕