ភ្នំពេញ: អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្ម៊ីត កាលពីម្សិលមិញបានសម្ដែងការបារម្ភជាថ្មីអំពី «ស្ថានភាពនយោបាយនៅកម្ពុជា» បន្ទាប់ពីមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ខណៈលោកស្រីទើបមកធ្វើទស្សនកិច្ចកម្ពុជាជាលើកដំបូង បន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌បានការពារការធ្វើវិសោធនកម្មនេះដោយសំអាងថា «ផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា»។
ថ្លែងប្រាប់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា នាទីស្ដីការក្រសួងយុត្តិធម៌លោកស្រី រ៉ូណា ស្ម៊ីត បានចាត់ទុកជំនួបនេះមានលក្ខណៈ «ស្ថាបនា» និងផ្តោតលើបញ្ហាមួយចំនួននៅកម្ពុជា ខណៈលោកស្រីក៏បានជួបពិភាក្សាការងារជាមួយមន្ត្រីនៃសាលាឧទ្ធរណ៍ផងដែរ។
លោកស្រីថ្លែងថា៖ «យើងបានពិភាក្សាបញ្ហាជាច្រើនអំពីការផ្លាស់ប្តូរច្បាប់ និងដំណើរការដែលត្រូវបានធ្វើឡើងក្រោមការងាររបស់ក្រសួងយុត្តិធម៌។...ខ្ញុំបានលើកឡើងនូវក្តីបារម្ភថាវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយ ក្នុងប្រទេសកម្ពុជាគួរត្រូវវិភាគដោយយកចិត្តទុកដាក់ជាមុនដោយការប្រឹក្សាយោបល់ដើម្បីបង្ហាញពីអនុលោមភាពតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិមុនពេលច្បាប់ណាមួយត្រូវបានអនុម័ត។ នេះជាអ្វីដែលយើងបាននិយាយទៅក្រសួងយុត្តិធម៌ និងទៅស្ថាប័នផ្សេងៗរបស់សភាពីមុន»។
ទោះយ៉ាងណាលោកស្រីក៏មិនគិតថា ការស្នើណាមួយអាច «ដោះស្រាយស្ថានភាពនយោបាយ» កម្ពុជាបានភ្លាមៗដែរ។ លោកស្រីបន្ថែមថា៖ «ខ្ញុំគិតថាមានមូលហេតុជាច្រើនដែលត្រូវបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា ហើយនោះជាអ្វីដែលខ្ញុំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីមុនៗក្នុងរយៈកាលពីប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែចុងក្រោយ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុតិ្តធម៌ដែលបានចូលរួមក្នុងជំនួបនោះដែរថ្លែងថា ភាគីទាំងពីរបានពិភាក្សាពីបញ្ហាជាច្រើន ហើយ «ចំណុចចុងក្រោយដែលគាត់លើកឡើងគឺគាត់បារម្ភពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ គាត់ឃើញមានការទិតៀនអីអ៊ីចឹងគាត់លើកឡើងពីការបារម្ភដល់ការរឹតត្បិតសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋមិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ»។
លោកបន្ថែមថា៖ «ប៉ុន្តែក្រុមការងារយើងបានពន្យល់បកស្រាយទៅវិញពីមូលហេតុ និងទឡ្ហីករណ៍ដើម្បីឲ្យគាត់បានយល់ថាហេតុអីបានជាយើងចាំបាច់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាពិសេសច្បាប់ក្រមព្រហ្មទណ្ឌដែលដាក់ទោសដល់អ្នកប្រមាថព្រះមហាក្សត្រ។ យើងបានពន្យល់ទៅគាត់ទាំងទិដ្ឋភាពសិទ្ធិមនុស្សទាំងទិដ្ឋភាពច្បាប់ជាតិរបស់យើង ទាំងទិដ្ឋភាពសង្គម ទិដ្ឋភាពវប្បធម៌ ទិដ្ឋភាពប្រវត្តិសាស្ត្រកម្ពុជា ថាតើហេតុអីចាំបាច់ក្នុងការរៀបចំនូវច្បាប់ដាក់ទោសដល់អ្នកដែលប្រមាថព្រះមហាក្សត្រ»។
ទោះបីយ៉ាងណាលោកថាលោកស្រី រ៉ូណា ស្ម៊ីត មិនបានលើកឡើងពីបញ្ហាបុគ្គលអ្នកនយោបាយអ្វីឡើយ ដោយគ្រាន់តែលើកបញ្ហាជាទូទៅប៉ុណ្ណោះ។
លោកថា៖ «គាត់មិនបានលើកយកពីករណីជាក់ស្ដែងរបស់អ្នកនយោបាយណាមួយ ឬមន្ត្រីសិទ្ធិមនុស្សណាមួយមកទេគាត់លើកជាទូទៅថា ធ្វើម៉េចដើម្បីឲ្យការកែទម្រង់ប្រព័ន្ធយុត្តិធម៌មានប្រសិទ្ធភាពជាងមុន ហើយធ្វើច្បាប់ឲ្យល្អជាងបណ្តាប្រទេសដទៃទៀតដើម្បីឲ្យប្រទេសដទៃទៀត យកគំរូតាមយើង»។
