
លោកស្រី មូរ សុខហួរ ពេលមកតុលាការក្រុងភ្នំពេញពីឆ្នាំ ២០១៧។ ហុង មិនា
ភ្នំពេញៈ លោកស្រី មូរ សុខហួរ អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងប្រតិភូអមដំណើរដែលកំណត់ចេញពីសហរដ្ឋអាមេរិកវិលមកកម្ពុជានៅថ្ងៃទី ៤ មករា នោះត្រូវលើកទៅថ្ងៃទី ១៥ មករា វិញ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍បានផ្អាកការហោះហើរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អតីតបក្សប្រឆាំងមួយនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ២ ខែមករា គឺ លោកស្រី មូរ សុខហួរ ត្រូវធ្វើដំណើរចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី ៤ មករា ប៉ុន្តែដោយសារយន្តហោះនៃក្រុមហ៊ុន Eva Airways ដែលលោកស្រីគ្រោងជិះបានផ្អាកការហោះហើរទើបត្រូវលើកពេលទៅថ្ងៃទី ១៥ ខែមករាវិញ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ករណីយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ដែលត្រូវចេញដំណើរពីសហរដ្ឋអាមេរិកនៅថ្ងៃទី ១៥ មករា មិនមានការប្រែប្រួលនោះ លោកស្រី មូរ សុខហួរ និងប្រតិភូអមដំណើរនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី ១៧ ខែមករា ម៉ោង ៥ និង ៣៥ នាទីល្ងាចតាមជើងហោះហើរលេខ SQ5008។
លោក អ៊ូ ចាន់រ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិជឿថា លោកស្រី មូរ សុខហួរ អាចវិលត្រឡប់មកកម្ពុជាវិញបាន ប្រសិនបើមានការប្តេជ្ញាចិត្តខ្ពស់។ លោកថាសម្រាប់ការលើកពេលក្នុងការធ្វើមាតុភូមិនិវត្តន៍អាចមកពីឧបសគ្គពាក់ព័ន្ធសំបុត្រយន្តហោះយឺតពេលក្នុងការចាក់ថ្នាំវ៉ាក់សាំង ឬក៏ជាប់ធ្វើចត្តាឡីស័កមុនទិញសំបុត្រយន្តហោះ។
លោកថ្លែងថា៖ «ខ្ញុំជឿថាប្រហែលជាគាត់អាចនឹងចាំរឿងវ៉ាក់សាំង ហើយមែនទែនខ្ញុំនៅតែជឿថា លោកជំទាវអាចនឹងមកកម្ពុជាវិញ ព្រោះគាត់បានប្តេជ្ញាចិត្តម្តងហើយម្តងទៀត បើសិនជាគាត់ត្រឡប់មកវិញមែន ខ្ញុំនឹងគាំទ្រគាត់ ដើម្បីឱ្យមានដំណោះស្រាយនយោបាយ ប៉ុន្តែបើគាត់ចូលមកមិនបានខ្ញុំនឹងបន្តកាន់ជំហរក្នុងការបង្កើតបក្សថ្មី។
លោក ហ៊ុន កុសល សកម្មជនអតីតបក្សសង្គ្រោះជាតិសម្តែងក្តីសោមនស្ស និងគាំទ្រចំពោះមាតុភូមិនិវត្តន៍របស់មេដឹកនាំនៃអតីតបក្សប្រឆាំងនេះ។ ប៉ុន្តែលោកគ្មានជំនឿលើពួកគេអាចទៅរួចឡើយ។
លោក កុសល ថ្លែងថា៖ «ខ្ញុំគ្មានជំនឿលើការប្តេជ្ញារបស់គាត់ទេ ព្រោះយើងដឹងទាំងអស់គ្នាហើយកាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក សម រង្ស៊ី ក៏ដូចជាលោកស្រី មូរ សុខហួរ ផ្ទាល់ ក៏ធ្លាប់បានប្រកាសប្តេជ្ញាចិត្តខ្ពស់ខ្លាំងក្លាជាងថ្ងៃទី ៤ មករា ដែលទើបតែលើកពេលថ្មីៗនេះទៅទៀត ប៉ុន្តែគម្រោងការនោះត្រូវបានបរាជ័យយ៉ាងអាម៉ាស់»។
បើតាមលោក ហ៊ុន កុសល ការលើកពេលមាតុភូមិនិវត្តន៍របស់លោកស្រី មូរ សុខហួរ ដោយហេតុផលថាគ្មានជើងយន្តហោះ គឺជារឿងមិនសមហេតុផល ព្រោះលោកសង្កេតឃើញថា ក្រុមហ៊ុនដែលហោះចូលមកកាន់កម្ពុជាមិនមែនមានតែ ១ ក្រុមហ៊ុនទេ មានក្រុមហ៊ុនជាច្រើនទៀតដែលអាចធ្វើដំណើរចូលមកកម្ពុជាបាន។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាយល់ឃើញថា ដំណើរវិលត្រឡប់ចូលស្រុកវិញរបស់លោកស្រី មូរ សុខហួរ គឺជាសកម្មភាពនយោបាយដើម្បីទាមទារសិទ្ធិសេរីភាពនយោបាយ និងចង់ឱ្យគណបក្សរបស់ខ្លួនរស់ឡើងវិញ ប៉ុន្តែគម្រោងវិលត្រឡប់នោះអាចមានបញ្ហាច្រើន។
