ភ្នំពេញៈ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​តុលាការ​រំលាយ លោក​ស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ចន្ទ​បាន​សរសេរ​លិខិត​មួយ​ ទៅ​កាន់​សហភាព​អឺរ៉ុប​ដោយ​បាន​រៀបរាប់​ពី​អ្វី​ ដែល​លោក​ស្រី​អះអាង​ថា​ មាន​ការ​កើន​ឡើង​នូវ​​ការ​​គំរាម​កំហែង​លើ​លោក​ សម រង្ស៊ី ​និង​សកម្មជន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា ​ជា​ការ​បំប៉ោ​។

នៅ​ក្នុង​លិខិតចំនួន​៣ទំព័រ​ចុះ​ថ្ងៃ​ទី​ ៤ កុម្ភៈ ​សរ​សេរ​ទៅ​កាន់​​លោក​ស្រី Federica Mogherini តំណាង​ជាន់​ខ្ពស់​សហ​​ភាព​អឺរ៉ុប​ផ្នែក​កិច្ច​ការ​បរទេស ​និង​គោល​នយោបាយ​​សន្តិសុខ និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​សហភាព​អឺរ៉ុបលោកស្រី សុខ​ហួរ បាន​និយាយ​ថា​ មាន​ការ​កើន​ឡើង​នូវ​ការ​គំរាម​កំហែង​លើ​លោក សម រង្ស៊ី ជា​ពិសេស​ ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ពី​ការ​វិល​ត្រឡប់​របស់​លោក​​ មក​កម្ពុជា​វិញ​ដោយ​មាន​ការ​ប្រកា​ស​​​ពីការ​ចាប់​ខ្លួន។

លិខិត​របស់​លោក​ស្រីសរសេរ​ថា៖ «នៅ​កម្ពុជា​ សមាជិក​បក្សប្រឆាំង​ និង​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ត្រូវ​បាន​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ ដោយ​នគរបាល ​និង​អាជ្ញាធរ​មូលដ្ឋាន។ អ្នក​ដែល​សកម្ម​នៅ​លើ​ហ្វេសប៊ុក​ត្រូវ​បាន​ព្រមាន​ ឬ​ត្រូវ​​​ចាប់​ខ្លួន​ ដោយ​សារ​តែ​មតិយោបល់​របស់​ពួក​គេ​ ដែល​គេ​យល់​ថា​​ ជា​ការ​ញុះញង់ ឬ​ជា​ព័ត៌មាន​ក្លែង​ក្លាយ»។

លោក​ស្រី​បាន​ដាក់​បញ្ចូល​ឈ្មោះ​មនុស្ស​ជាង​ ២០​ នាក់​​​ដែ​ល​លោក​ស្រី​អះអាង​ថា​ បាន​រងការ​គំរាម​ឬ​ហៅ​ទៅ​សាក​សួរ​​។ ក្នុង​ចំណោម​នេះ ​រួម​​មាន ​៧ ​នាក់​ នៅ​ខេត្ត​បាត់​ដំបង ១៦​ នាក់ ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ម្នាក់​ពី​ខេត្ត​កណ្ដាល​ និង​ការ​ផ្ទេរ​គ្រូ​បង្រៀន​ ២ ​រូប​ នៅ​ខេត្ត​កំពង់​ធំ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ការិយា​​ល័យ។ លោក​ស្រី​ក៏​បាន​ដាក់​បញ្ចូល​មន្ត្រី​ដែល​ត្រូវ​បាន​ផាកពិន័យ​រឿង​ម្រាម​ដៃ​ស្អាត​នៅ​ខេត្ត​បាត់ដំបង ការ​ចាប់​ខ្លួន​ ក្រុម​ប្រឹក្សា​ឃុំ ​​២ ​រូប​នៅ​ខេត្ត​ព្រះ​សីហនុ និង​ការ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ សកម្ម​ជន​ពី​ខេត្ត​ស្វាយ​រៀង​ឈ្មោះ​ គង់ ម៉ាស់ ផង​ដែរ។

លោក​ស្រី​សរសេរ​ថា៖ «យើង​បញ្ជាក់​សាជា​ថ្មី​ ការ​គាំទ្រ​របស់​យើង​សម្រាប់​ការ​ពិភាក្សា​រវាង​របប​លោក​ ហ៊ុន សែន និង​សហគមន៍​អន្តរជាតិ​ ក្នុង​ការ​នាំ​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រឡប់​មក​វិញ។ លោក សម រង្ស៊ី និង​សមាជិក​បក្ស​ប្រឆាំង​ទាំង​អស់​ ដែល​និរទេស​ខ្លួន​ នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​ឲ្យ​មាន​ឯកភាព​​ជាតិ​ និង​ដើម្បី​ទាមទារ​គោល​​ការណ៍​ប្រជាធិបតេយ្យ​ និង​តម្លៃ​នៃ​ពហុនិយម»។

