ភ្នំពេញៈ លោក វង សូត រដ្ឋ​មន្រ្ដី​​ក្រ​សួង​សង្គម​កិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា​បា​ន​អះអាង​ថា ​ការ​អនុវត្ត​កម្ម​វិធី​ផ្តល់​សាច់​ប្រាក់​ជូន​ពល​រដ្ឋ​​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយ​សាររង​ផល​ប៉ះពា​ល់​នៃ​ជំងឺកូ​វីដ ១​៩ ដំណើរការ​បាន​ជាង ​៨០% ​ហើយ​លើ​ចំនួន​ពល​រដ្ឋ​ជាង ​៥៦ ​ម៉ឺន​គ្រួសារ ​បន្ទាប់​ពី​ចាប់​អ​នុ​វត្ត​បាន​ ១​ សប្ដាហ៍ ​​ខណៈ​ភាព​មិ​ន​ប្រក្រ​តី​ត្រូ​វ​បា​នដោះស្រា​យ។

ការ​បញ្ជាក់​របស់​លោក វង សូ​ត បែ​បនេះ​​បាន​ធ្វើ​ឡើ​ង​នៅ​​ក្នុង​សន្នី​ទ​សារ​ព័​ត៌មា​ន​ស្តី​ពី «​វឌ្ឍ​នភាព​បព្ហា​​ប្រឈ​ម ភាព​មិ​នប្រ​ក្រ​តី​និង​ការតវ៉ានៃ​កម្ម​វិធី​ផ្តល់​សាច់​ប្រាក់​ជូន​ប្រជា​ពល​រដ្ឋ​ដែ​ល​មាន​ជីវភាព​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ដោយ​សារ​ផល​ប៉ះពា​ល់​នៃ​ជំងឺកូ​វីដ ១​៩​» នៅ​ទីស្តី​ការ​ក្រ​សួង​សង្គម​កិច្ច​​នៅ​ថ្ងៃ​ទី​ ២ ​កក្ក​ដា នេះ។

លោក​បាន​ថ្លែង​ថា​៖ «​ពេល​នេះយើង​​ដំណើរកា​រ​​អនុ​វត្ត​កម្មវិ​ធី​ឧប​ត្ថម្ភសាច់​ប្រា​ក់ជូ​នព​ល​រ​ដ្ឋក្រី​ក្រ និង​ងាយ​​រង​គ្រោះ​ក្នុង​អំ​ឡុង​ពេល​​កូវីដ​ ១៩​ នេះបា​ន​ជាង​ ៨០% ​ហើយ​លើ​ចំនួ​នព​ល​រដ្ឋ​ជាង ៥៦ ២៦៨៦​ គ្រួសា​រនៅទូទាំ​ងប្រទេស…»​។

លោក​បាន​រំពឹង​ថា យ៉ា​ង​យូរ​ក្នុង​រង្វង់​ ១ សប្ដាហ៍​ទៀត ​​ពលរដ្ឋ​ដែល​ជាក្រុម​គោល​ដៅ​ក្នុ​ង​ការ​ទទួល​បាន​សាច់​ប្រាក់​ឧត្ថម្ភនេះ នឹង​ទទួល​បាន​រួ​រាល់​ទាំង​អស់ហើយ​។ ចំពោះភាព​មិ​នប្រក្រតី​មួយចំនួន​ដែល​បាន​កើត​មាន​ក្នុង​អំឡុង​ពេល​អនុវត្ដ​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ នេះជា​ក​រណី​​​តិច​តួច​បំផុត​បើ​ធៀប​ទៅនឹ​ង​ប្រ​សិទ្ធ​ភាព​ និង​លទ្ធផល​​ដែល​ទទួ​ល​បាន​។

លោក វង សូត បន្តថា ប៉ុន្ដែ​អ្វីដែល​គួរ​ចាប់​អារម្មណ៍កា​ល​ពីម្សិល​​ម៉្ងៃ គឺហ្វេស​ប៊ុក​របស់​លោកនា​យក​រដ្ឋ​មន្រ្ដី​ បាន​ក្រើន​​រំឭក​មុន​បង្អស់​ទាក់​ទិ​ន​នឹង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ក៏​ដូច​​ជា​ភូមិដែល​ជាអ្នក​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​ផ្ទាល់​ គឺ​មិន​អាចធ្វើ​​ដោយ​​បន្លំឬប​ក្ខពួក​បង​​ប្អូន​ហើយ​​​ចេះ​តែ​ដាក់​ឲ្យ​ទទួល​សាច់​ប្រាក់​ឧបត្ថម្ភ​បាន​ទេ​។ ប្រ​សិន​បើ​មាន​ករណី​បែប​នេះនឹ​ង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ដោយ​មិន​លើក​លែងទេ​។

​លោក​បន្ដថា​៖ «នេះ​ជាសារ​​មួយ​ដ៏មាន​សារៈ​សំខា​ន់​សម្រាប់​​រំឭក​ដល់​មន្រ្ដី​របស់​យើងដែ​ល​ពាក់​ព័ន្ធ​ក្នុង​នោះ ​គឺ​​មន្រ្តី​នៅ​មូលដ្ឋាន​ផ្ទាល់​ជាមួយ​ប្រជាពល​រដ្ឋចៀស​​វាង​កុំ​ឱ្យ​ទៅ​ប៉ះពារ​​​ដល់​ផល​ប្រយោ​ជន៍​របស់​ប្រជា​ពលរដ្ឋ​។ ការ​ផ្ដល់​​នូវ​អត្ថ​ប្រយោជ​ន៍​​ដល់​ប្រជាព​លរដ្ឋ​ គឺ​ដោយ​មិន​មាន​ការ​កាត់​កង​ឬបង់​សេវា​អ្វី​ទាំង​អស់​»។

