ភ្នំពេញៈ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ ​នរោ​ត្តម ​សី​ហមុ​នី​ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​ត្រាស់​បង្គាប់​លុប​ឈ្មោះ​ឧត្តម​សេនី​យ៍​ត្រី​ ​គឹម​ ​រស្មី ​អត្តលេខ ​០១៧៨៩៣ ​នាយ​ទា​ហាន​ ថ្នាក់​ឧត្តម​សេនីយ៍​នៃ​កង​យោធ​ពល​ខេម​រ​ភូ​មិន្ទ​ ចេញ​ពី​ក្រប​ខ័ណ្ឌ​នៃ​កង​យោធ​ពលខេម​រ​ភូ​មិន្ទ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

​ក្នុង​ព្រះ​រាជ​ក្រឹត្យ​ឡាយ​ព្រះ​ហស្តលេខា​នៅ​​ថ្ងៃ​ទី ​៩​ ខែ​កុម្ភៈ​ត្រាស់​បង្គាប់​ថា​៖ ​«​សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន​ ​សែន​ ​នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​អនុ​វត្ត​ព្រះ​រាជ​ក្រឹត្យ​នេះ​ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះ​ហស្តលេខា​ត​ទៅ»។​

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ការលុប​ឈ្មោះ​លោក ​គឹម​ រស្មី​ ចេញ​ពី​ក្រប​ខ័ណ្ឌ​នៃ​កង​យោធ​ពលខេម​រ​ភូមិន្ទ​ ​មិន​ត្រូវ​បាន​មន្ត្រី​នៃ​រាជ​រដ្ឋា​ភិបាល​អះ​អាង​ពី​មូលហេតុ​ច្បាស់​លាស់​នោះ​ទេ​ ​ប៉ុន្តែ​ករណី​បែប​នេះ​បាន​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​​ក្រោយ​ពី​មាន​ការផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ​ជា​​វីដេ​អូ​ឃ្លីប​ក្នុង​ការរៀប​ចំ​ខួប​កំណើត​ ​ដោយ​លោក​ រស្មី​ ​បាន​ចែក​លុយ​ឱ្យ​កូនៗ​ចំនួន ​៥ ​នាក់​ដោយ​ក្នុង​ម្នាក់​ទទួល​បាន ​១០ ​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លើស​ពី​នេះ​លោក​ រស្មី​​ ថែម​ទាំង​លើក​ឡើង​អំពី​ទ្រព្យ​ស​ម្បត្តិ​ដ៏​ច្រើន​របស់​លោក​នៅ​មុខ​ចំណោម​អ្នក​ចូល​រួម។ ​​ក្រោយ​មក​ទៀត​លោក​ រស្មី​ ក៏​បាន​បង្ហាញ​រូប​ភាព​ផ្ទះ​​ដ៏​ស្កឹម​ស្កៃ​សាង​សង់​ពី​ឈើ​ប្រណីត​ ហើយ​ដែល​ធ្វើ​ឱ្យ​មហា​ជន​ចោទ​ជា​សំណួរ​នៅ​ក្នុង​ហ្វេស​ប៊ុក​ដែល​បាន​ចែក​ចាយ​ជា​សា​ធារ​ណៈ​ ​អំ​ពី​ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក​ គឹម​ រស្មី ​អាច​កេង​ប្រ​វ័ញ្ច​ពី​បទ​ល្មើស​ព្រៃ​ឈើ​ដែល​បន្ត​កើត​មាន​យ៉ាង​រ៉ាំ​រ៉ៃ​នៅ​ក្នុង​ខេត្ត​រតនគិរី។

​​មិន​យូ​រប៉ុន្មាន​នៅ​ថ្ងៃ​ដែល​ព្រះ​រាជក្រឹត្យ​ត្រាស់​បង្គាប់​លុប​ឈ្មោះ​លោក​ រស្មី​ ចេញ​ពី​ក្រប​ខ័ណ្ឌ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ លោក​នា​យ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​យ៉ាង​ខ្លី​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​ថា​៖ ​«​នេះ​ជា​ការ​វះ​កាត់​ប្រ​កប​​ដោយ​ការ​ឈឺ​ចាប់​។ នេះ​ជា​អភិ​​ក្រម​ទី ​៥ ​គឺ​ការ​វះកាត់»។

