ភ្នំពេញៈ​ នាយ​ឧត្តមសេនីយ៍​ផ្កាយ ៤ ​លោក​ ធឹម សុផា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុងនៃ​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ និងរិះគន់​ របស់​ប្រធាន​គណ​បក្ស​ខ្មែរ​ក្រោកដែលថា ​លោក​បាន​កេណ្ឌ​សែស្រឡាយ​បក្ខពួក​គ្រួសារ​និយម​ រហូត​ដល់​ជាង​ ២០ ​នាក់​ឲ្យមកកាន់​តួនាទី​នៅក្នុង​អគ្គនាយកដ្ឋាន​សវ​នកម្ម​ ដោយ​លោក​ចាត់ទុកថា ​ជាការមួលបង្កាច់​ និង​ជាការបំពុល​សង្គម។

ការបដិសេធ​របស់​លោក ​ធឹម សុផា ​បានធ្វើឡើង​ខណៈដែល​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​មហាផ្ទៃ​បាន​និង​កំពុង​ស៊ើប​អង្កេត ទៅ​លើ​នាយ​នគរបាល​ជាន់ខ្ពស់​រូបនេះ ​ដោយសារតែ​លោកត្រូវ​បានលោកវ​ឌ្ឍនាសារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ​ចោទប្រកាន់​លោក​ផ្កាយ ៤ ​ធឹម សុផា ​បាន​កេណ្ឌ​សែស្រឡាយ​បក្ខពួក​គ្រួសារនិយម​ រហូតដល់​ ២២ នាក់ ​ឲ្យ​មកកាន់​ការងារ​ តួនាទី​នៅក្នុង​អគ្គ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុងនៃ​ក្រសួង​មហា​ផ្ទៃ ​ក្រោម​ការដឹកនាំ​របស់​លោក។

លោក ធឹ​ម សុ​ផា ​បានប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ ​ពីម្សិល​មិញថា​ ការរិះគន់​ដោយគ្មាន​មូលដ្ឋាន​ច្បាស់លាស់​ និង​មិនត្រឹមត្រូវ​ដោយ​សារ​តែ​មានមន្ត្រី​របស់​លោក​ដែលមិន​សប្បាយ​ចិត្ត ​ជាមួយនឹង​លោក​ដែលបាន​ព្យាយាម​មួល​បង្កាច់។

លោក​បញ្ជាក់​ថា​៖ «វា​មិន​មាន​ច្បាប់​ណា​ដែលចែង​ថា​ មិនឲ្យ​យក​សែលោ​ហិត​ចូល​ធ្វើការ​ទេ។ វា​ជាការមួល​បង្កាច់។ ​ព័ត៌​មាន​យ៉ាង​ដូច្នេះ​យូរទៅ​វានឹង​សាប​ដោយសារតែ​ពាក្យ​វា​មិនពិត​ហើយ​មិនគួរ​ប្រើ​បំពុល​សង្គម​ដូច្នេះ​ទេ»។

លោក​បញ្ជាក់ថា ​លោក​មាន​កូន ៣ នាក់​ដែលក្នុងនោះ​មាន​កូន​ប្រសារ​ម្នាក់ ​ហើយមាន​ប្អូន​ជីដូនមួយ ៣ នាក់ ​និង​ដន្លងមួយ​ផង​ដែរ ​បាននិង​កំ​ពុង​​បម្រើ​ការងារ​នៅ ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ​នៃ​ក្រសួង​មហាផ្ទៃ ​ដែល​លោកថា អ្នក​ទាំង​អស់​នោះ​សុទ្ធតែ​ត្រូវបាន​ជ្រើសរើស​តាម​លក្ខន្តិកៈ ​និង​គោល​ការណ៍​ក្រសួង​មហាផ្ទៃ។