លោកបានបន្ថែមថា៖ «គាត់បានលើកពីកង្វល់របស់គាត់ក្នុងនាមជាអ្នកជំនាញ ក្នុងវិស័យសិទ្ធិមនុស្ស។ គាត់លើកកង្វល់ ហើយយើងក៏បានពន្យល់ចំពោះកង្វល់របស់គាត់ដែរ ប៉ុន្តែត្រង់ថាគាត់ទទួលយកបានប៉ុនណា យើងមិនដឹងទេ។ ប៉ុន្តែក្នុងនាមជាអ្នករៀបចំតាក់តែច្បាប់ ធ្វើវិសោធនកម្ម យើងពន្យល់ផ្អែកលើទិដ្ឋភាពរបស់កម្ពុជា សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា»។
ជាមួយគ្នានេះភាគីទាំងពីរក៏បានជជែកពីសេចក្ដីព្រាងច្បាប់ស្ដីពីការពពោះជំនួស ការពិនិត្យលទ្ធភាពសម្រាប់អ្នកទោសសហគមន៍ ការសាងសង់សាលាឧទ្ធរណ៍តំបន់ដែលពេលនេះបានចាប់ផ្ដើមនៅខេត្តបាត់ដំបង ត្បូងឃ្មុំ និង នៅខេត្តព្រះសីហនុ និងពង្រីកឲ្យបាន ៥ ខេត្តនាពេលអនាគតព្រមទាំងជជែកពីជំនួយផ្នែកច្បាប់ក្នុងការផ្តល់មេធាវីការពារក្ដីដល់ជនក្រីក្រ និងប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រដោយមិនយកកម្រៃជាដើម។
លោកថ្លែងថា៖ «អ្វីដែលជាវិជ្ជមានគឺគាត់រីករាយនឹងចូលរួមជួយក្នុងនាមគាត់ជាអ្នកជំនាញ គាត់នឹងចូលរួមផ្ដល់យោបល់ និងជួយសិក្សាស្រាវជ្រាវធ្វើម៉េចឲ្យកំណែទម្រង់របស់យើងមានប្រសិទ្ធភាពជាងមុន»។
លោកស្រី រ៉ូណា ស្ម៊ីត បានធ្វើដំណើរមកដល់កម្ពុជាកាលពីថ្ងៃចន្ទជាដំណើរទស្សនកិច្ចលើកទី ៥ មកកម្ពុជាដែលនឹងបញ្ចប់នៅថ្ងៃទី ១៤ ខែមីនាខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ច ១០ ថ្ងៃនៅកម្ពុជានេះលោកស្រីនឹងជួបមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាតំណាងអង្គការសង្គមស៊ីវិលព្រមទាំងមន្ត្រីការទូតជាដើម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានហៅដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្ម៊ីត ថាជាពេលវេលាសម្រាប់សកម្មជនសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនរាយការណ៍ជូនចៅហ្វាយនាយខ្លួន។
លោកថ្លែងតាមតេឡេក្រាមថា៖ «ការមកដល់របស់លោកស្រី រ៉ូណា ស្ម៊ីតគឺជាឱកាសដ៏ល្អសម្រាប់ក្រុមជនដែលហៅថា ជាសកម្មជនសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលត្រៀម និងប្រុងជើងការពិតទូលដល់លោកស្រីពីសភាពការណ៍សិទ្ធិមនុស្សជាបុរេវិនិច្ឆ័យថា មានលក្ខណៈតូចចង្អៀត ដូចជា ការចាប់ខ្លួនអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ២ នាក់ ការចាប់ខ្លួនអតីតមេបក្សប្រឆាំង ការរំលាយចោលអតីតបក្សប្រឆាំង ការបិទការផ្សាយកាសែតឌឹខេមបូឌាដេលី ការបិទការផ្សាយវិទ្យុក្នុងស្រុកមួយចំនួន។ល។ ដោយមិននិយាយពីអំពើប្រព្រឹត្តល្មើសច្បាប់របស់អង្គភាព និងបុគ្គលទាំងនោះឡើយ ដើម្បីឆ្លៀតរំលេចឲ្យឃើញពីកំហុសរបស់រាជរដ្ឋាភិបាល ដែលកំពុងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនោះ»។
លោកបានចោទសួរថា៖ «ប្រជាជនកម្ពុជារង់ចាំមើល តើពួកអង្គការមិនមែនរដ្ឋាភិបាល និងក្រុមជនវិភាគមិនឯករាជ្យមួយចំនួននោះនឹងរាយការណ៍មួលបង្កាច់រាជរដ្ឋាភិបាលយ៉ាងណាខ្លះជូនលោកស្រី រ៉ូណា ស្ម៊ីត ? ពេលនោះនឹងឃើញពីជំហរអព្យាក្រឹត ឬមិនអព្យាក្រឹតរបស់អស់លោកទាំងនោះមិនខាន»។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយយល់ឃើញថា៖ «វាមិនមែនជាចរិតរបស់រដ្ឋាភិបាលយើងក្នុងការសរសើរការងារ និងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សក្នុងប្រទេសរបស់យើងទេ។ រដ្ឋាភិបាលមិនមានឆន្ទៈពិចារណាអំពីលទ្ធផលដែលរកឃើញរបស់ពួកគេ និងជាញឹកញាប់រដ្ឋាភិបាលប្រតិកម្មទៅពួកគេក្នុងលក្ខណៈខឹង»៕