ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ជា​សំណួរ​ទាក់ទង​នឹង​កីឡាករ​បាល់​ទាត់​ដ៏​ល្បី​លំដាប់​ពិភព​លោក​ចំនួន ២ រូប ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ របស់​ប្រទេស​ចិន នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ថា ​តើ​ពួក​គាត់​អាច​នឹង​ស្លាប់​ទេ ក្រោយ​ចាក់​វ៉ាក់សាំង​នេះ។

ការ​ចោទ​សួរ​ដូច​នេះ ពី​លោក ហ៊ុន សែន ដោយសារ​កន្លង​មក​មាន​ក្រុម​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះគន់ និង​និយាយ​ថា លោក​យក​វ៉ាក់សាំង​ចិន​មក​ចាក់​ឱ្យ​ប្រជាពលរដ្ឋ ដើម្បី​សម្លាប់​មនុស្ស។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​ហ្វេសប៊ុក​របស់​លោក​នៅ​យប់​ថ្ងៃ​អាទិត្យ ទី ០២ ខែ​ឧសភា​នេះ​ថា តើ​បងប្អូន ជាពិសេស​យុវជន​កម្ពុជា​យល់​យ៉ាង​ណា​ដែរ នៅ​ពេល​កីឡាករ​លំដាប់​ពិភព​លោក Messi និង Neymar ចាក់​វ៉ាក់សាំង​កូវីដ ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់​ចិន? និង​តើ​ហេតុអ្វី​កីឡាករ​ទាំង​ពីរ​រូប​ជ្រើសរើស​យក​វ៉ាក់សាំង​ចិន​ជំនួស​ឱ្យ​ការ​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេង​ទៀត?

លោក ហ៊ុន សែន បាន​សរសេរ​ថា៖ «កាល​ពី​មុន​ពួក​បំផ្លាញ​ជាតិ​មួយ​ចំនួន​បាន​និយាយ​ថា វ៉ាក់សាំង​របស់​ចិន «ចាក់​សម្លាប់​មនុស្ស» នៅ​ពេល​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់ បាន​សម្រេច​ជ្រើសរើស​យក​វ៉ាក់សាំង​របស់​ចិន​ស៊ីណូហ្វាម (Sinopharm) និង ស៊ីណូវ៉ាក់ (Sinovac) មក​ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ការពារ​អាយុ​ជីវិត​ពី​ជំងឺ​ដ៏​កាច​សាហាវ​កូវីដ ១៩»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បន្ត​ថា មក​ដល់​ពេល​នេះ ប្រសិន​លោក​មិន​រឹង​ក្បាល​ស្វែង​រក​វ៉ាក់សាំង​ពី​ចិន​ដែល​ជា​មិត្ត​ដែក​ថែប​របស់​កម្ពុជា និង​ប្រសិន​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​មិត្ត​ចិន​លើ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង តើ​កម្ពុជា​មាន​វ៉ាក់សាំង​មក​ពី​ណា​ចាក់​ជូន​ប្រជាជន។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​និយាយ​មិន​តិច​ជាង ៣ ដង​ថា សូម​កុំ​បារម្ភ​ថា វ៉ាក់សាំង​មក​ពី​ប្រទេស​ណា តែ​ត្រូវ​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់។ ពាក្យ​នេះ​ត្រឹមត្រូវ​ណាស់​សម្រាប់​ប្រទេស​ជាច្រើន​នៅ​លើ​ពិភព​លោក»។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ករណី Messi និង Neymar ខុស​ពី​ប្រទេស​នានា​ត្រង់​ថា ពួក​គាត់​មាន​ជម្រើស​ច្រើន​គាត់​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ណា​ក៏​បាន ហេតុ​អ្វី​គាត់​ជ្រើស​យក​វ៉ាក់សាំង​របស់​ចិន​សម្រាប់​ចាក់​ទៅ​វិញ?

លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា៖ «ម្នាល​អ្នក​នយោបាយ​ប្រឆាំង​ស្ទើរ​ភ្លើង​ទាំង​ឡាយ គួរ​ខិតខំ​រៀន​សូត្រ​ឱ្យ​បាន​ប្រសើរ​ជាង​នេះ»៕