លោក​ ​ផៃ​ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​​ថា​ អភិ​ក្រម​ទី៥​ ​ប្រើ​សម្រាប់​វះ​កាត់​នៅ​ពេល​​​នេះ​​ គឺ​ជា​ការ​អនុ​វត្ត​ឡើង​សម្រាប់​មន្រ្តី​អស​ក​ម្ម​ ឬ​ពុក​រលួយ​ ​ដោយ​មិន​អាច​រង់​ចាំ​ឱ្យ​ពួក​គេ​ស្ម័គ្រ​ចិត្ត​កែ​ប្រែ​ខ្លួន​ទៀត​ឡើយ។

​លោក ​​ស៊ីផាន​ ​ថ្លែង​ថា​៖ ​«​ពាក់កណ្ដាល​អាណត្តិ​ហ្នឹង​គឺ​ជា​ខ្សែ​ប​ន្ទាត់​ក្រហម​មួយ​ចំ​ពោះ​ការ​វិនិ​ច្ឆ័យ​របស់​នាយក​រដ្ឋ​មន្ត្រី​ឬ​អង្គ​​ភាព​ដទៃ​ទៀត​ ស្ដី​អំ​ពី​ភាព​ស្ពឹក​​ស្រពន់​ ឬ​ភាព​មិន​ប្រក្រ​តី​របស់​មន្ត្រី​ទាំង​អស់​ហ្នឹង​ ដែល​សម្អាត​ចេញ​ពី​រដ្ឋ​បាល​របស់​លោក​ នេះ​ជា​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី»។

​​​លោក​ អេង​ ហ៊ី​ មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ដែរ​ថា​ ការ​បញ្ចប់​តួនា​ទី​ជា​មេ​​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​នៅ​ខេត្ត​រតន​គិរី​ គឺ​ជា​សិទ្ធិ​របស់​រាជ​​រដ្ឋាភិ​បាល​ដែល​អាច​ដាក់​ឬ​ដក​តំណែង ហើយ​មិន​មាន​ការ​ស៊ើប​អង្កេត​ឬ​ណែ​នាំ​អ្វី​ជា​មុន​នោះ​ឡើយ។​

លោ​ក​ ហ៊ី​ ថ្លែង​ថា​៖​ «​ព្រោះ​ការ​ដាក់​ហើយ​ នឹង​ការ​ដក​ជា​រឿង​ធម្មតា​តើ រដ្ឋា​ភិ​បាល​មាន​សិទ្ធិ​តើ​។ ​អត់​មាន​ត្រូវ​រក​មូល​ហេតុ​អី​ផង ​ព្រោះ​រដ្ឋាភិ​បាល​គាត់​មាន​សិទ្ធិ​អំ​ណាច​ក្នុង​ការ​តែង​តាំង​ឬ​ដក​ហូត​មុខ​តំ​ណែង»។​

ភ្នំ​ពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​ លោក ​គឹម​ រស្មី​ បាន​ទេ​កាល​ពី​ម្សិល​មិញ ប៉ុន្តែ​ស្រ្តី​ដែល​លើក​ទូរ​ស័ព្ទ​បាន​អះ​អាង​ថា​ ជាភ​រិ​យា​របស់​លោក​បដិ​សេធ​​ធ្វើ​អត្ថា​ធិប្បាយ។​

ទោះ​យ៉ាង​ណា​ក៏ដោយ ​មាន ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ចំនួន ​២ ​បាន​ចេញ​មុខ​អះ​អាង​ដោយ​ព្រមាន​​នឹង​ដាក់​ពាក្យ​បណ្ដឹង​​រៀង​ៗ​ខ្លួន​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទ្រព្យសម្បត្តិ​​របស់​អតីត​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី ​ក្រោយ​​ព្រះ​មហាក្ស​ត្រ​ត្រាស់​បង្គាប់​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ។

