The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោកស្រី​ស្ម៊ីត​ជជែក​ជាមួយ​លោក ស ខេង ​ពី​ការ​រឹតត្បិត​សិទ្ធិ​សង្គម​ស៊ីវិល

លោកស្រី​ស្ម៊ីត​ជជែក​ជាមួយ​លោក ស ខេង ​ពី​ការ​រឹតត្បិត​សិទ្ធិ​សង្គម​ស៊ីវិល

Content image - Phnom Penh Post
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោកស្រី រ៉ូណា ស្ម៊ីត ក្នុង​ជំនួប​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ហេង ជីវ័ន

លោកស្រី​ស្ម៊ីត​ជជែក​ជាមួយ​លោក ស ខេង ​ពី​ការ​រឹតត្បិត​សិទ្ធិ​សង្គម​ស៊ីវិល

ភ្នំពេញៈ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​លោកស្រី រ៉ូណា ស្ម៊ីត កាលពី​ម្សិលមិញ​បាន​លើក​យក​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល និង​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​មក​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ​បន្ទាប់ពី​លោកស្រី​បាន​លើក​បញ្ហា​ជម្លោះ​ដីធ្លី​ទៅ​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។

ក្នុង​ជំនួប​បិទទ្វារ​រយៈពេល​ប្រហែល ២ ម៉ោង​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​រវាង​លោកស្រី រ៉ូណា ស្ម៊ីត និង​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង លោកស្រី ស្ម៊ីត ​បាន​ស្វាគមន៍ និង​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​ការអនុវត្ត​របស់​រដ្ឋាភិបាល និង​ក្រសួង​នាពេល​ថ្មីៗ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ​បន្ថែម​។ នេះ​បើ​តាម​លោក ផាត សុផានិត អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​។

លោកស្រី រ៉ូណា ស្ម៊ីត ក៏​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​មុន​ចូល​ទៅ​ក្នុង​រថយន្ត​ថា​៖ «​យើង​ពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន​ដែល​ភាគច្រើន​ជា​បញ្ហា​ទាក់ទង​ជាមួយ​ក្រសួង​មហាផ្ទៃ​រួមមាន​ការបើក​ទូលាយ​សម្រាប់​សង្គម​ស៊ីវិល​។ យើង​ពិភាក្សា​រឿង​ចង្អៀត​នៅ​ពន្ធនាគារ បញ្ហា​វឌ្ឍនភាព​ទៅ​លើ​ច្បាប់​អត្តសញ្ញាណ និង​សញ្ជាតិ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ដូច្នេះ​យើង​បាន​ពិភាក្សា​លើ​បញ្ហា​យ៉ាង​ច្រើន​ដែល​ក្រសួង​មហាផ្ទៃ​គ្រប់គ្រង​ធ្វើ ហើយ​និង​បញ្ហា​ដែល​ក្រសួង​មហាផ្ទៃ​បាន​ពិភាក្សា​ពី​មុន​»​។

លោកស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​សួរ​គាត់​អំពី​វិធានការ​ផ្សេងៗ​ដែល​គាត់​អាច​ធ្វើ និង​យុទ្ធនាការ​ផ្សេង​ទៀត​ដែល​គាត់​អាច​ធ្វើ និង​វិធីសាស្ត្រ​ដែល​គាត់​បាន​ពិភាក្សា​ជាមួយ​ខ្ញុំ​កាលពី​មុន​។ យើង​បញ្ជាក់​ពី​ច្បាប់​ផ្សេងៗ និង​គោលនយោបាយ​ផ្សេងៗ​ទៀត​»​។

លោក សុផានិត បាន​ប្រាប់​អ្នក​កាសែត​ថា​លោក ស ខេង បាន​ប្រាប់​លោកស្រី​ ស្ម៊ីត ថា​ក្រុម​ការងារ​ដែល​រដ្ឋាភិបាល​បាន​បង្កើតឡើង​នឹង​រៀបចំ​វេទិកា​ជួបជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ជជែក​ពិភាក្សា​ពី​ក្តីបារម្ភ និង​បញ្ហា​ផ្សេងៗ​របស់​ពួកគេ​ដោយសារ​តែ​កន្លងមក​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​តែងតែ​បាន​លើក​ឡើង​ថា​មាន​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពួកគេ ដូច្នេះ​វេទិកា​នេះ​គឺ​ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទាំងនោះ និង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​រដ្ឋាភិបាល​។

លោក​បញ្ជាក់​ថា​៖ «​សម្តេច​ក្រឡាហោម​បាន​ជម្រាប​លោកស្រី ស្ម៊ីត ថា​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ និង​ដើម្បី​ផ្សារភ្ជាប់​ភាព​ជា​ដៃគូ​ការធ្វើ​កិច្ចការ​ជាមួយ​គ្នា ដើម្បី​សង្គម​គឺ​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ធ្វើការ​ដោះស្រាយ​ការងារ​ផ្សេងៗ ដែល​ជា​ក្តីបារម្ភ ឬ​ក៏​មតិ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សកម្មភាព​របស់​ពួកគាត់​។ ប្រសិន​បើ​គាត់​មាន​បញ្ហា​អ្វី ពួកគាត់​អាច​ដាក់​ជា​សំណួរ ឬ​មតិ​ផ្សេងៗ​ពាក់ព័ន្ធ​ និង​ការអនុវត្ត​សកម្មភាព​របស់​ពួកគាត់​មក​ក្រុម​ការងារ​ដើម្បី​ជជែក​ពិភាក្សា​ទាំងអស់​គ្នា​»​។

