ភ្នំពេញ៖ លោក​ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និងជាប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ សម្រាប់​ការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស (គ.វ.ក-១៩)​ បាន​ណែនាំ​​និង​បញ្ជា​ដាច់ខាត​ ទៅ​ដល់​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​នៅតាម​​ក្រសួង​នីមួយៗ មិន​ត្រូវ​អនុញ្ញាត​យក​បុគ្គលិក​ផ្សេង ក្រៅ​ពី​មន្រ្តី​រាជ​ការស៊ីវិល ដែលស្ថិតក្នុង​ក្រសួង​សាម៉ី​ ​​មក​ចាក់​វ៉ាក់​សាំ​ងឡើយ​។

យោង​តាម​សារ​សំឡេង​ នៅ​រសៀល​ថ្ងៃ​ទី០៤ ខែ​មេសា ឆ្នាំ​២០២១​នេះ ​លោក​ស្រី​ឱ វណ្ណឌីន​ បាន​បញ្ជាក់ថា ​ការមិន​អនុញ្ញាត​ឱ្យ​យក​អ្នក​ផ្សេង​ក្រៅ​ពី​មន្រ្តី​របស់​ក្រសួង​ ដោយសារ​ក្រសួង​នីមួយៗ​ បាន​ធ្វើ​បញ្ជីឈ្មោះ​​បញ្ជូន​មក ​គ.វ.ក-១៩ ដែល​ប្រ​ធា​ន​ស្ថាប័ន​ បាន​ផ្ញើ​មកដើម្បី​ធ្វើ​ការ​បែងចែក​វ៉ាក់សាំង​(Vaccine Allocation)​ ដែល​វ៉ាក់សាំង​សម្រាប់​ក្រសួង​ស្ថាប័ន​មួយៗគឺ​ត្រូវ​បាន​ចែកជូន​អស់​ហើយ។

លោកស្រី​ ឱ វណ្ណឌីន ​មានប្រសាសន៍​ថា ៖ «ដូច​ក្រសួង​ដែន​ដីនគរូប​នីយកម្ម និង​សំណង់​បាន​ចាក់​លើស​ចំនួន​ដែល​ក្រសួង​នេះបាន​ស្នើ​សុំមក ដែល​នេះជា​បញ្ហាដែល​យើង​មិន​មាន​វ៉ាក់សាំង​សម្រាប់​ផ្តល់ជូន​អ្នកចាក់​លើកទី​២ ប្រសិន​បើ​ក្រសួង​នីមួយៗ​ ចេះតែយក​បុគ្គល​ផ្សេង​ ដែល​មិនមែន​ជាបុគ្គលិក​របស់ខ្លួន មកចាក់​នោះ​ ធ្វើ​ឱ្យ​ចំនួន​វ៉ាក់សាំង​ ដែល​យើង​គ្រោង​ផ្តល់​ឱ្យ​មន្រ្តី​រាជការ​នោះ​​ មិនមាន​វ៉ាក់​សាំង​គ្រប់​ចំនួន​ទេ​»។

លោក​ស្រី​បាន​បន្តថា វាជារឿង​ធំ​ណាស់ ដែល​ប្រធាន​អនុគណៈកម្មការ​ទាំងអស់​​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​មិន​មែន​ស្រួល​ដូច​ការគិត​នោះទេ​ ដោយ​សារវ៉ាក់សាំង​មានតែ ១,៥លាន​ដូស ដែល​គោលដៅ​ត្រូវ​ចាក់​គឺ​សម្រាប់តែ ​៧៤៥ ០០០ នាក់​ទេ ហើយ​១០ម៉ឺន​នាក់​ជា​កម្មករ-និយោជិត។

លោក​ស្រី​ឱ វណ្ណឌីនថា ៖ «ខ្ញុំ​អនុវត្ត​ន៍​ទៅតាម​ចំនួន​ដែល​ទទួល​បាន​ពី​សម្តេច​តេជោ ដូចនេះ​សុំ​ឯកឧត្តម លោកជំទាវ មិនត្រូវ​ថែម​បុគ្គលិក​ណា​​ផ្សេងទេ​ ហើយ​ចាប់​ពី​ស្អែក(៥មេសា​)ទៅ​សុំ​ឱ្យ​ក្រុម​ការងារ​ចាក់វ៉ាក់សាំង​ចុះត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​បំផុត​ ហើយ​ត្រូវផ្ទៀង​ផ្ទាត់​តាម​បញ្ជី​ដែល​យើង​មាន​ស្រាប់​ ប្រសិន​បើ​អ្នក​មកចាក់​មិន​ស្ថិត​ក្នុង​បញ្ជីគឺយើង​មិន​អនុញ្ញាត​ឱ្យ​ចាក់ទេ»។

មួយ​វិញ​ទៀត លោកស្រី​ឱ វណ្ណឌីន បាន​ស្នើ​ឱ្យ​ប្រធាន​អនុគណៈកម្មការ ​ត្រូវ​ធានាថា មន្រ្តី​បុគ្គលិក​របស់ខ្លួន​ គឺដល់​វេន​ដែល​ត្រូវ​ចាក់​គឺ​អនុញ្ញាត​ឱ្យ​ចាក់​ដោយ​មិន​ត្រូវ​យក​បុគ្គល​ផ្សេង​មក​ចាក់​នោះទេ​។

លោកស្រី​បញ្ជាក់​ថា ៖ «ប្រសិន​បើ​ប្រធាន​ស្ថាប័ន ​​មិន​អនុវត្តន៍​ទៅតាមគោលដៅ​ដែល​បាន​ដាក់​ចេញ គឺសុំ​ប្រធាន​អនុគណៈ​កម្មការនីមួយៗនេះ​ ត្រូវ​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខនាយករដ្ឋមន្រ្តី​​ ព្រោះ​យើងមិនត្រូវ​ចេះតែ​យក​អ្នក​នេះឬអ្នក​នោះ​​មក​ចាក់​នោះ​ទេ»៕