នៅ​ពេល​ទាក់​ទង​កាល​ពីថ្ងៃ​ម្សិល​​មិញ លោក​ស្រី​ មូរ សុខហួរ មិន​បាន​ឆ្លើយ​សំណួរ​ចំៗ​ទេ ​ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក​ស្រី​ សរសេរ​លិខិត​ទៅ​សហភាព​អឺរ៉ុប។ លោក​ស្រី​បាន​និយាយ​ថា ការ​គំរាម​កំហែង និង​ការ​ចាប់​ខ្លួន​គឺ​ជា​ការ​រំលោភ​​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​ ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​លើ​សមាជិក​គណបក្ស​ប្រឆាំង។

លោក​ស្រី​បាន​បន្ត​ថា សិទ្ធិ​នយោបាយ​ ត្រូវ​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ការ​វិល​ត្រឡ​ប់​​របស់​លោក​ សម រង្ស៊ី ក៏​ជា​សិទ្ធិ​របស់​លោក​ដែរ ក្នុង​នាម​ពលរដ្ឋ​ខ្មែរ ហើយ​ការ​វិល​ត្រឡប់​នេះ ​គួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ដំណោះ​ស្រាយ​​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ។

ឧត្តម​សេនីយ៍​ឯក​ ឆាយ គឹម​ខឿន អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​​តាម​ទូរស័ព្ទ​ថា ថ្មីៗ​នេះ​ មិន​មាន​ការ​ហៅ​មក​សាក​សួរ​ លើ​សកម្ម​ជន​អតីត​គណ​បក្ស​ប្រឆាំង​ទេ ប៉ុន្តែ​កាល​ពី​ខែ​មុន​ប្រហែល​ជា​មាន​ ដោយ​សារ​តែ​ពួក​គេ​ បាន​រំលោភ​លើ​សាល​ដីកា​​របស់​តុលាការ​កំពូល​ ដែល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ថ្លែង​ថា៖ «ក៏ប៉ុន្តែ​កាល​ពី​ខែមុន​ប្រហែល​ជា​មានដោ​យសារ​គាត់​ធ្វើ​សកម្មភាព​ផ្ដេសផ្ដាស ផ្ទុយ​នឹង​សាល​ដីកា​តុលា​​​ការ។ ទាំង​អស់​​គ្នា​ដឹង​ហើយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ទៀត​ទេ។ តុលាការ​រំលាយ​ចោ​ល​ ហើយ​គាត់​ធ្វើ​សកម្មភាព​បាន​ន័យ​ថា ប្រឆាំង​នឹង​សាល​ដីកា ត្រូវ​ហៅ​មក​អប់រំ​ ព្រមាន​ ណែនាំ​អ៊ីចឹង​ហើយ មិន​មែន​ជា​ការ​គំរាម​កំហែង​ទេ​»។

ទោះ​យ៉ាង​ណា​ លោក​ថ្លែង​ថា តួលេខ​​មិន​ច្រើន​ដូច​ការ​លើក​ឡើង​​​របស់​លោក​ស្រី​សុខ​ហួរ​នោះ​ទេ ហើយ​លោក​ចាត់​ទុក​តួលេខ​ច្រើន​បែប​នេះ​ថា ​ជា​ការ​បំប៉ោង​តួលេខ ហើយ​វា​បញ្ជាក់​​ថាមាន​ការ​បំផុស​ឲ្យ​មាន​ចល​នា​​ប្រឆាំង​នឹង​ច្បាប់​នៅ​កម្ពុជា។

លោក​បន្ត​ថា៖ «ការ​ធ្វើ​ដូច្នេះ​ គឺ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ ហើយ​បើ​និយាយ​ពី​ការ​អនុវត្ត​ច្បាប់​មែន​ យើង​ត្រូវ​តែ​រៀប​ចំ​សំណុំ​រឿង​ពួក​​គាត់​បញ្ជូន​​ទៅ​​តុលាការ។ ប៉ុន្តែ​នេះ​ យើង​ចង់​បង្ហាញ​ថា​ យើង​ទន់​ភ្លន់ យើង​ដឹង​ថា​ ប្រជា​ពលរដ្ឋ​យើង​​យល់​មិន​ច្បាស់ ​អំពី​បញ្ហា​ច្បាប់​ទម្លាប់ យើង​អប់​រំ​​គាត់​មុន។ តែ​ដល់​ពេល​អប់​រំ​ហើយ​ គាត់​នៅ​តែ​ចចេស​រឹង​រូស​ អាហ្នឹង ​អនុវត្ត​តាម​ច្បាប់។ យើ​ង​ទាំង​អស់​គ្នា​ដឹង​ហើយ​ ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ វា​ខុស​ច្បាប់​ហើយ»។