លោក​បន្ថែម​ថា​៖ «​លោកស្រី រ៉ូណា ស្ម៊ីត បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើត​ឲ្យ​មាន​ការ​ផ្សារភ្ជាប់​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ NGO តាមរយៈ​ការបង្កើត​វេទិកា ដូចជា​ការចេញ​នូវ​សេចក្តី​ជូន​ដំណឹង​ថ្មី​កាលពី​ខែ​តុលា​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់ និង​ធ្វើឲ្យ​សង្គម​ស៊ីវិល​និង អង្គការ NGO គាត់​មាន​ទំនុកចិត្ត​ក្នុង​ការ​អនុវត្ត​សកម្មភាព​របស់​គាត់ ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍ​សង្គម​កម្ពុជា​»​។

បើ​តាម​លោក​ សុផានិត លោក ស ខេង បាន​ប្រាប់​លោកស្រី​ ស្ម៊ីត​ ​ថា បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​ប្រឈម​របស់​សង្គម​កម្ពុជា​ហើយ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន បញ្ហា​នេះ​គឺ​នឹង​រាលដាល​នៅ​ក្នុង​សង្គម ហើយ​ក៏​ជា​ការ​ទទួល​ខុសត្រូវ​ធំ​របស់​រដ្ឋាភិបាល​។ នៅពេល​បង្ក្រាប អាជ្ញាធរ​តែង​ចាប់​ខ្លួន​ដែល​កត្តា​នេះ​ធ្វើឲ្យ​ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ​មាន​ការ​កើនឡើង​ខ្ពស់ និង​ធ្វើឲ្យ​ចង្អៀត​ណែន​។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «​ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ​គឺ​ខិតខំ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ពន្ធនាគារ​បន្ថែម​នៅ​តាម​ខេត្ត ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​រំលែក​បន្ទុក​ពន្ធនាគារ​នៅ​ភ្នំពេញ​ក៏​ដូចជា​ពន្ធនាគារ​ណា​ដែល​មាន​ភាព​ចង្អៀត​ណែន​ខ្លាំង​គឺ​យើង​អាច​ជួយ​រំលែក​បន្ទុក​នោះ​បាន ហើយ​មួយ​ទៀត​សម្តេច​ថា​យើង​គួរ​មាន​កិច្ចប្រជុំ​មួយ​ដើម្បី​ធ្វើការ​រួម​គ្នា​ដោះស្រាយ​ការឃុំ​ខ្លួន​មុន​កាត់​សេចក្តី​នៃ​អ្នក​ជាប់ឃុំ​មួយ​ចំនួន​»​។

ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​ស្រី​ ស្ម៊ីត ​ក៏​បាន​លើកឡើង​ពី​បញ្ហា​បំផ្លាស់​ទី​ជនជាតិ​វៀតណាម​ជាង ២ ​ពាន់​គ្រួសារ​ចេញ​ពី​តំបន់​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ ក្រោយពី​លោកស្រី​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទី​នោះ​។

ឆ្លើយតប​ទៅ​នឹង​កង្វល់​នេះ​លោក សុផានិត ថ្លែង​ថា​លោកស្រី​ ស្ម៊ីត ​បាន​បារម្ភ​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​ដោយ​ខ្លាច​ថា​រឿង​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​ការរំលោភបំពាន​លើ​សិទ្ធិមនុស្ស​។ ប៉ុន្តែ​លោក ស ខេង ​បាន​ជម្រាបជូន​លោកស្រី​វិញ​ថា ករណី​នេះ​គឺជា​ការអនុវត្ត​តាម​នីតិវិធី​ច្បាប់​ដើម្បី​កែលម្អ​បរិស្ថាន និង​អនាម័យ​។

លោក​បញ្ជាក់​ថា​៖ «​វា​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដែល​គាត់​កំពុងតែ​រស់នៅ​ហ្នឹង​ទេ តែ​នៅ​ក្រោម​ទន្លេ​ហ្នឹង​វា​ក៏​ជួប​នឹង​បញ្ហា​អនាម័យ និង​បរិស្ថាន​ផ្សេងៗ​ទៀត​ដែរ​។ ចំពោះ​រឿង​សិទ្ធិមនុស្ស​ដែល​គាត់​លើកឡើង​ហ្នឹង សម្តេច​ថា​ការអនុវត្ត​អ្វីៗ​កន្លង​មក​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​គឺ​យើង​ធ្វើ​ដោយ​ការយក​ចិត្ត​ទុកដាក់​ណាស់ ដោយ​មិន​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​រឹបអូស​ស្អីៗ​ហ្នឹង​ទេ អ្វីៗ​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់ ដើម្បី​ធ្វើ​យ៉ាងណា​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​»​។

កាល​ថ្ងៃ​អង្គារ​លោកស្រី រ៉ូណា ស្ម៊ីត បាន​លើក​យក​បញ្ហា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ និង​លទ្ធភាព​នៃ​ការទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​មក​ជជែក​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​។

តាម​គម្រោង​លោកស្រី ស្ម៊ីត នឹង​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១១ ថ្ងៃ​របស់​លោកស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល​មុន​នឹង​លោកស្រី​ចាកចេញ​លោកស្រី​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​ដើម្បី​បង្ហាញ​ពី​ការរកឃើញ​របស់​លោកស្រី​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​មុន​នឹង​ដាក់​របាយការណ៍​អំពី​ការរកឃើញ​របស់​លោកស្រី​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​៕

អត្ថបទគួរចាប់អារម្មណ៍