
ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ ២។ ហ៊ាន រង្សី
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចធ្វើការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលចំនួន ៧ ថ្ងៃទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ហើយការបិទនេះអាចនឹងបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នោះ។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ថ្ងៃចន្ទ ទី ២៦ ខែមេសានេះ បានបញ្ជាក់ថា ការបិទនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីម៉ោងសូន្យថ្ងៃទី ២៩ ខែមេសា រហូតដល់ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១។
សេចក្តីសម្រេចដដែលបានបញ្ជាក់ថា ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជាបីតំបន់ គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ហើយការកំណត់ភូមិសាស្រ្តនេះ ត្រូវបានធ្វើឡើងដោយសេចក្តីសម្រេចរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ សម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ នៃខេត្តកណ្តាល។
តំបន់ក្រហម សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍។ តំបន់លឿងទុំ សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ និងតំបន់ពណ៌លឿង សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដក្នុងសហគមន៍។
ជាមួយគ្នានេះដែរ តាមការឱ្យដឹងពីលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ «គ.ប.ខ» នឹងរៀបចំសន្និសិទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នេះ នៅព្រឹកថ្ងៃទី ២៧ ខែមេសា នៅទីស្តីការក្រសួងយុត្តិធម៌។
លោកថា សន្និសីទកាសែតនេះ នឹងមានការចូលរួមជាវាគ្មិនតំណាងដោយស្ថាប័នចំនួន ៥ រួមមាន ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ៕