លោក ចន្ទរឿន បានថ្លែងថា៖ «គម្រោងរបស់គាត់មកស្រុកខ្មែរ មិនមែនជាការងាយស្រួលទេ ដោយសារតែមានការប្រឈមមុខទាំងបញ្ហានយោបាយ និងបញ្ហាបច្ចេកទេស។ ជាពិសេស ការធ្វើដំណើរតាមអាកាសដែលមានការរឹតត្បិតចំនួនជើងហោះហើរមិនសូវមានច្រើន និងប្រឈមមុខបញ្ហាសុខភាពដែលបង្កដោយជំងឺកូវីដ ១៩ ជាដើម»។
លោក អំ សំអាត អនុប្រធាននៃអង្គការសិទ្ធិមនុស្ស លីកាដូ ថ្លែងថាក្នុងនាមសង្គមស៊ីវិលលោកចង់ឱ្យអ្នកនយោបាយទាំងអស់ធ្វើយ៉ាងណាឈរលើឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។ បើអាចត្រូវធ្វើការចរចា ឬដោះស្រាយតាមរបៀបណាមួយ ដោយសន្តិភាពជារឿងល្អ។
លោក សំអាត ថ្លែងថា៖ «ខ្ញុំគិតថា អ្នកនយោបាយអាចធ្វើការចរចា ឬក៏ជជែកគ្នាដោយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយដើម្បីបញ្ចប់នូវបញ្ហាទាំងអស់ដែលកើតមានឡើង។ ព្រោះកន្លងមកអ្នកដែលរងគ្រោះគឺអ្នកគាំទ្រ ឬក៏ប្រជាពលរដ្ឋស្លូតត្រង់ដែលគេយកមកធ្វើជាឧបករណ៍នយោបាយហ្នឹងឯង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា រាជរដ្ឋាភិបាលមិនផ្តល់ទិដ្ឋាការចូលស្រុក សម្រាប់អតីតមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសឡើយ ដោយសារតែមេដឹកនាំនៃអតីតបក្សប្រឆាំងនោះមិនបានទទួលស្គាល់រាជរដ្ឋាភិបាលស្របច្បាប់ដោយចោទថាជារាជរដ្ឋាភិបាលក្លែងក្លាយ។ លោកចាត់ទុកក្រុមមេដឹកនាំទាំងនោះជាក្រុមឧទ្ទាមក្រៅច្បាប់ ហើយរដ្ឋាភិបាលក៏មិនបានទទួលស្គាល់ក្រុមឧទ្ទាមក្រៅច្បាប់ទៅបង្កើតអង្គការចាត់តាំងនៅក្រៅប្រទេសថាស្របច្បាប់នោះដែរ។
មន្ត្រីនាំពាក្យរូបនេះថ្លែងថា៖ «ក្រុមឧទ្ទាមក្រៅច្បាប់អត់ទទួលស្គាល់រាជរដ្ឋាភិបាលបច្ចុប្បន្នថា ជារដ្ឋាភិបាលស្របច្បាប់ទេ។ តាំងពីក្រោយបោះឆ្នោតឆ្នាំ ២០១៨ មក ក្រុមឧទ្ទាមក្រៅច្បាប់ស្រែកថារដ្ឋាភិបាលក្លែងក្លាយ ការបោះឆ្នោតក្លែងក្លាយ»។
បើតាមលោក សុខ ឥសាន ទោះបីជាក្រុមមេដឹកនាំអតីតបក្សប្រឆាំង ប្រើលិខិតឆ្លងដែនរបស់ប្រទេសផ្សេងក៏ដោយ ពេលមកដល់កម្ពុជា ពួកគេមានសញ្ជាតិខ្មែរត្រូវក្លាយជាខ្មែរហើយ។ បើមានសំណុំរឿងយ៉ាងណានោះ តុលាការនឹងចាត់ការតាមផ្លូវច្បាប់មិនមានពាក់ព័ន្ធរាជរដ្ឋាភិបាលទេ។
លោកថា រឿងលោកស្រី មូរ សុខហួរ ធ្លាប់ជាប់ពាក់ព័ន្ធរឿងកុបកម្មតាំងពីនៅស្ពាននាគវត្តភ្នំមកម្ល៉េះ។ បើមានពាក់ព័ន្ធសំណុំរឿងចាស់នោះគាត់ត្រូវទទួលការចោទប្រកាន់ពីតុលាការទៅតាមសំណុំរឿងចាស់ រីឯដីកាកោះចូលបំភ្លឺគឺតាមសំណុំរឿងថ្មីទេ។
លោកឥសានថ្លែងថា៖ «អាហ្នឹងអាស្រ័យលើតុលាការទេ បើសិនជាមានដីកាមានការចោទប្រកាន់រួចហើយ អាហ្នឹងមកដល់សមត្ថកិច្ចគេចាត់ការហើយ។ រឿងដីកាអីយ៉ាងណានោះ គឺជារឿងទ្វេភាគីរវាងតុលាការ និងជនជាប់ចោទ អត់មានអីពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាលទេ»៕
វីដេអុ៖