លោក​ សក់ សេដ្ឋា ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ទី ៣​ ខែកុម្ភៈ ​ថា ​រដ្ឋមន្ត្រី​ក្រសួង​មហា​​ផ្ទៃ​លោក ស​ ខេង បាន​ប្រាប់​ឲ្យ​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​មហាផ្ទៃ​ធ្វើការ​ស៊ើប​អង្កេត​ ទៅលើ​ករណី​ដែលបាន​ចុះផ្សាយ​ ដោយបាន​ចោទ​ទៅលើ​លោក ធឹ​ម សុ​ផា ​នោះ។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ស្រាវជ្រាវ​ហើយ ​យើង​នឹងធ្វើការ​ផ្ទៀងផ្ទាត់​មើល​ថា​តើ​វា​មាន​បញ្ហា​មិន​ប្រក្រតី​កន្លែង​ណាខ្លះ​ពីអ្វី​ដែល​ចុះផ្សាយ​នាពេល​កន្លង​មកវា​ជា​ព័ត៌​មាន។ ​ការស្រាវជ្រាវ​នេះ​មិនមែន​ធ្វើឡើង​តាម​សំណើ​អី​ទេ​តែ​ដោយសារ​តែមាន​កា​រ​លេ​ច​ឮ​ព័ត៌មាន»។

លោក​ថា​៖ «យើង​ស្រាវជ្រាវ​ថា​តើ​ការ​តែងតាំង ​និង​ការទទួលបាន​តួ​នាទី​របស់​គាត់​ហ្នឹង​​ធ្វើតាម​លក្ខ​ន្តិកៈ​ និង​គោល​ការណ៍​ (ក្រសួង​មហាផ្ទៃ)ដែរ ​ឬ​អត់។ ​ប្រសិន​បើ​ការតែងតាំង​ឬ​ការទទួល​តំណែង​នោះ​ធ្វើតាម​លក្ខ​ន្តិកៈ​ និង​គោលការណ៍ វា​ជា​រឿង​ធម្មតាទេ​ ដោយសារ​គ្មានច្បាប់​ណា​ថា​មិន​ឲ្យ​ឪពុក​និង​កូន (ធ្វើការ​ជាមួយ​គ្នា) »។

កាលពី​ថ្ងៃ​ទី ៣១ ​ខែមករា​ លោក វ​ឌ្ឍ​នា សារ​ពង្ស​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ​និងជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ​បាន​បង្ហោះ​នៅលើ​ហ្វេស​ប៊ុក​ផ្លូវការរបស់​លោកថា​ ករណី​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ៤ ធឹ​ម សុ​ផា ​ក្រសួង​មហាផ្ទៃ ​ត្រូវ​ទប់ស្កាត់ ​និង​ត្រូវ​ធ្វើ​ការ​លុបបំបាត់​​វប្បធម៌​សែស្រ​ឡាយ​និង​គ្រួសារនិយម​ដើម្បី ផ្ដល់ឱកាស​ដល់​ពលរដ្ឋ​ទូទៅ។ ​ ​

លោក​ក៏បាន​បង្ហោះ​រិះគន់​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ​ ថា ទោះបី​ជា កូន​អ្នក​ក្រ​ខិតខំ​ប្រឡង​ជាប់​ក៏​ធ្លាក់​ដែរ​ដោយសារ​តែ​ខ្លួន​គ្មាន​សែស្រ​ឡាយ​ ធ្លាក់​ខណៈពេល​ដែល​កូន​អ្នកមាន ​ទោះបី​ប្រឡង​ធ្លាក់ក៏​ជាប់​ដែរ ​ដោយសារ​តែ​ខ្លួន​មាន​សែ​ស្រ​ឡាយ។

លោក​បញ្ជាក់​ថា​៖ «កូន​អ្នកមាន​ខ្សែ​ប្រឡង​ធ្លាក់​ក៏​ជាប់ ​កូន​អ្នកក្រ​ប្រឡង​ចង់​ងាប់​ទោះ​ត្រូវ​ជាប់​ក៏​ធ្លាក់។ ការបង្កើត ​ពូជ​និយម​ក្នុង​ជួរ​មន្ត្រី​រាជការ​ជាការ​បិទ​ឱកាស​យុវជន​ដែ​ល​មាន​បំណង​​ចូលរួម​បម្រើ​ជាតិ»៕