ចំណែក​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​ឈឺ​ក្បាល​នឹង​អ្វី​ដែល​លោក​ស្រី មូរ សុខហួរ​ សរសេរ​ទៅ​ EU ទេ ពីព្រោះ​កម្ពុជា​ធ្វើ​ការ​ជាមួយ​កម្ពុជា។

លោក​ថ្លែង​ថា៖ «វា​ជា​សិទ្ធិ​របស់​គាត់​ ក្នុង​ការ​សរសេរ​ទៅ​អ្នក​ណា​ដែល​គាត់​ចង់។ ប៉ុន្តែ​​ EU ​មិន​មាន​អំណាច​អ្វី​ មក​លើ​កម្ពុជា​ទេ។ កម្ពុជា​ចាត់​វិធានការ​ដោយ​ផ្អែក​លើ​អង្គ​​ហេតុ​ និង​អង្គច្បាប់។ វា​គ្រាន់តែ​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​ និង​សកម្មភាព​កិច្ច​ការ​បរទេស​របស់​គាត់​ប៉ុណ្ណោះ»។

ទោះ​យ៉ាង​ណា លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ បាន​ថ្លែង​យ៉ាង​ខ្លី​ថា លិខិត​របស់​លោក​ស្រី មូរ សុខហួរ គឺ​ដើម្បី​​ជា​ការ​រំឭក​ដល់​ EU ​ថា លម្ហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ មិន​ទាន់​បើក​ចំហ​នៅ​ឡើយ​ បើ​ទោះ​បី​ជា​​​សកម្មភាព​ថ្មីៗ​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​ចាត់​ទុក​ថា «វិជ្ជមាន» ក៏ដោយ។

លោក មាស នី អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ក៏​យល់​ឃើញ​ស្រដៀង​គ្នា​ដែរ ដោយ​លោក​និយាយ​ថា លោក​ស្រី សុខហួរ ចង់​រំឭក​ដល់​ EU អំពី​ស្ថាន​​ភាព​នៅ​កម្ពុជា នៅ​ខណៈ​ដែល​ EU កំពុង​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា។

លោក​ថ្លែង​ថា៖ «វា​មិន​មែន​ជា​រឿង​ថ្មី​ទេ វា​គ្រាន់តែជា​ការបង្ហាញ​ការ​ទាម​ទារ​ដូច​អ្វី​ដែល​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ពាក់​ព័ន្ធ​នឹង EBA។ វា​ជាមធ្យោបាយ​តែ​មួយ​គត់​ដែល​គណបក្ស​ប្រឆាំង​ អាច​ធ្វើ​ដើម្បី​រំឭក​ដល់ EU»។

លោក ឯម សុណ្ណារា សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ បាន​​ថ្លែង​ថា ការ​សរសេរ​ទៅ​កាន់​​ EU ​បែប​នេះ បញ្ជាក់​ថា​ ខ្មែរ​និង​ខ្មែរ​ មិន​អាច​និយាយ​គ្នា​បាន​ ហើយ​ត្រូវ​ការ​ភាគី​ទី ៣។

លោក​បាន​​ថ្លែង​ថា៖ «ឥឡូវ​នេះ​ សង្គ្រោះ​ជាតិ​មិន​មាន​វិធី​អ្វីផ្សេង​ទេ​ដើម្បី​ទប់​លើ​ឥទ្ធិពល​គណ​បក្ស​កាន់​អំណាច។ ដូច្នេះ​វិធី​តែ​មួយ​គត់​គឺ​សរសេរ​លិខិត​ទៅ​អន្តរជាតិ ឬ​ទៅ​កាន់​យន្តការ​អង្គការ​សហប្រជាជាតិ។ នេះ​បញ្ជាក់​ពី​​ស្ថានភាព​​ ដែល​មិន​អាច​និយាយ​គ្នា​បាន​រវាង​ខ្មែរ​និង​ខ្មែរ»៕