ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោ​ត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជ​ក្រឹត្យ​ ត្រាស់​បង្គាប់​តែង​តាំង​លោក​ស្រី ឈឹម ពៅ​សុកាន់ឌី ​ជា​អគ្គ​នាយិកា នៃ​អគ្គ​នាយកដ្ឋាន​វិទ្យុ​ជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌​មាន បន្ទាប់ពី​លោក ទន់ សា​រ៉ាត អគ្គ​នាយក​ចាស់​បាន​​ចូល​និវត្ដន៍។

លោក អ៊ុក គឹម​សេង អ្នក​នាំពាក្យ​ក្រសួង​ព័ត៌​មាន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​នៅ​ថ្ងៃ​ទី ៤ ខែ​កញ្ញា​​ថា ​ក្រសួង​ព័ត៌​មាន​បាន​ទទួល​ព្រះ​រាជ​ក្រឹត្យចុះ​ថ្ងៃ​ទី ២៤ ខែ​សីហា​ឆ្នាំ ២០១៨​នេះ​ហើយ ដោយ​​តែង​តាំង​លោក​ស្រី ឈឹម​ ពៅ​សុកាន់ឌី ជា​អគ្គនា​យិកា នៃ​អគ្គ​នាយក​ដ្ឋាន​វិទ្យុ​ជាតិ​កម្ពុជា​ ប៉ុន្ដែ​លោក​មិន​ទាន់​ដឹង​ថា ​ក្រសួង​នឹង​រៀបចំ​កម្ម​វិធី​តែង​តាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ណា​នោះ​ទេ។

លោក​ថ្លែង​ថា​៖«​យើង​មាន​ព្រះរាជ​ក្រឹត្យ​នេះ​ហើយ គ្រាន់​តែ​មិន​ទាន់​ធ្វើ​ពិធី​ចូល​កាន់​តំណែង​ ព្រោះ​ការចូល​កាន់​តំណែង​នេះ យើង​មាន​ប្រគល់​ត្រា​អី​។​ អ៊ីចឹង​យើង​អត់​ទាន់​ដឹង​ថា ​ឯក​ឧត្ដម​រដ្ឋមន្ដ្រី​ គាត់​កំណត់​នៅ​ពេល​ណា​ទេ»​។

លោក គឹមសេង បន្ថែម​ថា ការ​តែង​តាំង​អគ្គនាយិកា​វិទ្យុជាតិ​កម្ពុជា ថ្មី​នេះ ព្រោះ​អគ្គ​នាយក​ចាស់​គាត់​ត្រូវ​ចូល​និ​វត្ដន៍។ ​លោក ទន់ សារ៉ាត ជា​អគ្គ​នា​យក​ចាស់ បាន​ចូល​កាន់​តំណែង​កាល​ពី ថ្ងៃ​ទី ២៩ ​ខែ​ឧសភា ឆ្នាំ​២០១៥ ​បន្ត​ពី​លោក​តន់ យ៉ាន ដែល​ក៏​បាន​ចូល​និវត្តន៍​ដូច​គ្នា​ផង​ដែរ​។

លោក​ឲ្យ​ដឹង​ថា៖​«​លោក​អគ្គ​នា​យក​ចាស់ គាត់​ធ្វើ​ការងារ​នៅ​វិទ្យុ​ជាតិ​តាំង​ពី​ឆ្នាំ ​១៩៧៩ ​មក​ ហើយ​ពេល​នេះ ​គាត់​មាន​អាយុ ៦០ ​ឆ្នាំ ទៅ​ហើយ។ អ៊ី​ចឹង​គាត់​ក៏ចូល​និវន្ដន៍​តែ​ម្ដង​»៕