ភ្នំពេញៈ លោក​ស្រី រ៉ូណា ​​ស្មុីត ​អ្នក​រាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាតិ​​ ​(អសប​) ប្រចាំ​កម្ពុជា កាល​ពី​ម្សិលមិញ​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU) ​ដើម្បី​ឈ្វេងយល់​អំពី​ការងារ​របស់​ស្ថាប័ន​នេះ​ ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​​រលួយ​នៅ​កម្ពុជា​ និង​ជំរុញឲ្យ​រដ្ឋាភិបាល​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​បាន​ជោគជ័យ។

ក្នុង​ជំនួប​ជាមួយ​លោក ​ឃាង សេង ​អនុប្រធាន​អង្គភាព​ប្រឆាំង​​អំពើ​ពុករលួយ ​លោក​ស្រី រ៉ូណា ស្មុីត​ ក៏បាន​ឈ្វេងយល់​អំពី​វឌ្ឍន​ភាព​នៃ​ទិសដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​ អ.ស.ប ​យុទ្ធសាស្រ្ត​ចតុកោណ​ ព្រមទាំង​ទិសដៅ​ការអភិវឌ្ឍ ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ​ដើម្បី​កាត់បន្ថយ ​និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​សូក​ប៉ាន់​នៅ​គ្រប់​កម្រិត។

លោក​ស្រីប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​បន្ទាប់ពី​កិច្ច​ប្រជុំថា​៖ «​រដ្ឋា​ភិ​បាល​បានពន្យល់​ប្រាប់​យើង​អំពី​អ្វី ​ដែល​ខ្លួន​កំពុង​ធ្វើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។ ដូច្នេះ ​រដ្ឋាភិបាល​កម្ពុជា​អាចដឹង​បាននូវ​អ្វី​ដែលជា​យុទ្ធសាស្ត្រ​ចតុកោណ ​ព្រមទាំង​ទិសដៅ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ហើយ​រដ្ឋាភិបាល​មាន​យន្តការ​ច្រើន​ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​អំពើ​ពុករលួយ ​ធ្វើ​ការស៊ើបអង្កេត ​និង​បន្ទាប់​មក​ធ្វើការ​រាយការណ៍»។

លោក​ ឃាង សេង បាន​ប្រាប់​អ្នក​យកព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា ​លោក​ស្រី ស្មុីត ​ចង់ដឹង​អំពី​តួនាទី​របស់ ACU មាន​អ្វី​ខ្លះ​ក្នុង​ការអនុវត្ត​ច្បាប់។ ​លោក​ឲ្យដឹងថា ​លោកក៏បាន​រៀបរាប់​ប្រាប់​លោក​ស្រី រ៉ូណា ស្មុីត ​អំពី​ការធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ពុករលួយ​នា​ពេល​បច្ចុប្បន្ន ​និង​កន្លងមក ​ជាពិសេស​ការងារ​បង្ការ ​អប់រំ ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស ​និង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក ​ឃាង សេង ​បញ្ជាក់ថា ​របាយការណ៍​ខ្លះ​ដែល​ត្រូវ​ផ្ញើ​ទៅឱ្យ​ អ.ស.ប ​ទៅលើ​ចំណុច​ទី១៦ ​ដូច​មិនទាន់​មាន​នៅ​ឡើយ​ ហើយ​លោក​ស្រី​ឱ្យ ​ACU ​បំពេញ​បន្ថែម​ចំណុច​នេះ។

លោក​បញ្ជាក់ថា​៖ «ក្រៅពី​ហ្នឹង​ដូចជា​មិនអី​ទេ ​គាត់​ថា​ការងារ​របស់​យើង​ហ្នឹង​ត្រូវការ​ពេល​វេលា។ វា​ត្រូវការ​តាំងចិត្ត​គ្រប់បែប​យ៉ាង​ដើម្បី​ប្រយុទ្ធ​ប្រ​ឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​យើង​ហ្នឹង​ឱ្យមាន​ប្រសិទ្ធភាព ​និង​ជោគជ័យ​នៅ​ពេល​ខាងមុខ»។

ទាក់ទង​នឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើក​កម្ពស់​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជាមួយ ​អ.ស.ប​ លោក​ ឃាង សេង ​ថ្លែងថា ​នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​របស់​កម្ពុជា​គឺ​កម្ពុជា​អនុវត្ត​អនុសញ្ញា ​អ.ស.ប ​ប្រឆាំង​អំពើ​ពុករលួយ​ជុំ​ទី១ ​និង​ជុំទី២ ​ដែល​កម្ពុជា ​ជាសមាជិក​ អ.ស.ប ​ស្រាប់។

លោក​​បន្ថែមថា​៖ «អ្វី​ដែល​ជា​លទ្ធផល​ក្នុង​ការវាយ​តម្លៃ​ការងារ​ប្រឆាំង​អំពើ​ពុករលួយ​របស់​យើង ​ដាក់ទៅ​ក្នុង​ អ.ស.ប។ យើង​មាន​ ២ ជុំ។ ជុំ​ទី១ ​ជុំ​ទី២ ​ហើយ​ឆ្នាំនេះ​ក៏មាន ​ជុំ​ទី២ ​ដែរ ​ហើយ​គេនឹង​គ្រោង​មកធ្វើ​ការត្រួត​ពិនិត្យ​យើង​ក្នុង​ឆ្នាំ​ហ្នឹង។ យើង​ក៏​ទៅ​ត្រួត​ពិនិត្យ​គេ​ក្នុង​ឆ្នាំ​ហ្នឹង​ដែរ»។

ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​អំពី​អនុសាសន៍​លោក​ស្រី ​រ៉ូណា ស្មុីត ​ចំពោះ​កម្ពុជា ​លោក​ ឃាង សេង ​បញ្ជាក់ថា ​លោក​ស្រី​ ស្មុីត ​បាន​ផ្តាំផ្ញើ​ធ្វើ​យ៉ាងម៉េច​ឱ្យ​រដ្ឋាភិបាល​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឱ្យបាន​ជោគជ័យ ​ធ្វើ​យ៉ាង​ម៉េច​ឱ្យមាន​តម្លា​ភាព ​និង​ប្រ​សិទ្ធ​​ភាព ​និង​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​ធ្វើ​ការងារ។

លោក​ សន​ ជ័យ ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុ​ជា (ANSA​)​​ ចាត់ ទុក​ជំនួប​រវាង ACU ​និង​លោក​ស្រីស្មុីត ​ថា​មាន​សារ:​សំខាន់ ​មានភាព​ប្រសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ និង​អនុ​សាសន៏​ផ្សេងៗ​នៅកម្រិត​តំបន់​តែងតែ​ត្រូវបាន​គេដឹង ​និង​បាន​ឃើញ​។ ប៉ុន្តែ​ថា​ លោកស្រី​ចង់​ឃើញ​ការប្រយុទ្ធ​ប្រឆាំង​មួយដែល​រួមចំណែក​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​នូវ​ទម្រង់​នូវ​ការ​រំលោភ​អំណាច។

លោក​ សន​ ជ័យ បាន​លើកឡើងថា​៖ «បើ​ប្រទេស​មួយ​មានការ​ប្រឆាំង​អំពើ​ពុករលួយ​ខ្លាំងក្លា ​ស៊ីជម្រៅ​ វាអាច​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​នៃ​អភិ​បាលកិច្ច ​ការគោរព​សិទ្ធិមនុស្ស ​លទ្ធិប្រជា​ធិបតេយ្យ​ជាដើម»៕