​លោក ប៉ែន​ ប៊ុណ្ណា​រ៍ ​មន្ត្រី​កម្ម​វិធី​ពង្រឹង​សិទ្ធិ​អំ​ណាច​សហ​គមន៍​មូល​ដ្ឋាន​នៃ​អង្គ​ការ​អាដ​ហុក​ ​និង​​លោក​ រស់​ សា​រ៉ុ​ម​ ប្រធាន​សមា​គម​ជយ​លាភី​បញ្ញា​ជន​កម្ពុជា​ ​បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា​ គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​ ​គឹម​ ​រស្មី​ ​អតី​តមេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​រតន​គិរី​ ដោយ​ដាក់​បន្ទុ​ក​សង្ស័យ​ពី​ទ្រព្យ​សម្បត្តិ​ដែល​បាន​សម្ញែង​ជា​សាធារ​ណៈ​នោះ​​ អាច​បាន​មក​ពី​ការ​រត់​ពន្ធ​ឈើ​ប្រ​ណីត​ចេញ​ទៅ​ប្រ​ទេស ​​វៀតណាម។

លោក​ ប៉ែន ​ប៊ុណ្ណា​រ៍ ​បាន​អះ​អាង​​ថា ​ការ​ដក​ឬ​ដាក់​មន្ត្រី​ណា​មួយ​​គឺ​ជា​​សិទ្ធិ​របស់​រដ្ឋា​ភិ​បាល​និង​មិន​មែន​ជា​ការ​ផ្ដន្ទា​ទោស​ឡើយ​ ហើយ​បើ​រដ្ឋា​ភិ​បាល​មិន​បាន​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​ទេ ​មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល ​និង​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ដាក់​ពាក្យ​ប្ដឹង​បរិហារ​ផ្លូវការ​ទៅ​តុលា​ការ​ចំពោះ​លោក​ គឹម​ រស្មី​ ពី​បទសង្ស័យ​ធ្វើ​ឱ្យ​បាត់​បង់​ធន​ធាន​ធម្មជាតិ។

លោក​ ប៊ុណ្ណារ៍ អះ​អាង​ថា​កាល​ពី​អំឡុង​ឆ្នាំ​ ២០១០​ មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ម្នាក់​ដែល​ស្រ​ឡាញ់​ធន​ធាន​ធម្ម​ជាតិ​ បាន​ចុះ​ទៅ​ស៊ើប​​អង្កេត​ផ្ទាល់​អំពី​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ខេត្ត​រតន​គិរី​ ហើយ​ក្រោយ​មក​បាន​ខ​ល​ទូរ​ស័ព្ទ​មក​ប្រាប់​លោក​ថា​ គ្រាន់​តែ​រយៈ​ពេល ​១ ​ខែ ​គឺ​សង្កេត​ឃើញ​រថ​យន្ត​យី​ឌុប​ដឹក​ឈើ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​ប្រហែល​ ៥០០​ ឡាន​ និង​ក្នុង​មួយ​រថ​យន្ត​អាច​ផ្ទុក​ឈើ​បាន​ចំនួន​ ១០០​ តោន។​ លោក​ ប៊ុណ្ណា​រ៍ បន្ថែម​ថា​ ​លើស​ពី​នេះ​ លោក ​គឹម​ រស្មី​ ក៏​ត្រូវ​បាន​រ​ក​ឃើញ​ពី​ការ​កាប់​បំផ្លាញ​ដី​ព្រៃ​ជាង ​១ ពាន់​ហិក​តា​ទៀត ​ស្ថិត​នៅ​ក្នុង​ស្រុក​កូន​មុំ​ដើម្បី​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​កាល​ពី​អំឡុង​ឆ្នាំ ​២០១៧។​