បើតាមលោក វង សូត បញ្ហា​មិន​ប្រក្រតី​នៃ​ការ​អនុវត្ដនីតិ​វិធី​ការ​ផ្ដល់​សាច់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្នុង​​ ១ សប្ដាហ៍ គឺមាន​​នៅ​ខេត្ដ ព្រៃវែង កំពង់​ឆ្នាំង បន្ទាយ​មាន​ជ័យ។ ប៉ុន្ដែ​​ក៏បាន​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ដើម្បី​តម្រង់​ទិស​លើ​គោល​ដៅ​រួច​រាល់​ហើយ​។

លោក​រដ្ឋ​មន្រ្ដី​​បាន​ឱ្យ​ដឹងថា ចំពោះ​ការ​ឆ្លើតប​នឹង​បញ្ហា​នេះគឺក្រសួង​សង្គម​កិច្ច ក្រសួង​ផែនការ និង​ក្រសួង​​ពាក់ព័ន្ធ​បាន​រៀបចំ​ជា​ប្រព័ន្ធមួយ​ដើម្បី​ឆ្លើយ​តប​ឱ្យ​ទាន់​ពេល​វេលា​​។ លោក​ថា៖ «បច្ចុប្បន្ន​គ្មាន​អ្វី​កើត​ឡើង​ជា​ឧប​សគ្គ​ឡើយ​ប្រ​ព័ន្ធ​ដែល​បាន​រឿបចំ​នេះបើ​មាន​បញ្ហា​អ្វីយើង​ឆ្លើយ​តប​គ្នា​តាម​ប្រព័ន្ធ​នេះ​តែម្ដង​តាំង​ពីក្រុម​ជន​បង្គោល​ដែល​គាត់​មាន​​កាន់ (tablet) គឺពួកគាត់​អាច​រាយ​ការណ៍​មក​បាន​​គ្រប់​ពេល​»។

កាលពីថ្ងៃទី ២៤ ខែមិថុនា រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកាជា​តិ​ប្រមាណ​ ១២៥​ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​ពល​រដ្ឋ​មាន​ជីវភាព​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ក្នុង​អំឡុង​ពេល​មាន​ជំងឺកូ​វីដ​ ១៩ ចំពោះ​​​ពល​រដ្ឋ​គោលដៅ​ប្រមាណ​ជាង​ ៥៦​ ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​។

កាលពី​ថ្ងៃ​ទី ៣០ ខែ​មិថុនា ​លោក​នាយក​​រដ្ឋ​មន្រ្ដី​ ហ៊ុន សែ​ន​ បាន​​ប្រកាស​​សាជា​ថ្មី​ក្រោយ​ដាក់​ឱ្យ​ប្រើជាផ្លូ​វកា​រនូ​វក​ម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់នេះ​ថា ការ​ងារ​នេះ​គឺ​ត្រូ​វពឹ​ងផ្អែ​កស្ទើរតែ​ទាំង​ស្រុង​លើ​អា​ជ្ញាធ​រមូ​លដ្ឋា​នគឺមេ​ភូមិ និង​​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​​ ​ដោយ​​ត្រូវចៀស​វាង​ដាច់​ខាត​នូវ​ការ​ឃុំឃិ​តគ្នា​ដាក់​​បញ្ចូល​សាច់​ញាត្តិ​​ខ្លួន​ឯង​ដែល​មិន​មែន​ជា​គ្រួសា​រ​ក្រីក្រនិង​ងាយ​រង​គ្រោះ​ពិត​ប្រាកដ​ដើម្បី​ទទួល​បាន​នូវប្រាក់ឧ​បត្ថ​ម្ភនេះ។​

លោកថ្លែង​ថា​៖ «ខ្ញុំ​នឹង​ចាត់​វិធា​ន​ការក្តៅ​ហើយ​នឹង​មិន​មាន​ការ​លើក​លែង​ឡើយ​ ប្រសិន​​បើរ​ក​ឃើញ​ថា​នៅ​ក្នុង​ភូមិ ​និង​ឃុំ/​សង្កាត់​មួយ​ណា​មាន​ករណី​មិន​ប្រក្រ​តីនេះ​កើត​មាន​ឡើង​»។

លោក ថេង បញ្ញា​ធន ​អគ្គ​នាយក​ផែន​ការ​នៃ​ក្រសួង​ផែន​ការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅថ្ងៃទី​២​កក្កដានេះ​ថា ​គម្រោង​ធ្វើ​បច្ចុប្បន្ន​ភាព​គ្រួសា​រ​ក្រីក្រ​លើក​ទី ​២​ ចំ​នួន​ប៉ុ​ន្មាន​ម៉ឺ​ន​គ្រួ​សា​រ​ទៀត​ដែ​ល​ត្រូ​វប​ញ្ច​ប់​នៅ​ចុង​ខែ​មិថុនា ​គឺត្រូវ​ពន្យា​​រពេល​តែ​នឹង​ត្រូ​វ​ប្រ​កា​សនៅ​ថ្ងៃ​ ៧​ កក្កដា​។

លោកថា៖ «​យើង​បាន​ពិភាក្សា​គ្នាផ្លូ​វការថា​នឹ​ង​អាច​បញ្ជូ​ន​តួលេ​ខ (​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ចំនួន​គ្រួសារ​ក្រី​ក្រ​លើក​ទី២) ​ទៅ​ក្រ​សួង​​សេដ្ឋ​កិច្ច​ និង​ក្រសួង​ស​ង្គម​កិច្ច​នៅ​ថ្ងៃទី​ ៧​ ឬថ្ងៃទី​ ៨ក ក្កដា»៕