​​លោក ​ប៊ុណ្ណារ៍​ ​ថ្លែង​ថា៖ ​«​បើ​យើង​ដាក់​បណ្ដឹង​បរិហារ​ផ្លូវ​កា​រ​ យើង​នឹង​មាន​មេធា​វី​ ហើយ​យើង​អាច​ឆែក​សំណុំ​រឿង​គាត់​ (​គឹម​ រស្មី​)​ គាត់​នឹង​ឆ្លើយ​ដោះ​បន្ទុក​យ៉ាង​មេច​ តើ​គាត់​ពាក់​ព័ន្ធ​ហ្នឹង​មាន​អ្នក​ផ្សេង​ទៀត​ពាក់​ព័ន្ធ​អត់​?​។​ ​បណ្ដឹង​បរិហារ​ផ្លូវ​ការ​ចំពោះ​លោក ​គឹម​ រស្មី ​នឹង​ដាក់​ទៅ​តុលា​ការ​ខេត្ត​រតន​គិរី​មុន​ថ្ងៃ​ទី ​២៥​ ខែ​កុម្ភៈ​ នេះ​ ហើយ​ក្នុង​នោះ​គឺ​មាន​​ទាំង​ភ័ស្ដុតាង​ជា​ឯក​សារ​និង​រូប​ភាព​ដែល​បង្ហាញ​អំពី​គំនរ​ឈើ​ដូច​ភ្នំ​ដែល​គេ​ដឹក​ពី​រតន​គិរី​យក​ទៅ​ទុក​ក្នុង​ទឹក​ដី​វៀតណាម​ក្បែរ​ព្រំដែន»។​

​ខណៈ​លោក​ រស់​ សា​រ៉ុ​ម​ អះ​​អាង​ថា​ ការ​ដក​តំណែង​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ​ ជា​ពិសេស​នៅ​ពីក្រោយ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ខេត្ត​រ​តន​គិរី​នាំ​ចេញ​ទៅ​វៀតណាម។​

លោក ​សា​រ៉ុ​ម ​បញ្ជាក់​ថា​៖​ «​ការ​សង្ស័យ​ទាំង​នេះ​គឺ​បាន​ដាក់​បញ្ចូល​​រួច​ហើយ​ទៅ​ក្នុង​ពាក្យ​បណ្ដឹង​ ដែល​​ត្រៀម​យក​ដាក់​ទៅ​ខាង​អង្គភាព​ប្រឆាំង​អំ​ពើ​ពុ​ក​រលួយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ទៀត​នេះ ​ដើម្បី​ស៊ើប​អង្កេត​ស្វែង​រក​ការ​ពិត​ជូន​ប្រជា​ពលរដ្ឋ»​។

​លោក​ ​ថ្លែង​បន្ត​​ថា៖ «​យើង​ធ្លាប់​មាន​ឯក​សារ​ពាក់​ព័ន្ធ​ជាមួយ​គាត់​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​នាំ​ឈើ​ពី​រតន​គិរី​ចេញ​ទៅ​វៀតណាម​ ដែល​មាន​មេ​ការ​ម្នាក់​​ឈ្មោះ​ថា​​លោក​ វ៉ៃ ​អ៊ី​ចឹង​យើង​អត់​ដឹង​ថា​ តើ​គាត់​ពាក់​ព័ន្ធ​នឹង​រឿងឋ ​(​ដឹក​ឈើ​ចេញ​ទៅ​វៀតណាម​) ហ្នឹង​​ឬ​​អត់​ទេ។​ អ៊ីចឹង​យើង​ចង់​ឱ្យ​គាត់​បំភ្លឺ​អំពី​ភាព​ស្អាត​ស្អំ​របស់​គាត់​ កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​ផ្សេង​ទៀត​ ​ហើយ​បើ​​គាត់​ស្អា​តស្អំ​មែន​អា​ហ្នឹង​គាត់​ជា​វីរ​បុរស​ហើយ»។​ ​​

ភ្នំ​ពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់​ទង​​លោក​ ឱម​ យុិន​ទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទេ៕​